ស្ករត្នោត​GI កំពង់ស្ពឺ មាន​តម្រូវការ​ច្រើន តែ​ខ្វះ​កម្លាំង​ពលកម្ម​ផលិត​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ស្ករត្នោត​GI កំពង់ស្ពឺ មាន​តម្រូវការ​ច្រើន តែ​ខ្វះ​កម្លាំង​ពលកម្ម​ផលិត​
12, Nov 2018 , 10:19 pm        
រូបភាព
​កំពង់ស្ពឺ​៖ ស្ករត្នោត​កំពង់ស្ពឺ ទទួលបាន​ឋានៈ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ ឬ​ហៅ​កាត់​ថា​ជា​ស្ករត្នោត GI ចាប់តាំងពី​ឆ្នាំ​២០១០ មក​ម្លេះ​។ ហើយ​ផលិតផល​នេះ ទទួល​ការគាំទ្រ​ខ្លាំង គឺ​ចាប់ពី​ឆ្នាំ​២០១៥ ដែល​ធ្វើ​ឲ្យ​កសិករ​អ្នក​ឡើងត្នោត ទទួលបាន​ផល​កម្រៃ​កាន់តែ​ប្រើ​សើរ​ពី​មុខរបរ​របស់ខ្លួន​។ ដោយសារ​ភាពល្បីល្បាញ ការបញ្ជាទិញ​ស្ករត្នោត GI ក៏​កាន់តែ​កើនឡើង ដែល​មួយឆ្នាំ​ប្រមាណ ៣០០​តោន   តែ​ការផ្គត់ផ្គង់​បាន​ចំនួន ២៥០​តោន​ប៉ុណ្ណោះ​។ ការផលិត​ស្ករត្នោត GI របស់​កម្ពុជា ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម ពិសេស​កម្លាំង​ពលកម្ម​ក្មេងៗ​។


 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក សំ សារឿន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ ដូចតទៅ​នេះ​៖
 


 
​បើតាម​លោក សំ សារឿន អ្នក​ផលិត​ស្ករត្នោត​GI  សព្វថ្ងៃ​មាន​ចំនួន ១៧៨​គ្រួសារ ដែល​សុទ្ធសឹងតែ​ជា​កម្លាំង​ពលកម្ម​ចាស់ៗ​ចាប់ពី​អាយុ ៤០​ឆ្នាំ​ឡើងទៅ​។ ក​ម្លាំ​ពលកម្ម​យុវជន ហាក់​មិន​ចាប់អារម្មណ៍​នឹង​មុខរបរ​ឡើងត្នោត​នេះ​ទេ ដែល​ចោទ​ជា​ក្ដីបារម្ភ​ចំពោះ​ការបង្កើន​បរមាណ​ផលិត​ឲ្យ​ទាន់​ទីផ្សារ​។ លោក សារឿន ប្រាប់ថា ក្នុង​មួយឆ្នាំ​កសិករ​ឡើងត្នោត​រកចំណូលបាន​ប្រមាណ ២៥០០​ដុល្លារ ទៅ​ជាង ៤០០០​ដុល្លារ​។ ក្នុង​មួយឆ្នាំ​សម្រាប់​ស្ករត្នោត​GI គឺ​កសិករ​ប្រមូល​ផល​ពី​ខែធ្នូ រហូតដល់​ខែឧសភា​។ កសិករ​អាច​លក់​ស្ករ​ប្រភេទ​នេះ​ក្នុង​មួយ​គីឡូក្រាម​ជាង ៥០០០​រៀល ធៀប​នឹង​ស្ករត្នោត​ធម្មតា​ថ្លៃ​ត្រឹម ៣០០០​រៀល​។​
 
​លោក សំ សារឿន លើកឡើងថា បញ្ហា​កម្លាំង​ពលកម្ម​នេះ ប្រឈម​ទី​១​គឺ​កសិករ ចាស់ៗ​មិន​បង្កើន​សន្ទុះ​ផលិត​ឲ្យ​ខ្លាំង និង​ទី​២​កង្វះ​ពលកម្ម​ក្មេងៗ​។ លោក សំ សារឿន អះអាងថា សមាគម​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​ក្រុមហ៊ុន​ដែល​ទទួល​ទិញ ឲ្យ​ដំឡើងថ្លៃ​បន្តិចទៀត និង​រក​វិធិ​កាត់បន្ថយ​ថ្លៃដើម​ផលិត​របស់​កសិករ ដើម្បី​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​កាន់តែច្រើន​ក្នុង​មុខរបរ​មួយ​នេះ​។ សមាគម​បាន សហការ​ជាមួយ​អង្គការ​នានា​ធ្វើ​ចង្ក្រាន​ដែល​ប្រើប្រាស់​អុស​តិច​ជូន​កសិករ ៕

Tag:
 ស្ករត្នោត​
  សំ សារឿន​
© រក្សាសិទ្ធិដោយ thmeythmey.com