ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មូលហេតុ​ញឹកញាប់ ដែល​ធ្វើ​ឲ្យ​ក្រចកដៃ​អ្នក​ទៅជា​ពណ៌​លឿង​
12, Nov 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រហែលជា​អ្នក​ធ្លាប់​អាន​អត្ថបទ​របស់​យើងខ្ញុំ​ច្រើនដង​ហើយ​ថា ពណ៌​របស់​ក្រចកដៃ​អាច​បង្ហាញ​អំពី​រឿង​ជាច្រើន​អំពី​អ្វីៗ​ដែល​កើតឡើង​ក្នុង​រាងកាយ​។ ពិតណាស់ វា​មានរឿង​ដែល​កើតឡើង​ខុស​ប្រក្រតី​ហើយ​បើសិនជា​ក្រចក​អ្នក​ប្រែ​ទៅជា​លឿង​ដូច្នេះ​។



ខាងក្រោម​នេះ​គឺជា​ហេតុផល​ញឹកញាប់​មួយចំនួន​ដែល​អាចធ្វើ​ឲ្យ​ក្រចកដៃ​អ្នក​ប្រែ​ទៅជា​លឿង​ខុសធម្មតា​៖

​ការប្រើ​ទឹក​ប៉ូ​លា​ក្រចក​ជាប់​

​វា​គឺជា​រឿង​សប្បាយ​ដែរ​ក្នុងការ​ផ្លាស់ប្តូរ​ពណ៌រ​បស់​ក្រចក​ជា​ទៀងទាត់​ទៅតាម​អ្វីដែល​អ្នក​ចង់បាន​។ ប៉ុន្តែ​វា​មិនមែនជា​រឿង​ល្អ​ទាំងអស់​ឡើយ​ដែល​អ្នក​ត្រូវ​លាបថ្នាំ​ក្រចក​ជាប់​រហូត​នោះ​។ នេះ​ដោយសារតែ សារធាតុ​គីមី​របស់​ថ្នាំលាបក្រចក​នោះ ជាពិសេស​ថ្នាំ​ដែលមាន​ពណ៌​ចាស់​ខ្លាំង អាចធ្វើ​ឲ្យ​មាន​ស្នាម​ឆ្នូត​ពណ៌​លឿង​នៅសល់​ជាប់​បាន​។ ចូរ​កុំ​បារម្ភ​អី​ដោយសារតែ​ការចេញ​ជា​លឿង​ក្រចក​បែបនេះ​កើតឡើង​ដោយសារ​ថ្នាំលាប ហើយក៏​គ្មានអ្វី​គ្រោះថ្នាក់​ដែរ​។ 

​ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត​នៅ​ក្រចក​
 
​មេរោគ​ផ្សិត​រស់នៅ​ធម្មតា​លើ​រាងកាយ​យើង​។ វា​មិន​ត្រូវបាន​គេ​ដឹងថា​ធ្វើ​ឲ្យ​មាន​បញ្ហា​អ្វី​ឡើយ​លុះត្រាតែ​វា​មានការ​លូតលាស់​ខ្លាំង​មិនអាច​គ្រប់គ្រង​បាន​។ មេរោគ​ផ្សិត​ក៏ត្រូវ​បាន​គេ​រកឃើញ​នៅលើ​ក្រចក​ដែរ ហើយ​ការលូតលាស់​ខ្លាំងក្លា​របស់​វា​អាច​បង្ក​ជា​ជំងឺ​លើ​ក្រចក​ថែមទៀត​។ បើសិនជា​អ្នកមាន​ជំងឺ​នេះ ក្រចក​ងាយ​នឹង​ចេញ​ជា​ពណ៌​លឿង ដែលមាន​លក្ខណៈ​ឆ្នូតៗ ឬ​អ៊ុចៗ​។ ពេលខ្លះ​ក្រចក​ទាំងមូល​ទៅជា​លឿង​តែម្តង​ក៏មានដែរ​។ អាកា​រៈ​ផ្សេងៗ​ទៀត​មានដូចជា ក្រចក​ទៅជា​ក្រាស និង​មាន​ក្លិនស្អុយ​។ 

​កង្វះ​ជីវជាតិ​

​គ្រូពេទ្យ​និយាយថា ពណ៌​របស់​ក្រចក​ពេលខ្លះ​អាច​បញ្ជាក់ថា មនុស្ស​ម្នាក់​នោះ​កំពុងតែ​កង្វះ​ជីវជាតិ ឬ​ជាតិ​រ៉ែ​។ ឧទាហរណ៍ ក្រចក​ដែលមាន​ពណ៌​លឿង​គឺ​ច្រើនតែ​ជាការ​កង្វះ​វីតាមីន B12 ឬ​កង្វះ​ជាតិ​ស័​ង្គ​សី​។ ដូច្នេះ​ករណីនេះ ពេលខ្លះ​ថ្នាំ​បំប៉ន​អាចជួយ​បាន ប៉ុន្តែ​អ្នក​ក៏ត្រូវ​តែមាន​តុល្យភាព​លើ​ការ​ទទួលទាន​អាហារ​មាន​ជីវជាតិ​ដែរ​។ 

​មាន​ជំងឺ​
 
​មាន​ជំងឺ​ពាក់ព័ន្ធ​មួយចំនួន​ដែល​ត្រូវបាន​គេ​ដឹងថា​ធ្វើ​ឲ្យ​ក្រចក​ប្រែ​ទៅជា​ពណ៌​លឿង​។ ជំងឺ​មួយ​ក្នុងចំណោម​នោះ​គឺជា​ជំងឺ​ទឹកនោមផ្អែម​តែម្តង​។ ការពិត​នោះ​គឺថា ជំងឺ​នេះ​អាចធ្វើ​ឲ្យ​ខ្សោយ​របត់​ឈាមរ​ត់ទៅ​ចុងដៃចុងជើង ដែលជា​ហេតុ​នាំ​ឲ្យ​ក្រចក​កង្វះ​អុកស៊ីសែន និង​ជីវជាតិ​ដែល​វា​ត្រូវការ​ដើម្បី​មាន​សុខ​ភាពល្អ​។ 
 
​អ្នកជំនាញ​និយាយថា ការដែល​ក្រចក​ទៅជា​ពណ៌​លឿង​អាច​ដោយសារតែ​បញ្ហា​ណាមួយ​នៅលើ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ដែរ​។ បញ្ហា​សុខភាព​ជាច្រើន​ដែល​ទាក់ទង​នឹង​ឈាម បេះដូង និង​សួត​ក៏ត្រូវ​បាន​គេ​ដឹងថា អាចធ្វើ​ឲ្យ​ក្រចក​ប្រែ​ទៅជា​លឿង​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com