ជាតិ
អភិបាលខេត្ត ជឿថា លោក សូរ ប្លា​តុង នឹង​ដឹកនាំ​ស្រុក​ប្រាសាទបាគង​ល្អ​ដូច​ក្រុង​សៀមរាប​
12, Nov 2018 , 8:59 pm        
រូបភាព
លោក សូរ ប្លាតុង (ស្តាំ) និង លោក នួន ពុទ្ធារ៉ា នាពិធីឡើង​កាន់តំណែង
លោក សូរ ប្លាតុង (ស្តាំ) និង លោក នួន ពុទ្ធារ៉ា នាពិធីឡើង​កាន់តំណែង
​សៀមរាប​៖ ត្រឹម​រយៈពេល​១០​ថ្ងៃ ក្រោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្ដីពី​ការផ្លាស់ប្ដូរ និង​តែងតាំង​អភិបាលក្រុង​សៀមរាប​រួចមក នៅ​ថ្ងៃទី ១២ វិច្ឆិកា​នេះ កម្មវិធី​ប្រកាស​ចូលកាន់​មុខតំណែង​ថ្មី ត្រូវបាន​រៀបចំ​ធ្វើជា​ផ្លូវការ​ហើយ​។ លោក នួន ពុទ្ធា​រ៉ា ឡើង​ពី​នាយក​រដ្ឋបាល​ខេត្តសៀមរាប មកកាន់​តំណែង​អភិបាលក្រុង​សៀមរាប​ថ្មី ជំនួស​លោក សូរ ប្លា​តុង ដែល​ត្រូវ​ប្តូរ​ទៅជា​គណៈ​អភិបាលស្រុក​ប្រាសាទបាគង ជំនួស​អភិបាលស្រុក​ចាស់​ដែល​ដល់​អាយុ​ចូលនិវត្តន៍​។​

 
​កម្មវិធី​ពីរ​ត្រូវបានធ្វើ​ក្នុង​ថ្ងៃ​តែមួយ គឺ​ការប្រកាស​តែងតាំង​អភិបាលស្រុក​ប្រាសាទបាគង​ថ្មី និង​ទី​ពីរ គឺ​ការផ្លាស់ប្ដូរ និង​តែងតាំង​អភិបាលក្រុង​សៀមរាប​ថ្មី​។ កម្មវិធី​នេះ​ធ្វើឡើង​ក្រោម​វត្តមាន លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​។​


 
​ក្នុង​ពិធី​ប្រកាស​តែងតាំង​អភិបាលក្រុង​សៀមរាប​ថ្មី ដោយ​លោក នួន ពុទ្ធា​រ៉ា ចូលមក​កាន់​ការងារ​ជំនួស​លោក សូរ ប្លា​តុង ដែល​ត្រូវ​ដូរ​ទៅ​ស្រុក​ប្រាសាទបាគង អភិបាលខេត្ត​សៀមរាប​បាន​ពន្យល់ថា ការផ្លាស់ប្ដូរ​នេះ​មិនមែន​មានន័យថា អភិបាលក្រុង​ចាស់​មាន​កំហុសឆ្គង​ក្នុង​អាណត្តិ​ធ្វើការ​របស់លោក​ឡើយ​។ ផ្ទុយទៅវិញ តាម​ការលើកឡើង​រប​ស់លោក ឃឹម ប៊ុន​សុង ក្នុង​អាណត្តិ​ការងារ​របស់លោក សូរ ប្លា​តុង ជា​អភិបាលក្រុង​សៀមរាប លោក​បាន​បំពេញការងារ​យ៉ាង​ល្អ និង​គួរ​យក​គំរូ​តាម​។ លោក​អភិបាល​បន្ថែមថា ស្រុក​ប្រាសាទបាគង​ជា​ក្រុង​រណប​របស់​ខេត្តសៀមរាប ហើយ​ត្រូវការ​បុគ្គល​ដែលមាន​សមត្ថភាព និង​បទពិសោធន៍​ទៅគ្រប់​គ្រង ដើម្បី​ចូលរួម​អភិវឌ្ឍន៍​តំបន់​នេះ​ឱ្យ​កាន់តែខ្លាំង​ឡើង​។​


 
​គួរ​បញ្ជាក់ថា លោក សូរ ប្លា​តុង ឡើងជា​អភិបាលក្រុង​សៀមរាប​បាន​មួយ​អាណត្តិ​ដែលមាន​រយៈពេល ៤​ឆ្នាំ ដែល​ត្រូវ​បានបញ្ចប់​នៅ​ថ្ងៃទី​២១ តុលា ឆ្នាំ​២០១៨​។ ជាទូទៅ អាណត្តិ​មន្ត្រីរាជការ​អាច​កាន់​កិច្ចការ​មុន​ដល់​អាយុ​ចូលនិវត្តន៍ ត្រឹម​ពីរ​អាណត្តិ ហើយ​អាណត្តិ​ទាំងនោះ​អាច​រក្សាទុក ផ្លាស់ប្តូរ និង​ការបញ្ឈប់​។ នេះ​ជាការ​លើកឡើង​របស់លោក អភិបាលខេត្ត​សៀមរាប​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com