អន្តរជាតិ
ប្រមុខការទូតសិង្ហបុរី ជឿថា អាស៊ានអាចសម្រេចបានសមិទ្ធផលច្រើន បើរួមចិត្ត និងរួមបេះដូងតែមួយ
× ប្រមុខការទូតសិង្ហបុរី លោក Vivian Balakrishnan បានអះអាងថា សិង្ហបុរី ក្នុងនាមជាប្រធានអាស៊ាន បានសម្រេចសមិទ្ធផលផ្លែផ្កាច្រើនលើសពីអ្វី ដែលបានរំពឹងទុក។ តាមប្រមុខការទូតរូបនេះ ការណ៍ ដែលធ្វើឲ្យសិង្ហបុរី អាចទទួលលទ្ធផលលើសរំពឹងទុកនេះ ក៏ជាផ្នែកមួយនៃការរួមចិត្ត និងបេះដូងតែមួយរបស់បណ្តាសមាជិកអាស៊ានផងដែរ។
មុនការចាប់ផ្តើមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan នៅថ្ងៃ១១ វិច្ឆិកា បានថ្លែងអរគុណដល់មន្ត្រីពាក់ព័ន្ធរបស់រដ្ឋាភិបាលសិង្ហបុរី ដែលធ្វើឲ្យសិង្ហបុរី អាចសម្រេចបានជោគជ័យក្នុងការដឹកនាំអាស៊ាន លើសពីការរំពឹងទុក ក្នុងនាមជាប្រធានវិលជុំរបស់អាស៊ាន។
តាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia រដ្ឋមន្ត្រីរូបនេះបានលើកឡើងថា នៅដើមឆ្នាំ ដែលជាពេលសិង្ហបុរី ចាប់ផ្តើមអនុវត្តមុខងារជាប្រធានវិលជុំអាស៊ាន ពិភពលោកកំពុងប្រឈមនឹងសង្គ្រាមពាណិជ្ជកម្ម និងមានផលប៉ះពាល់លើសណ្តាប់ធ្នាប់ពិភពលោក ខណៈតំបន់ទាំងមូលប្រឈមនឹងបដិវត្តន៍ឌីជីថល។ លោកបន្ថែមថា អាស៊ានក៏ត្រូវរកមធ្យោបាយដើម្បីធានាពីការផ្លាស់ប្តូរការងារ និងសេដ្ឋកិច្ចនាពេលអនាគតផងដែរ។
ទោះបីពិភពលោក និងតំបន់ ស្ថិតនៅក្នុងស្ថានភាពមិនល្អបែបនេះក្តី លោកអះអាងថា អាស៊ាននៅតែអាចជម្នះបាន។ «យើង បានសម្រេចនូវកិច្ចការផ្លែផ្កាជាច្រើនទាំងអស់គ្នា ដែលនេះ បង្ហាញថា កាលណាអាស៊ាន បន្តកសាងទំនុកចិត្តយុទ្ធសាស្ត្រ , ការកសាងទំនុកចិត្តរួម និងបើកចិត្តទូលាយក្នុងការទំនាក់ទំនងគ្នា នោះអាស៊ានអាចធ្វើការងារជាច្រើនបានទាំងអស់គ្នា»។ នេះជាសម្តីរបស់លោករដ្ឋមន្ត្រី។
ជាសក្ខីកម្ម លោករដ្ឋមន្ត្រី បានលើកយកសមិទ្ធផលធំមួយចំនួន ដែលអាស៊ានសម្រេចបានក្រោមការដឹកនាំរបស់ប្រធានសិង្ហបុរិ រួមមានទាំងក្របខណ្ឌ នៃការចងក្រងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដែលអាស៊ានរំពឹងថា បង្កើតឲ្យមានសម្រាប់គ្រប់គ្រងជម្លោះសមុទ្រចិនខាងត្បូងរាប់ទសវត្សរ៍ ក៏ដូចជាការធានាពីការបន្តទៅមុខការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតប្រចាំតំបន់ RCEP។
គួរជម្រាបផងដែរ សិង្ហបុរី កំពុងតែរៀបចំកិច្ចប្រជុំកំពូលលើកទី៣៣ ដែលត្រូវប្រព្រឹត្តឡើងចាប់ពីថ្ងៃ១១ ដល់ថ្ងៃ១៥ វិច្ឆិកា មុនពេល ប្រគល់ញញួរប្រធានអាស៊ានឲ្យទៅថៃ។ បញ្ហាសមុទ្រចិនខាងត្បូង កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដំណើរសមាហរណកម្ម ក៏ដូចជាបញ្ហាសិទ្ធិមនុស្ស នឹងត្រូវបានជជែកនៅក្នុងជំនួបនេះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com