ជាតិ
សេដ្ឋកិច្ច
រោងចក្រ​កែច្នៃ​ដំឡូង​មី នៅ​ខេត្តក្រចេះ នឹង​ដំណើរការ​នៅ​ដើម​ឆ្នាំក្រោយ​
11, Nov 2018 , 9:59 pm        
រូបភាព
ដោយ:
​ក្រចេះ​៖ រោងចក្រ​កែច្នៃ​ដំឡូង​មី​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស្រុក​ឈ្នួល ខេត្តក្រចេះ នឹងត្រូវ​សាងសង់​រួចរាល់ និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ដើម​ឆ្នាំក្រោយ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់លោក Tse Michael Nam នាយក​ក្រុមហ៊ុន Green Leader ដែលជា​ក្រុមហ៊ុន​វិនិយោគ​គម្រោង​មួយ​នេះ​។​


 
​លោក Tse Michael Nam បាន​រាយការណ៍​ជូន​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ទីស្ដីការក្រសួង​នៅ​ថ្ងៃទី​៩​ខែវិច្ឆិកា​ថា រោងចក្រ​កែច្នៃ​ដំឡូង​មីនេះ ត្រូវបាន​សាងសង់​បាន ៧០​ភាគរយ ហើយនឹង​រួចរាល់​ដំណាច់​ឆ្នាំនេះ មុន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ដើមឆ្នាំ​២០១៩ ខាងមុខនេះ​។ 
 
​រោងចក្រ​ច្នៃ​ដំឡូង​មី នេះ​ត្រូវបាន​ក្រុមហ៊ុន ហ្គ្រី​ន លី​ឌើ​រ វិ​និ​យោ​ទឹកប្រាក់​ចំនួន ២០​លាន​ដុល្លារ​អាមេរិក ដែល​ចាប់ផ្ដើម​សាងសង់​កាលពី​ខែមេសា កន្លងទៅ​។ ក្រុមហ៊ុន​បានប្រកាសថា ក្រៅ​ខេត្តក្រចេះ ក្រុមហ៊ុន​នឹង​បង្កើត​រោងចក្រ​ច្នៃ​ដំឡូង​មីនេះ​នៅក្នុង​ខេត្ត​សក្ដានុពល​មួយចំនួនទៀត ដើម្បី​ប្រមូល​ទិញ​ដំឡូង​មី​ពី​កសិករ ធ្វើការ​កែច្នៃ​នាំចេញ​។​


 
​កម្ពុជា​បាន​ផលិត​ដំណាំ​ដំឡូង​មី​ក្នុង​មួយឆ្នាំ​ជាង ១៤​លាន​តោន ពី​ផ្ទៃដី​ដាំ​ដុះ​ជាង ៦០​ម៉ឺន​ហិកតា​។ ដំឡូង​មី​ទាំងនោះ​ភាគច្រើន​ត្រូវបាន​នាំចេញ​ទៅ​ប្រទេស​វៀតណាម និង​ថៃ ក្នុង​ទម្រង់​ជា​វត្ថុធាតុដើម មុននឹង​ត្រូវ​កែច្នៃ​បន្ត​នៅ​ប្រទេស​ទាំងនោះ​។ 
 
​លោក Tse Michael Nam ធ្លាប់​អះអាងថា នៅពេល​រោងចក្រ​របស់ខ្លួន​ដំណើរការ នោះ​កសិករ​នឹងមាន​ជម្រើស​លក់​ឲ្យ​ក្រុមហ៊ុន ដែល​នឹង​បាន​ចំណូល​ខ្ពស់ជាង​មុន ព្រោះ​មិនបាច់​ដឹកជញ្ជូន​ទៅ​ឆ្ងាយ និង​មាន​ទីផ្សារ​កាន់តែ​ទូលាយ​៕
 

Tag:
 ដំឡូង​មី​
© រក្សាសិទ្ធិដោយ thmeythmey.com