កីឡាជាតិ
ជាតិ
AFF Suzuki Cup៖ Honda នឹង​ដឹកនាំ​ក្រុម​កម្ពុជា​ក្នុងជំនួប​ជាមួយ​មី​យ៉ាន់​ម៉ា​ល្ងាច​នេះ
12, Nov 2018 , 2:32 pm        
រូបភាព
ដោយ:
ក្រោយ​អាក់ខាន​ដឹកនាំ​ក្រុម​ក្នុងជំនួប​ដំបូង​ជាមួយ​ម៉ាឡេស៊ី​កាលពី​សប្តាហ៍​មុន លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា នឹងមាន​វត្តមាន​ក្នុងជំនួប​ជាមួយ​មី​យ៉ាន់​ម៉ា​នៅ​ល្ងាច​នេះ​។ ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ត្រូវ​ប្រជែង​តទល់​ជាមួយ​ក្រុម​មី​យ៉ាន់​ម៉ា សម្រាប់​ជំនួប​វគ្គ​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​១២ ខែវិច្ឆិកា នា​កីឡដ្ឋាន Mandalarthiri Stadium នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។ 

 
​ក្រោយ​អវត្តមាន​ក្នុងជំនួប​ដំបូង ដោយសារ​ជាប់​ភារកិច្ច​ជួយ​ក្រុម Melbourne Victory អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Keisuke Honda បាន​ចាក​ចេញពី​អូស្ត្រាលី​ទៅកាន់​ទីក្រុង Mandalay ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្នុងជំនួប​តទល់​ជាមួយ​មី​យ៉ាន់​ម៉ា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Felix Dalmas គ្រូបង្វឹក​ជម្រើសជាតិ​ក​ម្ពុ​ជា​។​
 
«​លោក Keisuke Honda នឹងចូលរួម​ជាមួយ​ពួកយើង​មុន​ការប្រកួត​មកដល់​។ គាត់​តែងតែ​នៅ​ជាមួយ​ក្រុម​ជានិច្ច​តាមរយៈ​ការជួប​ផ្ទាល់ ឬ​វីដេអូ​។ តាមរយៈ​ការទំនាក់ទំនង​របស់​យើង ធ្វើ​ឲ្យ​គាត់​ដឹង​គ្រប់យ៉ាង​ពី​ស្ថានភាព​ហ្វឹកហាត់​របស់​ក្រុម​។ ពិតណាស់​បើ​គាត់​មាន​វត្តមាន​ផ្ទាល់ វា​កាន់តែ​ល្អប្រសើរ​»​។ ការលើកឡើង​បែបនេះ​របស់លោក Felix ធ្វើឡើង​នា​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ 
 
​តាមរយៈ​ការប្រកួត​ជាមួយ​ម៉ាឡេស៊ី លោក Felix មើលឃើញថា កម្ពុជា​នៅមាន​ចំណុច​ខ្វះខាត​មួយចំនួន ដែល​ត្រូវ​កែតម្រូវ​។ តែ​យ៉ាងណា​លោក​រំពឹងថា កម្ពុជា​នឹងធ្វើ​ល្អ សម្រាប់​ជំនួប​នៅ​ល្ងាច​នេះ​។ «​យើង​ចង់ឱ្យ​កីឡាករ​យល់​ពី​គំនិត ដែល​យើង​កំពុង​ព្យាយាម​ធ្វើ​។ យើង​មានឱកាស​មួយចំនួន​នៅក្នុង​ការប្រកួត​ដំបូង តែ​យើង​នៅ​ខ្សោយ​ត្រង់​បញ្ចប់​ទី​»​។ នេះ​ការបន្ថែម​របស់លោក Felix​។ 
 
​ជាមួយគ្នានេះ កីឡាករ ហុង ផេង បាន​និយាយថា ក្រុម​មី​យ៉ាន់​ម៉ា​មាន​កីឡាករ​ល្អៗ​ពោរពេញ​ដោយ​សមត្ថភាព​ច្រើន​។ តែ​រូបគេ​ហាក់​មិន​ព្រួយបារម្ភ​ចំពោះ​បញ្ហា​នេះឡើយ អ្វីដែល​សំខាន់​កម្ពុជា​ធ្វើការ​ជា​ក្រុម​។ «​យើង​ដឹង​ហើយ​ថា មី​យ៉ាន់​ម៉ា​មាន​កីឡាករ​ជើង​ខ្លាំង​ច្រើន តែ​យើង​មិន​ខ្វល់​ពួកគេ​មានឈ្មោះ​អ្វី​នោះទេ សំខាន់​យើង​នឹង​ការងារ​ជា​ក្រុម​ឲ្យ​បានល្អ​»​។ នេះ​ការលើកឡើង​របស់​កីឡាករ ហុង ផេង ឆ្លើយ​នឹង​សំនួរ​របស់​អ្នកសារព័ត៌មាន​មី​យ៉ាន់​ម៉ា ដែល​សួរ​ពី​កីឡាករ​គ្រោះ​របស់​មី​យ៉ាន់​ម៉ា សម្រាប់​កម្ពុជា​។​
 
​សម្រាប់​ការប្រកួត​ដែល​រៀបចំ​នៅ​កីឡដ្ឋាន Mandalarthiri Stadium ប្រទេស​មី​យ៉ាន់​ម៉ា​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ វា​ការជួបគ្នា​លើក​ទី​១៤​រវាង​ក្រុម​ទាំងពីរ​។ សម្រាប់​១៣​ប្រកួត​កន្លងមក​កម្ពុ​ជា​ធ្លាប់​យកឈ្នះ​មី​យ៉ាន់​ម៉ា​១​លើក និង​ស្មើ​១​លើក ក្រៅពីនេះ​បរាជ័យ​ទាំងអស់​៕  
 

Tag:
 ​បាល់ទាត់​
  AFF Suzuki Cup
  ជម្រើសជាតិ​កម្ពុជា​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com