សៀមរាប៖ សិប្បកម្មតម្បាញខ្មែរបុរាណ ដែលត្បាញដោយដៃមានមិនច្រើនទេ ហើយរឹតតែតិចបំផុតសម្រាប់សហគ្រាស និងក្រុមហ៊ុនដែលវិនិយោគសិប្បកម្មមួយនេះ។ ក្រុមហ៊ុនចម្រុះសិប្បករអង្គរ ដែលគេតែងហៅថា អាទីសង់អង្គរ (Artisans Angkor) មានវត្តមានច្រើនឆ្នាំមកហើយនៅខេត្តសៀមរាប។ ក្រុមហ៊ុននេះ បានជួយស្ដ្រីខ្មែររស់នៅខេត្តសៀមរាបប្រមាណ ៨០០នាក់ឱ្យមានចំណេះជំនាញផ្នែកតម្បាញ ដែលពួកគេភាគច្រើនជាអ្នកស្រុកពួក ក្រីក្រ និងរៀនសូត្របានតិច។ ជាមួយគ្នានេះដែរ អាទីសង់អង្គរ បានដើរតួយ៉ាងសំខាន់សម្រាប់សិប្បកម្មតម្បាញខ្មែរ ដ្បិតថាក្រុមហ៊ុននេះបានជួយការត្បាញបែបបុរាណរបស់ខ្មែរ គឺការត្បាញដោយដៃឱ្យរស់ឡើងវិញ។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
អស់រយៈពេល២៦ឆ្នាំមកហើយ ដែលអាទីសង់អង្គរ មានវត្តមាន និងជួយកកាយតម្បាញបុរាណខ្មែរឱ្យមានជីវិតឡើងវិញ។ តាមពិតទៅ ពេលបង្កើតនៅឆ្នាំ ១៩៩២ ស្ថាប័ននេះមានឈ្មោះថា សាលាបណ្ដុះបណ្តាលវិជ្ជាជីវៈដែលស្ថិតក្រោមសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលយកពលរដ្ឋនៅជនបទក្នុងស្រុកពួក ខេត្តសៀមរាប ឱ្យមានចំណេះជំនាញផ្នែកសំណង់ សិល្បៈ និងសិប្បកម្ម។ ឆ្នាំ១៩៩៨ ស្ថាប័ននេះត្រូវបានដូរឈ្មោះទៅជា រោងសិប្បករអង្គរ និងឆ្នាំ២០០៣ បង្កើតជាក្រុមហ៊ុនសិប្បករអង្គរ ឬអាទីសង់អង្គរ ដែលជាសហគ្រាសចម្រុះរដ្ឋ រហូតមកដល់បច្ចុប្បន្ននេះ។
បច្ចុប្បន្នរោងសិប្បកម្មរបស់អាទីសង់អង្គរមានចំនួនពីរទីតាំង គឺទីមួយនៅស្រុកពួក និងទីតាំងទីពីរ នៅក្រុងសៀមរាប។ នៅស្រុកពួក រោងសិប្បកម្មនេះមានទំហំធំ ដោយមានទាំងទីតាំងសម្រាប់ដាំមន កន្លែងចិញ្ចឹមដង្កូវនាង តម្បាញ និងគ្រប់ចង្វាក់ផលិតកម្មតម្បាញដោយដៃ។ នៅទីតាំងនេះ ក៏បានរៀបចំជាទីតាំងទស្សនាសម្រាប់ភ្ញៀវទេសចរផងដែរ។
លោក ប៉ាវ អៀងឃ័ង នាយកផលិតកម្មសូត្រ នៃក្រុមហ៊ុនចម្រុះសិប្បករអង្គរ ឬអាទីសង់អង្គរ បានឱ្យដឹងថា នៅក្នុងស្រុកពួក កន្លែងលោកមានដីសម្រាប់ដាំដើមមនប្រហែល ៥ហិកតា។ តាមពិតទៅ ចំនួននេះមិនអាចបំពេញតម្រូវការចំពោះចង្វាក់ផលិតកម្មនៅទីនេះឡើយ គឺបានតែចំនួនតួចតែប៉ុណ្ណោះ។ ចំនួនដើមមនប្រមាណ ៥ហិកតា អាចផលិតសរសៃសូត្របានប្រមាណ ៣០០ទៅ ៤០០គីឡូក្រាមក្នុងមួយឆ្នាំ នៅពេលដែលចង្វាក់ផលិតកម្ម មានតម្រូវការរហូត ១០ ទៅ១២តោនឯណោះ។ ជាការចាំបាច់ អាទីសង់ត្រូវទិញសូត្របន្ថែមពីប្រទេសចិន និងមួយចំនួនតូចពីវៀតណាម។
ចំណែកការដាំមនដែលជាអាហារដ៏សំខាន់សម្រាប់ដង្កូវនាង ក៏ត្រូវការរើសពូជឱ្យបានត្រឹមត្រូវដែរ បើមិនដូច្នោះទេ ដង្កូវនាងមិនអាចផលិតសរសៃសូត្របានច្រើនទេ។ មនដែលអាទីសង់អង្គរជ្រើសរើសជាចំណីសម្រាប់ដង្កូវនាង គឺជាមនមានស្លឹកធំ ជាប្រភេទមនថ្មីដែលគេទើបបង្កាត់។
ការវិវត្តន៍ដង្កូវនាងមាន៥ដំណាក់កាលសំខាន់ៗ បន្ទាប់ពីពងហើយផ្តើមញាស់ជាដង្កូវ។ ដំណាក់កាលទី១ ដល់ទី៤ ដង្កូវនាងស៊ីដេកចំនួន ៤ថ្ងៃ និងដំណាក់កាលទី៥ ចំណាយពេលពី៧ទៅ៨ថ្ងៃ និងបន្ទាប់ពីនេះ ដង្កូវនាងចាប់ផ្តើមធំ វាឈប់ស៊ីស្លឹកមន និងចាប់ផ្តើមផលិតសរសៃសូត្រ។ ក្នុងមួយវដ្ដរបស់ដង្កូវនាង គឺវាប្រើពេលចំនួន ៤៧ថ្ងៃ។ ក្នុងមេអំពៅមួយ អាចពងបានចំនួន ៣០០ ហើយជាមធ្យមដង្កូវនាងស៊ីស្លឹកមនចំនួន ២៥ក្រាម ក្នុងមួយវដ្ដជីវិតរបស់វា។
ឯការចិញ្ចឹមដង្កូវក្នុងស្រុក ក៏ដូចជាខាងអាទីសង់បាននិងកំពុងធ្វើសព្វថ្ងៃ គឺជាដង្កូវដែលមានលក្ខណៈពិសេស ហើយសំបុកដង្កូវនាងចេញមកមានពណ៌លឿង ឬសូត្រមាសតែម្ដង។ លោក ប៉ាវ អៀងឃ័ង បានឱ្យដឹងថា ពូជប្រភេទនេះនៅប្រទេសក្បែរខាងគេក៏មានដែរ ឯកម្ពុជាពូជនេះមាននៅតាកែវ ភ្នំស្រុក និងតាមបណ្តោយទន្លេមេគង្គ។ យ៉ាងណា ក៏ចិញ្ចឹមដង្កូវនាងមិនមែនជារឿងងាយស្រួលឡើយ។ វាជាប្រភេទសត្វដែលមានហានិភ័យខ្ពស់ ងាយស្លាប់ និងងាយឆ្លងរោគផ្សេងៗ ដែលអាចឱ្យវាមិនអាចផលិតសរសៃសូត្របានល្អប្រសិនបើមើលថែវាមិនបានត្រឹមត្រូវ។ ដូច្នេះគេត្រូវមើលថែវាឱ្យបានដិតដល់ មិនឱ្យមានអ្វីរំខានវាឡើយ។ ដង្កូវនាង គឺជាសត្វដែលត្រូវការជីវិតរស់នៅបែបធម្មជាតិសុទ្ធសាធ។
លុះដល់ដំណាក់កាលស្រាយសូត្រ ដង្កូវនាងប្រើពេលផលិតសរសៃសូត្ររយៈពេល២០ថ្ងៃ តែគេមិនត្រូវរង់ចាំដល់២០ថ្ងៃនោះទេ មិនដូច្នោះ វាអាចធ្វើឱ្យសរសៃសូត្រផុយ ដាច់បាន។ គេអាចស្រាយសរសៃបាននៅពេលវាកំពុងផលិតរយៈពេល៤ ឬ៥ថ្ងៃ អំឡុងពេលនោះ គឺសរសៃសូត្រល្អ។ តែមុនស្រាយ គេយកវាទៅចំហុយសិន ដើម្បីរក្សាគុណភាព និងហាលវាទុកឱ្យស្ងួតដើម្បីរក្សាគុណភាណទុកបានយូរ។ គេក៏អាចយកមកស្រាយភ្លាមៗ ដោយមិនបាច់ចំហុយបានផងដែរ។ ការស្រាយនេះ បែងចែកជា២ គឺការស្រាយយកសរសៃធំ និងសរសៃតូច។ ក្នុងសំបុកនាងមួយ អាចផលិតសរសៃសូត្របានប្រហែល ៣០០ទៅ៤០០ម៉ែត្រ តែបើការចិញ្ចឹមបែបបច្ចេកទេសមានចំណីគ្រប់គ្រាន់ និងការថែរក្សាបានល្អ អាចមានប្រវែងដល់ ៧០០ម៉ែត្រ។
បន្ទាប់ពីស្រាយ និងដើម្បីចង់បានសូត្រស្វិតទុកបានយូរ គេត្រូវយកសរសៃសូត្រទៅវៃ បន្ទាប់មកគេយកសរសៃទៅច្រលុកពណ៌។ ការច្រលុកពណ៌នេះដើម្បីបំពេញតម្រូវការអតិថិជន ដែលចង់បានពណ៌ប្លែកៗ តែអ្នកខ្លះក៏ស្រឡាញ់សូត្រដែលមានពណ៌ធម្មជាតិផងដែរ។ ក្រោយច្រលុកពណ៌រួច គេយកវាទៅសម្ងួត ចាក់ធ្មេញ ថ្ករ និងដំឡើងលើកី ចងកៀតសម្រាប់ត្បាញ។ល។ តាមការបញ្ជាក់របស់លោក ប៉ាវ អៀងឃ័ង ដំណាក់កាលចងកៀត ជាដំណាក់កាលដែលលំបាកបំផុតក្នុងការផលិតសូត្រខ្មែរ ព្រោះវាត្រូវបានប្រើពេលយូរ ដើម្បីចងទៅតាមក្បាច់ដែលបានគូស។
តាមការសិក្សារបស់អ្នកជំនាញសូត្រ លោក ប៉ាវ អៀងឃ័ង បានឱ្យដឹងថា សូត្រមានប្រវត្តិដំបូងនៅប្រទេសចិន ហើយខ្មែរបានស្គាល់សូត្រដំបូងតាមរយៈអ្នកជំនួញជនជាតិចិន ក្នុងអំឡុងស.វទី៣។ ហើយសម័យនោះ មានតែព្រះមហាក្សត្រ មន្ត្រីតែប៉ុណ្ណោះដែលប្រើប្រាស់សូត្រ ព្រោះវាមានតម្លៃថ្លៃ។ តាមឯកសារប្រវត្តិសាស្ដ្រ ខ្មែរអាចផលិតសូត្របានដោយខ្លួនឯងនៅស.វទី៧ ដោយមានការដាំមន និងចិញ្ចឹមដង្កូវនាង។ លោក ប៉ាវ អៀងឃ័ង ថា សូត្ររបស់ខ្មែរមានគុណភាព និងសោភ័ណភាពស្អាត។ លក្ខណៈពិសេសរបស់សូត្រខ្មែរគឺស្វិត និងអាចបោកទឹកបាន។
មានសំណួរជាច្រើនបានចោទសួរអាទីសង់អង្គរ ពីមូលហេតុដែលក្រុមហ៊ុននេះបន្តអភិរក្សការត្បាញដោយដៃ។នាយកផលិតកម្មសូត្រ នៃក្រុមហ៊ុនចម្រុះសិប្បករអង្គរ លោក ប៉ាវ អៀងឃ័ង បានឱ្យដឹងថា គោលបំណងសំខាន់របស់អាទីសង់អង្គរ គឺចង់ជួយស្ដ្រីដែលមានចំណេះដឹងតិចតួចឱ្យមានការងារធ្វើនៅក្បែរផ្ទះពួកគេ ងាយស្រួលឱ្យពួកគេរស់នៅជិតគ្រួសារ។ ការណ៍នេះ បានធ្វើឱ្យអាទីសង់អង្គរសង់រោងតម្បាញចំនួន ១០ នៅតាមបណ្ដាភូមិក្នុងស្រុកពួក ដើម្បីសម្រួលដល់ស្ដ្រីឱ្យមានការងារធ្វើក្បែរ ដោយមិនបាច់ចំណាកស្រុក។
ដើម្បីផ្សព្វផ្សាយតម្បាញសូត្រដល់បរទេសបានដឹង អាទីសង់អង្គរ ក៏បានរៀបចំឱ្យមានកន្លែងឱ្យភ្ញៀវចូលទស្សនា ដើម្បីស្វែងយល់ពីចង្វាក់ផលិតកម្មក្នុងរោងតម្បាញផងដែរ។ ភ្ញៀវទេសចរអាចចូលទស្សនាដោយសេរីនៅកន្លែងដាំមន កន្លែងចិញ្ចឹមដង្កូវនាង រោងតម្បាញ។ល។ ដោយមានមគ្គុទេ្ទសក៍ខាងអាទីសង់នាំផ្លូវ និងធ្វើបទបង្ហាញដល់ទេសចរគ្រប់ជាតិសាសន៍ដែលអញ្ជើញទៅដល់ផងដែរ។ តាមតួលេខ ក្នុងមួយថ្ងៃមានទេសចរប្រមាណ ១៤០០នាក់ ដែលចូលទៅទស្សនាក្នុងរោងសិប្បកម្មតម្បាញសូត្ររបស់អាទីសង់អង្គរដែលស្ថិតនៅស្រុកពួក។
ទន្ទឹមនឹងជួយពលរដ្ឋក្រីក្រឱ្យមានការងារធ្វើសមរម្យហើយនោះ អាទីសង់អង្គរក៏ត្រូវបានគេចាត់ទុកថា បានជួយតម្បាញបុរាណខ្មែរឱ្យរស់ឡើងវិញផងដែរ។ លោក ប៉ាវ អៀងឃ័ង ចាត់ទុកការលើកឡើងនេះថាពិតជាត្រឹមត្រូវ ដ្បិតអាទីសង់អង្គរបន្តត្បាញសូត្រដោយដៃ ទោះបច្ចុប្បន្នមានម៉ាស៊ីនជំនួសក៏ដោយ។ លោកបន្ដថា អាទីសង់អង្គរចង់បន្ដនិរន្ដរភាពនេះ និងបានជួយទិញផលិតផលសូត្រពីអ្នកភូមិដើម្បីលើកស្ទួយស្នាដៃរបស់ខ្មែរ។ ទិសដៅរបស់អាទីសង់អង្គរ គឺរក្សាសិប្បកម្មតម្បាញនេះឱ្យនៅស្ថិតស្ថេរសម្រាប់កូនខ្មែរជំនាន់ក្រោយ៕