អន្តរជាតិ
លោក ពូទីន ថា ជារឿងវិជ្ជមានដែលអឺរ៉ុបចង់បានទាហានខ្លួនឯង ប្រធានាធិបតីបារាំង, អធិការបតីអាល្លឺម៉ង់ និងប្រធានាធិបតីរុស្ស៊ីក្នុងពិធីខួបទី១០០ ថ្ងៃបញ្ចប់សង្រ្គាមលោកលើកទី១ នៅទីក្រុងប៉ារីស (រូបភាព AFP)
× ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបង្ហាញជំហរគាំទ្រអឺរ៉ុបដែលចង់មានយោធាផ្ទាល់ខ្លួន ហើយឈប់ពឹងផ្អែកលើអាមេរិកទៀត។ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ជាអ្នកលើកឡើងពីគម្រោងរបស់អឺរ៉ុបក្នុងការពង្រឹងឯករាជ្យលើវិស័យការពារជាតិរបស់តំបន់មួយនេះ ប៉ុន្តែបំណងនេះត្រូវបានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ខ្លាំងទៅវិញ។ ពីទឹកដីបារាំង លោក ពូទីន យល់ឃើញថា គម្រោងរបស់អឺរ៉ុបជារឿងវិជ្ជមានសម្រាប់ពិភពលោក។
បំណងរបស់អឺរ៉ុបដែលចង់បានយោធាផ្ទាល់ខ្លួន បានក្លាយជារឿងចម្រូងចម្រាស់ថ្មីក្នុងទំនាក់ទំនងអឺរ៉ុប និងអាមេរិក។ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដែលជាអ្នកផ្ដួចផ្ដើមគំនិតនេះ ចង់ឃើញអឺរ៉ុបមានឯករាជ្យផ្នែកយោធា និងមិនចង់ពឹងអាស្រ័យលើកម្លាំងទ័ពរបស់អាមេរិកទៀតឡើយ។ សម្រាប់មេដឹកនាំបារាំងរូបនេះ កម្លាំងទ័ពថ្មីនឹងជួយអឺរ៉ុបការពារខ្លួនពីការគំរាមកំហែងនានាពីរុស្ស៊ី ចិន និងសូម្បីអាមេរិកផង។
ខណៈលោក ត្រាំ មិនពេញចិត្តនឹងការលើកឡើងរបស់លោក ម៉ាក្រុង នោះ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ហាក់គ្មានការព្រួយបារម្ភអ្វីឡើយ។ ខណៈអឺរ៉ុបចាត់ទុករុស្ស៊ីជាការគំរាមកំហែង លោក ពូទីន យល់ឃើញថា បំណងរបស់អឺរ៉ុបមិនមែនជារឿងមិនសមហេតុផលឡើយ ហើយវាក៏ជារឿងវិជ្ជមានសម្រាប់ពិភពលោកពហុប៉ូលដែរ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន RT ប្រធានាធិបតីរុស្ស៊ីបញ្ជាក់ដូច្នេះថា អឺរ៉ុបជាមហាអំណាចសហភាពសេដ្ឋកិច្ចមួយ ហើយវាជារឿងធម្មជាតិដែលអឺរ៉ុបចង់ឯករាជ្យ និងអធិបតេយ្យក្នុងវិស័យសន្តិសុខ និងការពារជាតិ។ លោក ពូទីន ដែលស្ថិតក្នុងទឹកដីបារាំងដើម្បីចូលរួមពិធីខួបទី១០០ ថ្ងៃបញ្ចប់សង្គ្រាមលោកលើកទី១ ចាត់ទុកបំណងរបស់អឺរ៉ុបដែលចង់បង្កើតកម្លាំងយោធាផ្ទាល់ខ្លួនជាដំណើរការវិជ្ជមានសម្រាប់ពិភពលោក ។
មហិច្ឆតារបស់បារាំងដែលលែងចង់ពឹងផ្អែកលើសម្ព័ន្ធមិត្តនៅម្ខាងមហាសមុទ្រអាត្លង់ទិក រងប្រតិកម្មខ្លាំងពីក្រុងវ៉ាស៊ីនតោន។ មុនធ្វើដំណើរទៅដល់បារាំងនៅចុងសប្ដាហ៍មុន លោក ត្រាំ បានហៅសម្ដីរបស់លោក ម៉ាក្រុង ជាការមាក់ងាយអាមេរិកយ៉ាងធ្ងន់ធ្ងរ។ ជំនួសឲ្យការបង្កើតទ័ពផ្ទាល់ខ្លួន លោក ត្រាំ ចង់ឲ្យអឺរ៉ុបបង្កើនការចំណាយសម្រាប់សម្ព័ន្ធយោធាណាតូវិញ ព្រោះអាមេរិករែកពុនម្នាក់ឯងច្រើនណាស់នាពេលកន្លងមក។
ទោះបានឆ្លើយឆ្លងគ្នាមួយប្រាវក្ដី មេដឹកនាំបារាំង និងអាមេរិកបានព្យាយាមលុបបំបាត់ភាពខ្វែងគំនិតគ្នានេះ ពេលជួបគ្នាទល់មុខនៅប៉ារីស។ ទាំងលោក ម៉ាក្រុង ទាំងលោក ត្រាំ បានយល់ស្របលើគំនិតដែលអឺរ៉ុបកាន់តែរឹងមាំ និងចាត់ទុកការទាស់គំនិតគ្នាលើការបង្កើតកងទ័ពនេះ ជាការយល់ច្រឡំប៉ុណ្ណោះ។ យ៉ាងណាមិញ ភាគីទាំងពីរនៅតែមិនត្រូវគ្នាលើការចំណាយសម្រាប់ណាតូ ខណៈលោក ម៉ាក្រុង នៅតែចិញ្ចឹមចិត្តចង់បានកងទ័ពរបស់អឺរ៉ុបដដែល៕
Tag:
បារាំង
រុស្ស៊ី
អាមេរិក
វ្ល៉ាឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com