កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo និយាយការពារ Higuain ដែលបានកាតក្រហម ព្រោះស្រែកដាក់អាជ្ញាកណ្តាល
× Gonzalo Higuain ទាត់បាល់ពិន័យប៉េណាល់ទីមិនបានសម្រេច ហើយថែមទាំងត្រូវបានបណ្តេញចេញពីទីលានថែមទៀតក្នុងជំនួបទល់នឹងក្រុមចាស់ Juventus ដែល AC Milan បរាជ័យក្នុងផ្ទះដោយលទ្ធផល ២-០ នាការប្រកួតក្របខណ្ឌអ៊ីតាលី Serie A នៅរាត្រីថ្ងៃ ទី១១ ខែវិច្ឆិកា។ ការទទួលបានកាតក្រហមបែបនេះ Cristiano Ronaldo បាននិយាយការពារ Higuain ដោយរំពឹងថានឹងមិនមានការដាក់ពិន័យច្រើនជាងនេះ។
ខ្សែប្រយុទ្ធ Mario Mandzukic ជាអ្នករកគ្រាប់បាល់នាំមុខឲ្យក្រុមភ្ញៀវ Juventus តាំងពី៨នាទីដំបូងដើមតង់ទីមួយ មុនពេល Higuain ទទួលបានឱកាសស៊ុតបាល់ពិន័យប៉េណាល់ទី១១ម៉ែត្រ តែមិនបានសម្រេច។ Ronaldo បានបន្ថែម១គ្រាប់ទៀតនៅនាទី៨១ ដើម្បីជួយក្រុមយកឈ្នះ AC Milan ២-០ មុន Higuain បានកាតក្រហមបន្ទាប់ពីមិនពេញចិត្តនឹងការពិន័យកាតលឿងនិងថែមទាំងស្រែកដាក់អាជ្ញាកណ្តាលទាំងកម្រោល។
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន បានផ្លាស់ពីក្រុមសេះបង្កង់ ទៅចូលរួមជាមួយក្រុមថ្មី AC Milan ក្នុងលក្ខខណ្ឌខ្ចីជើងទាំងមិនពេញចិត្តកាលពីដើមរដូវកាលថ្មីនេះ បន្ទាប់ពីមានវត្តមាន Cristiano Ronaldo ចូលមក។ ជុំវិញការផ្ទេនេះ Higuain បង្ហាញអារម្មណ៍មិនពេញចិត្ត ដោយសារភាពថា ខ្លួនត្រូវបានគេបង្ខំឲ្យចាកចេញពីក្រុមម្ចាស់ជើងឯកអ៊ីតាលី Serie A ដើម្បីពួកគេមានឱកាសនាំយកម្ចាស់ពានរង្វាន់ Ballon d'Or ៥សម័យ និងជាអតីតមិត្តរួមក្រុមចាស់ Real Madrid មករួមក្រុមវិញ។
ក្រុមជំនួបរវាង AC Milan និង Juventus នៅទឹកដី San Siro កាលពីយប់មិញ អតីតខ្សែប្រយុទ្ធ Napoli វ័យ៣០ឆ្នាំរូបនេះបានបញ្ចេញកាយវិការមួរម៉ៅច្រើននៅពេលប៉ះទង្គិចគ្នាម្តងៗ។ អ្វីដែលកត់សម្គាល់នោះក្រោយទទួលបានកាតក្រហម Higuain បានស្រែកដាក់លោកអាជ្ញាកណ្តាលខ្លាំងៗ និងប្រើកាយវិការមិនសមរម្យដោយក្រវៀសដៃ Ronaldo ចេញថែមទៀតនៅពេលខ្សែប្រយុទ្ធសញ្ជាតិព័រទុហ្គាល់ព្យាយាមទៅសម្របសម្រួល។
ទង្វើរបស់ Higuain អាចនឹងត្រូវដាក់ពិន័យបន្ថែមទៀត ក្រៅពីការពិន័យកាតក្រហម។
យ៉ាងណាក៏ដោយ Ronaldo ដែលជាអតីតមិត្តរួមក្រុមជាមួយ Higuain នៅទឹកដីអេស្ប៉ាញបាននិយាយការពារមិត្តរួមក្រុមចាស់ថា មិនគួរមានការដាក់ពិន័យឲ្យធ្ងន់ធ្ងរលើរូបគេឡើយ។
«ខ្ញុំបានប្រាប់គាត់ (Higuain) ឲ្យស្ងប់ស្ងាត់ហើយបន្ធូរបន្ថយអារម្មណ៍អំឡុងពេលប៉ះគ្នាលើទីលាន ដើម្បីកុំឲ្យសកម្មភាពនោះកាន់តែអាក្រក់។ គាត់មិនបានធ្វើអ្វីច្រើនទេ គាត់គ្រាន់តែខឹងខ្លាំងនៅពេលចាញ់ការប្រកួតនោះប៉ុណ្ណោះ ហើយខ្ញុំសង្ឃឹមថាគាត់នឹងមិនទទួលទណ្ឌកម្មខ្លាំងពេកទេ»។ ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំប្រាប់ Sky Sport ដូច្នេះ។
Ronaldo រកបាន៨គ្រាប់ហើយឲ្យ Juventus សម្រាប់ការប្រកួតក្នុងលីគរដូវកាលនេះ ដោយតាមពីក្រោយ Krzysztof Piatek ខ្សែប្រយុទ្ធរបស់ Genoa ដែលរកបាន៩គ្រាប់៕
Tag:
បាល់ទាត់
Gonzalo Higuain
Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com