ជាតិ
សង្គមជាតិ
ក្រសួង​វប្បធម៌ ប្រាប់​អ្នកនិពន្ធ​បទ «​ឈឺ​ណាស់​» ដែល​ចម្លង​ពី​ថៃ ឲ្យ​គិតពី​តម្លៃ​ខ្លួន
12, Nov 2018 , 12:04 pm        
រូបភាព
រូបភាព​បទចម្រៀង​
រូបភាព​បទចម្រៀង​
ដោយ:
​ភ្នំពេញ​៖ ក្រោយ​ពីបទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា «​ឈឺ​ណាស់​» ដែលជា​លំនាំ​ដើម​ពីបទ​ថៃ កំពុងមាន​ការរិះគន់​យ៉ាង​ចាស់ដៃ ពី​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ណែនាំ​ឲ្យ​អ្នកនិពន្ធ ត្រូវ​គិតពី​តម្លៃ និង​កិត្តិនាម​របស់​ខ្លូន​ឯង​ជាមុនសិន មុននឹង​និពន្ធ​បទ​ចម្រៀង​នេះ​ឡើង​។


 
​លោក ថៃ នរៈ​សត្យា បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​យើង​មិន​បន្ទោស​អ្នកនិពន្ធ​ទេ តែ​យើង​មានតែ​ណែនាំ​ហើយ​ណែនាំ​ទៀត ដើម្បី​ឲ្យ​ពួកគេ​ភ្ញាក់រលឹក​ឡើងវិញ​ថា​អ្វី​ទៅជា​របស់​ខ្លួនឯង និង​ជា​របស់គេ​។ គួរតែ​គិតពី​អ្វី​ដែលជា​ឯករាជភាព មោទកភាព និង​តម្លៃ​នៃ​ការ​តែង​និពន្ធ​បទ​ចម្រៀង​របស់​ខ្លួនឯង​ផង​។ បើ​ចម្លង​គួរ​ណាស់​ចម្លង​ពីបទ​ចម្រៀង​ដើម​ដែលជា​មរតក​របស់​ខ្មែរ​ជំនាន់​មុន ហើយ​យកមក​កែច្នៃ​ឡើងវិញ ទើប​ជា​រឿង​ល្អ​»​។ 
 
​អ្នកនាំពាក្យ​រូបនេះ ណែនាំ​ឲ្យ​អ្នកនិពន្ធ​បទ​ចម្រៀង​ខ្មែរ ត្រូវតែ​យល់ដឹង​ពី​តម្លៃ​នៃ​ការ​តែង​និពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ការរិះគន់​ពី​សាធារណជន ដែល​ធ្វើ​ឲ្យ​ការ​តែង​និពន្ធ​មានការ​ធ្លាក់ចុះ ហើយ​អ្នកនិពន្ធ​ក៏ត្រូវ​គិតពី​សេចក្តីថ្លៃថ្នូរ​របស់ខ្លួន​ផងដែរ​។ លោក បន្ថែម​បែបនេះ​ថា​៖«​ជា​អ្នកនិពន្ធ​គួរ​ណាស់​គោរព​អ្វី​ដែលជា​របស់​ខ្លួនឯង​ជាមុនសិន  ទើប​មាន​គេ​គោរព និង​ផ្តល់​តម្លៃ​នូវ​ស្នាដៃ​របស់​យើង​»​។​ 
 
​យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​ខាងលើ គ្រាន់តែ​ប្រើពាក្យ​ណែនាំ​ប៉ុណ្ណោះ តែ​ពុំបាន​លើកឡើង​ពី​វិធានការ​ចំពោះ​បទ​ចម្រៀង​នេះ​ទេ​។ ​បទ​ចម្រៀង «​ឈឺ​ណាស់​» ដែល​និពន្ធ​ដោយ​លោក សុខ​លីម រក្សា និង​ច្រៀង​ដោយ​កញ្ញា គ្រីប លក្ខិណា ជា​បទ​ចម្រៀង​មាន​លំនាំ​ដើម​ពីបទ​ថៃ ដែលមាន​ចំណងជើង​ថា «​ថ្ងូរ​ហៅ​ឈ្មោះ​បង​» ដែល​ប​ង្ក្រ​ប់​អត្ថន័យ​បែប​ស្រៀវ​ស្រើប​នេះ ក៏មាន​ការរិះគន់​ពី​ប្រជាជន​ថៃ​ផងដែរ​៕  

Tag:
 ​ចម្រៀង​
  ថៃ នរៈ​សត្យា​
© រក្សាសិទ្ធិដោយ thmeythmey.com