ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹងចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរីជាលើកដំបូងនៅសប្តាហ៍នេះ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងពិភាក្សាទ្វេភាគីជាមួយមេដឹកនាំសិង្ហបុរី និងចូលរួមក្នុងកិច្ចប្រជុំអាស៊ាន-រុស្ស៊ី និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៣ ផងដែរ។
លោក ពូទីន នឹងអញ្ជើញមកដល់សិង្ហបុរីនៅថ្ងៃអង្គារទី ១៣ ខែវិច្ឆិកា ហើយលោកនឹងជួបជាមួយមេដឹកនាំសិង្ហបុរីលោកស្រីប្រធានាធិបតី Halimah Yacob និងនាយករដ្ឋមន្ត្រី លី សៀនឡុងផងដែរ។
យោងតាមសារព័ត៌មានសិង្ហបុរី Straits Times ប្រមុខរដ្ឋរុស្ស៊ីរូបនេះនឹងចំណាយពេលជួបពិភាក្សាទ្វេភាគីជាមួយលោក លី សៀនឡុង ដោយផ្តោតលើទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបលើលើបញ្ហាប្រឈមពិភពលោក និងតំបន់ផងដែរ។ បើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសសិង្ហបុរី កិច្ចព្រមព្រៀងទ្វេភាគីជាច្រើននឹងត្រូវចុះរួមគ្នាក្រោយកិច្ចពិភាក្សានេះផងដែរ។
លោក ពូទីន និងលោកស្រី Halimah ក៏នឹងចូលរួមក្នុងកម្មវិធីបើកសម្ភោធមជ្ឈមណ្ឌលវប្បធម៌រុស្ស៊ីជាផ្លូវការដែរក្នុងអំឡុងទស្សនកិច្ចនេះ។
តាមពិតទៅ វាជាទស្សនកិច្ចលើកដំបូងរបស់លោក ពូទីន ហើយវាក៏ជាទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋរុស្ស៊ីមកកាន់បុរីរដ្ឋសិង្ហបុរីនេះដែររាប់ចាប់ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ឌីមីទ្រី មេដវេដេវវ ក្នុងឆ្នាំ ២០០៩។ ទស្សនកិច្ចនេះក៏កើតឡើងចំខួប ៥០ឆ្នាំនៃការបង្កើតចំណងការទូតរវាងរុស្ស៊ី និងសិង្ហបុរីដែរ។
លោក ពូទីន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីលើកទីបី និងកិច្ចប្រជុំអាស៊ីបូព៌ាលើកទី ១៣ ដែលត្រូវរៀបចំឡើងនៅសិង្ហបុរីនេះផងដែរ។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីដែលនឹងត្រូវធ្វើឡើងនៅថ្ងៃពុធនោះ មេដឹកនាំអាស៊ាន និងរុស្ស៊ី នឹងពិភាក្សាពីការលើកស្ទួយពាណិជ្ជកម្ម, វិនិយោគ និងកិច្ចសហប្រតិបតិ្តការមនុស្សធម៌ជាដើម។ ក្រៅពីនេះ មេដឹកនាំទាំងនោះនឹងពិភាក្សាពីលទ្ធភាពពង្រឹងទំនាក់ទំនងរវាងអាស៊ានជាមួយអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីដែលដឹកនាំដោយរុស្ស៊ីជាដើមផង។
ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាឯណោះវិញ មេដឹកនាំដែលចូលរួមនឹងពិភាក្សាផ្លាស់ប្តូរយោបល់ និងស្វែងរកវិធានការដោះស្រាយបញ្ហាសន្តិសុខតំបន់, ប្រឆាំងភេរវកម្ម និងជំរុញកិច្ចសហប្រតិបត្តិការពហុភាគីដែលផ្តោតលើវិស័យសុខាភិបាល បច្ចេកវិទ្យា និងការការពារបរិស្ថានផងដែរ៕