អន្តរជាតិ
បង់​ក្លា​ដែ​ស ចង់​ឲ្យ​ចិន​ជួយ​បញ្ចុះបញ្ចូល​មី​យ៉ាន់​ម៉ា​លើ​ការធានា​សុខុមាលភាព​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​
11, Nov 2018 , 9:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ដា​ហ្កា បានស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បង្ហាញ​តួនាទី​ក្នុងការ​បញ្ចុះបញ្ចូល​រដ្ឋា​ភិ​បាល​ក្រុង​ណៃ​ពិដោរ​ឲ្យ​ធានា​ពី​ការ​ស្តារឡើងវិញ​នូវ​ស្ថានភាព​នៅក្នុង​តំបន់ ដែល​រង​ផលប៉ះពាល់​ខ្លាំង​របស់​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា និង​ជា​ជនភៀសខ្លួន​កំពុងតែ​ស្នាក់នៅ​ក្នុង​ទឹកដី​បង់​ក្លា​ដែ​ស​ឲ្យ​បាន​ឆាប់រហ័ស​។​


 
​នា​ជំនួប​ទ្វេភាគី​ក្នុង​ក្រុង​ប្រកាំង​នៅ​ថ្ងៃ​១០ វិច្ឆិកា រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដែ​ស Md Shahidul Haque បានស្នើ​ត្រង់ៗ​ចំពោះមុខ​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន លោក Kong Xuanyou ឲ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ាព​ន្លឿ​ន​ដំណោះស្រាយ​សម្រាប់​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​រាប់សិប​ម៉ឺន​នាក់ ដែល​កំពុងតែ​ទទួលបាន​ការគាំទ្រ​ដោយ​បង់​ក្លា​ដែ​ស​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Nation​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល ភាគី​បង់​ក្លា​ដែ​ស បាន​លើកឡើងថា វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា កើតចេញពី​ជម្លោះ​រវាង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​ប្រជាជន​ខ្លួនឯង​ផ្ទាល់​នោះទេ ហើយ​បង់​ក្លា​ដែ​ស ក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា គួរតែ​ចាប់ផ្តើម​នាំ​ពលរដ្ឋ​របស់​ខ្លួ​ល​ត្រលប់​ទៅ​ប្រទេស​វិញ​តាម​កិច្ចព្រមព្រៀង ដោយ​ពុំមាន​ការពន្យារពេល​ទៀត​នោះទេ​។ 
 
​ជុំវិញ​សំណើរ​បស់បង់​ក្លា​ដែ​ស ចិន មិន​ជំទាស់​ឡើយ​។ « ចិន ប្តេជ្ញា​ដើរតួនាទី​វិជ្ជមាន និង​ស្ថាបនា​ក្នុងការ​ដោះស្រាយ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា និង​សូម​សរសើរ​ចំពោះ​ជំហរ និង​ឆន្ទៈ​នយោបាយរ​បស់បង់​ក្លា​ដែ​ស​លើ​វិបត្តិ​នេះ​ផងដែរ​»​។ នេះ គឺជា​ការលើកឡើង​រប​ស់​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​តប​នឹង​ការចង់បាន​របស់​ភាគី​បង់​ក្លា​ដែ​ស​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា ក្រោយពី​វិបត្តិ​ជនភៀសខ្លួន​រ៉ូង​យ៉ា បានកើត​ឡើង​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​សបាន​ឯកភាពគ្នា​តាម​កិច្ចព្រមព្រៀង​ក្នុងការ​បញ្ជូន​ជនភៀសខ្លួន​ជាច្រើន​ដង​មកហើយ ក៏ប៉ុន្តែ បង់​ក្លា​ដែ​ស ចោទ​មី​យ៉ាន់​ម៉ា​ថា មិនសូវមាន​ឆន្ទៈ​ក្នុងការ​អនុវត្តតាម​កិច្ចព្រមព្រៀង​សោះ​។ 
 
​ត្រលប់​មកកាន់​ចិន​វិញ​។ កន្លងមក ក្នុងនាម​ជា​អ្នកជិតខាង ក៏ដូចជា​ដៃគូ​សហប្រតិបត្តិការ​ជិតស្និទ្ធ​ផង ចិន បាន​ធ្វើជា​ខ្នងបង្អែក​យ៉ាង​ម៉ាំ​សម្រាប់​មី​យ៉ាន់​ម៉ា​ពី​ការរិះគន់ និង​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ចិន ថែមទាំង​ផ្តល់​អនុសាសន៍ ក៏ដូចជា​ជ្រោមជ្រែង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ក្នុង​ការស្តា​ឡើងវិញ​នៅ​តំបន់​ដែល​រង​ផលប៉ះពាល់​ដោយសារ​ការប៉ះទង្គិច​ប្រដាប់អាវុធ​រវាង​កម្លាំង​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​៕ 
 

Tag:
 ចិន​
  បង់​ក្លា​ដែ​ស​
  មី​យ៉ាន់​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com