អន្តរជាតិ
លោក លី សៀន​ឡុង​៖ សមាជិក​បក្ស​កាន់អំណាច​ធ្វើ​នយោបាយ​ដើម្បី​ជាតិ មិនមែន​ដើម្បី​ខ្លួនឯង​ឡើយ​
12, Nov 2018 , 10:39 pm        
រូបភាព
ដោយ:
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង នៅ​ពី​ថ្ងៃទី​១១ ខែវិច្ឆិកា បាន​លើកឡើងថា ប្រជាជន​សិង្ហ​បុរី​ត្រូវ​ដឹងថា  រាល់​សមាជិក​គណបក្ស​សកម្មភាព​ប្រជាជន (PAP) គឺ​ពុំ​ធ្វើ​នយោបាយ​ដើម្បី​ប្រយោជន៍​របស់​ពួកគេ​នោះទេ ប៉ុន្តែ​ដើម្បី​បម្រើ​ជាតិ​។

 
​ថ្លែង​នៅក្នុង​សន្និសីទ​របស់​គណបក្ស  PAP កាលពី​ថ្ងៃទី​អាទិត្យ លោក លី សៀន​ឡុង​ដែលមាន​តួនាទី​ជា​អគ្គលេខាធិការ​បក្ស​កាន់អំណាច  បាន​គូសបញ្ជាក់ថា ប្រជាជន​សិង្ហ​បុរី​ត្រូវមាន​ទំនុកចិត្ត​ថា បក្ស​កាន់អំណាច​មាន​សមាជិក​ទាំងអស់ ដែលមាន​សមត្ថភាព​កាច់ចង្កូត​សិង្ហ​បុរី​ឆ្ពោះទៅមុខ​បាន​។  
 
​បើតាម​សារព័ត៌មាន Channel NewsAsia  លោក លី បាន​អះអាង​បែបនេះ​៖ «​ប្រជាជន​ត្រូវ​ដឹងថា  សមាជិក​នៃ​បក្ស​កាន់អំណាច  PAP  ដែលមាន​ទាំង​ស្ត្រី​និង​បុរស  គឺ​ចូលធ្វើ​នយោបាយ​ដើម្បី​បម្រើ​ជាតិ  ប៉ុន្តែ​មិនមែន​ដើម្បី​ផលប្រយោជន៍​របស់​ពួកគេ​នោះឡើយ​»​។ 
 
​ទន្ទឹមនឹងនេះ  លោក លី ដែលជា​កូនប្រុស​របស់​បិតា​សិង្ហ​បុរី លី ក្វាន់​យូ  បានកត់សម្គាល់​ទៀតថា  ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ  បក្ស​កាន់អំណាច​របស់លោក  ត្រូវតែមាន​ប្រមុខ​ដឹកនាំ​ល្អៗ​។  ក្នុងនោះ​ក៏​រួមបញ្ចូល រាល់​សមាជិក​បក្ស​ទាំងអស់  ដែល​រាប់​ចាប់ពី សកម្មជន​សាខា​បក្ស , សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​កណ្តាល (CEC) ដែលជា​ស្ថាប័ន​កំពូល​មួយ​របស់​បក្ស​កាន់អំណាច​, អគ្គលេខាធិការ​បក្ស និង​ប្រធាន​បក្ស​ជាដើម​។ 
 
​ក្នុង​សន្ទរកថា​ដដែល​នេះ  នាយករដ្ឋមន្ត្រី​សិង្ហ​បុរី  វ័យ ៦៦​ឆ្នាំ​រូបនេះ ក៏បាន​គូសបញ្ជាក់​ទៀតថា បក្ស​កាន់អំណាច ត្រូវតែ​ស្វែងយល់​ពី​កង្វល់​របស់​ប្រជាជន​សិង្ហ​បុរី  ព្រមទាំង​បង្ហាញ​ពួកគេ​ថា  សមាជិក​បក្ស​ទាំងអស់​កំពុងធ្វើកា​រយ៉ា​ង​សកម្ម ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ​ជូន​ដល់​ប្រជាជន​។  
 
​ត្រង់នេះ លោក លី បាន​បកស្រាយ​យ៉ាង​ដូច្នេះ​៖ «​ប្រសិនបើ​យើង​ស្វែងយល់​ពី​កង្វល់​របស់​ប្រជាជន​បានច្បាស់លាស់ នោះ​យើង​អាចឆ្លើយតប និង​ធ្វើការ​ជាមួយ​ពួកគេ ដើម្បី​ដោះស្រាយ​ក្តីបារម្ភ​ជាក់លាក់​ទាំងនោះ  ហើយ​និង​ផ្តល់​ទំនុកចិត្ត​ដល់​ពួកគេ​ថា ទាំងអស់គ្នា យើង​អាចធ្វើ​រឿង​គ្រប់យ៉ាង​បានល្អ​ប្រសើរឡើង​»៕
 

Tag:
 សិង្ហ​បុរី​
  លី​សៀន​ឡុង​
  គណបក្ស​កម្លាំង​ប្រជាជន​(PAP)
© រក្សាសិទ្ធិដោយ thmeythmey.com