កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
ក្រោយឈ្នះជើងឯក F1ជាលើកទី៥ Hamilton ជួយ Mercedes ឈ្នះពានគ្រឿងចក្រថែមទៀត
× Lewis Hamilton នៅតែអាចឈ្នះក្នុងការប្រជែងនៅទីលានប្រទេសប្រេស៊ីល Brazilian Grand Prix បើទោះបីខ្លួនបានឈ្នះជើងឯកក្នុងព្រឹត្តិកាណ៍ប្រណាំងរថយន្តលំដាប់ពិភពលោក Formula One រដូវកាល២០១៨ នេះដោយស្វ័យប្រវត្តិរួចហើយក្តី។ ជ័យជន្នះនេះក៏បាននាំឲ្យក្រុមហ៊ុនប្រណាំងរបស់ Mercedes ឈ្នះជើងឯកផ្នែកគ្រឿងចក្រផងដែរ។
អ្នកប្រណាំងរថយន្ត F1 ឬកាំជ្រួចលើផ្ទៃរាប របស់អង់គ្លេសវ័យ៣៣ឆ្នាំរូបនេះ ទទួលជ័យជម្នះនៅទឹដីប្រេស៊ីលនេះដោយសំណាងប៉ុណ្ណោះ បន្ទាប់ពីកីឡាករ Max Verstappen របស់ក្រុម Red Bull ដែលកំពុងនាំមុខគេបានបាត់បងឱកាសដោយសារប៉ះទង្គិចគ្នាជាមួយកីឡាករ Esteban Ocon។
យ៉ាងណាក៏ដោយការប្រកួតនេះជាការប្រកួតបង្ក្រប់កិច្ចប៉ុណ្ណោះ ដ្បិត Hamiton បានក្លាយជាជើងឯក Formula One ជាលើកទី៥របស់គេរួចទៅហើយតាំងពីការប្រណាំងនៅទីលានទី១៩នៅទឹកដីម៉ិកស៊ិក Mexican Grand Prix ដោយទទួលបានពិន្ទុសរុប ៣៥៩ នាំមុខគូប្រជែង Sebastian Vettel ឈរលំដាប់លេខ២ ដោយមាន២៩៤ ខណៈការប្រកួតសល់តែ២លើក។
ក្នុងចំណោមការប្រកួត២០លើកកន្លងមកគិតទាំងលើកនេះ Hamilton បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១រហូតដល់ទៅ១០លើក ដោយទទួលបានពិន្ទុសរុប ៣៨៣ ក្នុងតារាង Formula One World Championship ឆ្នាំ២០១៨ ហើយ Sebastian Vettel ដែលបើកបរឲ្យក្រុម Ferrari ឈរលំដាប់លេខ២ ដោយមាន៣០២ពិន្ទុ Kimi Räikkönen មាន ២៥១ពិន្ទុ Valtteri Bottas មាន២៣៧ពិន្ទុ Max Verstappen មាន ២៣៤ពិន្ទុ Daniel Ricciardo មាន១៥៨ពិន្ទុ Nico Hülkenberg មាន៦៩ពិន្ទុ Sergio Pérez មាន៥៨ពិន្ទុ Kevin Magnussen មាន៥៥ពិន្ទុ និង Fernando Alonso មាន៥០ពិន្ទុ។
ក្រោយឈ្នះនៅទីលានប្រេស៊ីលនេះ Hamilton ក៏បានជួយក្រុម Mercedes ក្លាយជាម្ចាស់ពានគ្រឿងម៉ាស៊ីនល្អជាងគេប្រចាំរដូវកាលនេះដែរ ដោយទទួលបានពិន្ទុសរុប ៦២០ នាំមុខក្រុម Ferrari ដែលមាន៥៥៣ពិន្ទុ។ ក្រុមដែលឈរនៅលេខរៀងបន្តបន្ទាប់រួមមាន Red Bull TAG Heuer (៣៩២ពិន្ទុ) Renault (១១៤ពិន្ទុ) Haas Ferrari (៩០ពិន្ទុ), McLaren Renault (៦២ពិន្ទុ), Force India Mercedes (៤៨ពិន្ទុ), Sauber Ferrari (៤២ពិន្ទុ), Toro Rosso Honda (៣៣ពិន្ទុ), Williams Mercedes (៧ពិន្ទុ)។
ព្រឹត្តិការណ៍ប្រណាំងរថយន្ត F1 ប្រចាំឆ្នាំ២០១៨ នៅសល់១ប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់ហើយ ដែលនឹងធ្វើឡើងនៅទីលានក្នុងក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួមអេមីរ៉ាត នៅថ្ងៃទី២៥ ខែវិច្ចិកា ខាងមុខ៕
Tag:
Formula One
Mercedes
Lewis Hamilton
© រក្សាសិទ្ធិដោយ thmeythmey.com