អន្តរជាតិ
ការស្ទង់មតិ​៖ មាតា​ភាគច្រើន​ថា នៅផ្ទះ​មើល​កូន​លំបាក​ជាង​ទៅធ្វើ​ការ​ពេញ​ម៉ោង​
11, Nov 2018 , 4:43 pm        
រូបភាព
ដោយ: ធីតា
​អ្នកណា​ថា នៅផ្ទះ​មើល​កូន​មិនមែនជា​ផ្នែក​មួយ​នៃ​ការងារ​? ការយល់​បែបនេះ គឺ​ខុសស្រឡះ​ទាំងស្រុង ពីព្រោះថា ការមើល​ថែកូន​នៅផ្ទះ លំបាក​ជាង​ធ្វើការ​ពេញ​ម៉ោង​ទៅទៀត​។ នេះ​ជា​លទ្ធផល​នៃ​ការស្ទង់មតិ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​លក់​ផលិតផល​ក្មេង​ដ៏​ល្បីឈ្មោះ AVEENO Baby​។​

 
​ឪពុកម្តាយ​៣១​ភាគរយ យល់ស្រប​ចំពោះ​ការ​លើកឡើងថា ធ្វើ​ការងារ​នៅផ្ទះ​លំបាក​ជាង​ការងារ​នៅតាម​ស្ថាប័ន ក្រុមហ៊ុន សហគ្រាស ហើយ​៥៥​ភាគរយ បញ្ជាក់ថា កាន់តែ​លំបាក​បំផុត​នោះ គឺ​នៅផ្ទះ​មើល​កូន ហើយ​២០​ភាគរយ​ទៀត មិន​លាក់បាំង​ទេ​ថា មើល​កូន​ពិតជា​ការងារ​ដ៏​សែន​លំបាក បើទោះបីជា​ពួកគាត់​ស្រឡាញ់​កូន​ខ្លាំង​យ៉ាងណាក៏ដោយ​។​
 
​បើតាម​លទ្ធផល​នៃ​ការសិក្សា​ថ្មី​នេះ វា​មិនសូវ​ជាមាន​បញ្ហា​ចោទ​ប៉ុន្មាន​នោះឡើយ​សម្រាប់​គ្រួសារ​ដែលមាន​បទពិសោធន៍ ប៉ុន្តែ​សម្រាប់​គូ​ស្វាមីភរិយា​ដែល​ទើប​មានកូន​ដំបូង ជាពិសេស​ស្ត្រី​ជា​ម្តាយ កិច្ច​ការមើល​កូន​នេះ ស្មុ​គ្រ​ស្មាញ​ជាង​អ្វីៗ​ទាំងអស់​។​
 
​ជាមួយគ្នានេះ ស្វាមីភរិយា​តិចតួច​បំផុត​ដែល​បាន​អះអាងថា ខ្លួន​អាច​មើល​កូន​ដោយ​មិនចាំបាច់​ទទួល​ដំបូន្មាន​ពី​ម្តាយ​របស់ខ្លួន​។ ទោះបីជា​យ៉ាងណាក៏ដោយ ពួកគាត់​នៅតែ​បង្ហាញ​នូវ​ក្តីរំភើប​របស់ខ្លួន ចំពោះ​ការ​មានកូន​លើកដំបូង​។​
 
​របាយការណ៍​ស្ទង់​មតិ​លើកឡើងថា​៖ «​ពេល​ក្លាយជា​ឪពុកម្តាយ វា​ជា​ពេលវេលា​ដ៏​រំភើប​មួយ ដោយ​អ្នកទទួលបាន​បទពិសោធ​ន៍ និង​ការ​ប្រឈម​ថ្មី ប៉ុន្តែ​អ្នក​ត្រូវមាន​ការបារម្ភ​គ្រប់ពេល​ចំពោះ​កូន ទាក់ទង​នឹង​ចំណីអាហារ និង​ការទប់ស្កាត់​ជំងឺ​ផ្សេងៗ​។ រាល់​ការសម្រេច​អ្វីមួយ​សុទ្ធតែ​ឆ្លងកាត់​ការស្រាវជ្រាវ និង​គិតគូរ​យ៉ាង​ដិតដល់​បំផុត​»​។​
 
​ទៅធ្វើ​ការ ឬ​មើល​កូន​? ឪពុកម្តាយ​ថ្មីថ្មោង​៤២​ភាគរយ អះអាងថា ពួកគាត់​ពិត​មាន​ក្តីរំភើប​ការ​ប្រឡូក​ក្នុង​ការងារ​មើល​កូន​ដ៏​សែន​ស្មុ​គ្រ​ស្មាញ ពីព្រោះ​វា​ក្តី​ស្រឡាញ់​ដែល​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់​។ អ្នក​ខ្លះទៀត ឆ្លើយថា ពិតជា​ពេញចិត្ត​មើល​កូន ប៉ុន្តែ​មិន​គេច​ផុតពី​ភាព​រអ៊ូ​រទាំង​នោះឡើយ​៕
 

Tag:
 ​ថែ​ទាំង​កូន​
© រក្សាសិទ្ធិដោយ thmeythmey.com