កីឡាអន្តរជាតិ
អន្តរជាតិ
តៃវ៉ាន់ នឹងធ្វើ​ប្រជាមតិ​រឿង​ឈ្មោះ​ក្នុង​កីឡា ព្រោះ​មិន​ចង់​ឲ្យ​គេ​ហៅ «​ឆាយ​នី​ស​តៃប៉ិ​» ឡើយ​
12, Nov 2018 , 11:19 pm        
រូបភាព
រូបភាព South China Morning Post
រូបភាព South China Morning Post
​ពលរដ្ឋ​តៃវ៉ាន់ នឹង​បោះឆ្នោត​នៅ​ចុងខែ​វិច្ឆិកា​នេះ​ដើម្បី​សម្រេច​ថា ពួកគេ​គួរប្រើ​ឈ្មោះ «​តៃវ៉ាន់​» ដើម្បី​ប្រកួត​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្ដៅ​ឆ្នាំ​២០២០ និង​ព្រឹត្តិការណ៍​ផ្សេងទៀត ឬ​យ៉ាងណា​។ ការបោះឆ្នោត​ប្រជាមតិ នឹងធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ក្ដៅស្លឹកត្រចៀក​មិន​ខាន ព្រោះ​ជាការ​ប៉ុនប៉ង​ផ្ដាច់ខ្លួន​ជា​ផ្លូវការ និង​អាច​បង្ក​ជា​បញ្ហានយោបាយ​ក្នុងស្រុក​ផង​។ កាន់តែ​សំខាន់​នោះ តៃវ៉ាន់​ក៏ត្រូវ​បញ្ចុះបញ្ចូល​គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ (IOC) ឲ្យ​ទទួលស្គាល់​ការផ្លាស់ប្ដូរ​នេះដែរ​។​

 
​តៃវ៉ាន់​កំពុងតែ​ធ្វើ​ឲ្យ​ចិន​មិន​សប្បាយចិត្ត​ហើយ​តាមរយៈ​គម្រោង​ប្រជាមតិ​ប្ដូរ​ឈ្មោះ​របស់ខ្លួន​។ នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ប្រជាជន​តៃវ៉ាន់​នឹង​បោះឆ្នោត​ដើម្បី​សម្រេច​ថា តៃវ៉ាន់​គួរ​ចូលរួម​ប្រកួត​ក្នុង​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ នៅ​ជប៉ុន ឬ​កម្មវិធី​អន្តរជាតិ​ដោយ​ប្រើប្រាស់​ឈ្មោះ «​តៃវ៉ាន់​» ជាង​ប្រើ​ឈ្មោះ «​ឆាយ​នី​ស​តៃប៉ិ​» ឬ​យ៉ាងណា​។ ប្រជាមតិ​ប្ដូរ​ឈ្មោះ​នេះ ជា​របៀបវារៈ​មួយ​ក្នុងចំណោម​ប្រជាមតិ​១០​ទៀត ដែល​ធ្វើឡើង​ស្របពេល​ការបោះឆ្នោត​តំបន់​ដែរ​។​
 
​ឈ្មោះ​ឆៃ​នី​ស​តៃវ៉ាន់ ត្រូវបាន​ប្រើ​សម្គាល់​តៃវ៉ាន់​ក្រោយ​កិច្ចព្រមព្រៀង Lausanne ប្រទេស​ស្វ៊ី​ស​ក្នុង​ឆ្នាំ​១៩៨១ ។ នេះ​ក៏​ព្រោះតែ​ចិនដីគោក ចាត់ទុក​តៃវ៉ាន់​ជា​ដែនដី​របស់ខ្លួន​ដដែល បន្ទាប់ពី​ក្លាយជា​តំណាង​ស្របច្បាប់​របស់​ចិន​ក្នុង​ឆ្នាំ​១៩៧១ ។ ចាប់ពីពេលនោះ ក្រុង​ប៉េកាំង​បាន​ជំទាស់​ការប្រើប្រាស់​ឈ្មោះ​ផ្លូវការ​របស់​តៃវ៉ាន់​ជា «​សាធារណរដ្ឋ​ចិន​» រហូត​ទទួលជោគជ័យ​ក្នុងការ​កែប្រែ​ទៅជា «​ឆៃ​នី​ស​តៃប៉ិ​» ដោយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​តែម្ដងទៅ​។​
 
​អ្នកនាំពាក្យ​ក្រុមកីឡា​អូឡាំពិក​តៃវ៉ាន់​ឆ្នាំ​២០២០ លោក Yoshi Liu និយាយថា យើង​ចង់​កែប្រែ​ឈ្មោះ​ដែល​រឹតត្បិត​ការចូលរួម​របស់​តៃវ៉ាន់​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​។ លោក​ចាត់ទុក​សកម្មភាព​របស់ IOC ជា​រឿង​អយុត្តិធម៌​ដែល​តម្រូវ​ឲ្យ​តៃវ៉ាន់​ចូលរួម​ក្នុង​កម្មវិធី​កីឡា​ធំៗ​ដោយ​ប្រើប្រាស់​ឈ្មោះ​ឆៃ​នី​ស​តៃប៉ិ តែ​មិនមែន​សាធារណរដ្ឋ​ចិន ឬ​តៃវ៉ាន់​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​ហុងកុង South China Morning Post ថ្ងៃទី​១១ ខែវិច្ឆិកា​។​
 
​យុទ្ធនាការ​ផ្លាស់ប្ដូរ​ឈ្មោះ​នេះ ដែល​ចាប់ផ្ដើម​តាំងពី​ខែមករា ប្រមូលបាន​ហត្ថលេខា​ចំនួន​៤៣០០០០ ដែល​ច្រើន​ជាការ​កំណត់​របស់​ច្បាប់ ដែល​តម្រូវ​ឲ្យ​មាន​ត្រឹម​២៨១៧៤៥ នាក់​។ បើ​អ្នកបោះឆ្នោត​យល់ព្រម​ប្ដូរ​ឈ្មោះ​មែន រដ្ឋាភិបាល​តៃវ៉ាន់​ត្រូវ​រៀបចំ​ច្បាប់​មួយ​ឲ្យ​ស្របតាម​លទ្ធផល​ប្រជាមតិ​។ យ៉ាងណាមិញ ដោយសារ​ប្រជាមតិ​ដូរ​ឈ្មោះ​មិន​ត្រូវការ​ច្បាប់​ថ្មី ឬ​កែប្រែ​ច្បាប់​មាន​ស្រាប់​នោះ ក្រុង​តៃប៉ិ​ត្រូវ​រៀបចំ​ការចរចា​ជាមួយ IOC វិញ​។​
 
​យ៉ាងណាមិញ តៃវ៉ាន់​ត្រូវ​ជួប​បញ្ហាលំបាក​នៅ IOC នេះ ដ្បិត IOC ធ្លាប់​ប្រាប់​តៃវ៉ាន់​ហើយ​ថា ខ្លួន​មិន​អនុញ្ញាត​ឲ្យ​តៃវ៉ាន់​ប្ដូរ​ឈ្មោះ​ឡើយ​។ ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​តៃវ៉ាន់ Lin Hong-dao និយាយថា IOC នឹង​កោះប្រជុំ​នៅ​ដំណាច់ខែ​នេះ​ដើម្បី​សម្រេច​ថា ត្រូវ​បញ្ចប់​ប្រតិបត្តិការ​របស់​តៃវ៉ាន់​ឬ​យ៉ាងណា ក្នុងករណី IOC រកឃើញថា ប្រជាមតិ​នៅ​តៃវ៉ាន់​ជា​យុទ្ធនាការ​នយោបាយ​សំដៅ​បំពាន​ប្រតិបត្តិការ​របស់ IOC ៕
 

Tag:
 តៃវ៉ាន់​
  ចិន​
  IOC
© រក្សាសិទ្ធិដោយ thmeythmey.com