ជាតិ
សម្ដេច ស ខេង កំណត់​ឲ្យ​មាន​អគ្គ​ស្នងការរង ១៦​រូប អគ្គនាយករង​អន្តោប្រវេសន៍ ១០​រូប អគ្គនាយករង​ពន្ធនាគារ ១១​រូប​…
13, Nov 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានប្រកាស​កំណត់​មុខតំណែង​អគ្គ​ស្នងការរង អគ្គនាយករង អនុប្រធាននាយកដ្ឋាន និង​ថ្នាក់​ប្រហាក់ប្រហែល នៃ​ក្របខ័ណ្ឌ​មន្ដ្រី​នគរបាលជាតិ និង​ពន្ធនាគារ​របស់​ក្រសួងមហាផ្ទៃ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ​។​

 
​អង្គភាព ដែល​ត្រូវ​កំណត់​ចំនួន​តួនាទី​រង​ទាំងនោះ រួមមាន​ទី​១ អគ្គលេខាធិការដ្ឋាន មាន​អគ្គលេខាធិការរង ចំនួន​០៨​រូប ។ ទី​២ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ មាន​អគ្គ​ស្នងការរង ចំនួន​១៦​រូប ។ ទី​៣ អគ្គាធិការដ្ឋាន មាន​អគ្គាធិការរង ចំនួន​០៨​រូប ។ ទី​៤ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ មាន​អគ្គនាយករង ចំនួន​០៨​រូប​។ ទី​៥ អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ មាន​អគ្គនាយករង ចំនួន​១០​រូប ។ ទី​៦ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម មាន​អគ្គនាយករង ចំនួន​០៩​រូប​។ ទី​៧ អគ្គនាយកដ្ឋាន​ភស្ដុភារ និង​ហិរញ្ញវត្ថុ មាន​អគ្គនាយករង ចំនួន​១១​រូប​។ ទី​៨ បណ្ឌិត្យសភា​នគរបាល​កម្ពុជា មាន​អនុប្រធាន ចំនួន​១០​រូប ។​ទី​៩ អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង មាន​អគ្គនាយករង ចំនួន​០៦​រូប និង​ទី​១០ ក្រុមប្រឹក្សា​នីតិកម្ម មាន​អនុប្រធាន ចំនួន​០៧​រូប​។ 
 
​ចំពោះ​មុខតំណែង​អនុប្រធាន​សេនាធិការដ្ឋាន អនុប្រធាននាយកដ្ឋាន​កណ្ដាល ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ ត្រូវបាន​កំណត់​ចំនួន​អតិបរមា ៥​រូប​។ ចំណែក​មុខតំណែង​អនុប្រធាននាយកដ្ឋាន ឬ​ថ្នាក់​ប្រហាក់ប្រហែល​នានា ក្នុង​រចនាសម្ព័ន្ធ​នគរបាលជាតិ​កម្ពុជា និង​ក្នុង​រចនាសម្ព័ន្ធ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ ត្រូវបាន​កំណត់​ចំនួន ស្មើនឹង​ចំនួន​ការិយាល័យ​ចំណុះ​នាយកដ្ឋាន អង្គភាព​នីមួយៗ​នេះ​។​
 
​លិខិត​ក្រសួងមហាផ្ទៃ​ដដែល បន្ត​កំណត់​មុខតំណែង​នាយរង​ការិយាល័យ​ចំណុះ​នាយកដ្ឋាន អង្គភាព ឬ​ប្រហាក់ប្រហែល​នានា ក្នុង​រចនាសម្ព័ន្ធ​នគរបាលជាតិ និង​ក្នុង​រចនាសម្ព័ន្ធ​នាយកដ្ឋាន​ពន្ធនាគារ ឲ្យ​មានតែ​៤​រូប​ប៉ុណ្ណោះ​។​
 
​តែ​យ៉ាងណា​មុខតំណែង​ខាងលើ ដែល​ធ្លាប់មាន​ចំនួន​លើស​កន្លងមក ត្រូវ​រក្សាទុក​ដដែល ពោលគឺ​មិនត្រូវ​ដកចេញ​វិញ​តាម​ការកំណត់​នេះឡើយ​។ ប៉ុន្តែ​ក្នុងករណី​មុខតំណែង​ទាំងនេះ នៅសល់​ទំនេរ​ដោយ​មូលហេតុ​ផ្សេងៗ​នោះ គឺ​មិន​ត្រូវបំពេញ ឬ​ជំនួស​ឡើយ ដោយ​រក្សាទុក​រហូតដល់​មាន​ចំនួន តាម​ការកំណត់​របស់​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ​។​
 
​លិខិត​ក្រសួងមហាផ្ទៃ ដែល​ចុះហត្ថលេខា​ដោយ សម្ដេច ស ខេង បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្នុងករណី​ចាំបាច់ ការតែងតាំង​មុខតំណែង​បន្ថែម​លើសពី​ការកំណត់ ដូច​មានចែង​ក្នុង​ប្រការ​៣ ប្រការ​៤ នៃ​ប្រកាស​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ត្រូវ​លើកសំណើ​សុំ​ការសម្រេច​ពី​នាយករដ្ឋមន្ត្រី​។ ក្នុងករណី​ចាំបាច់​តែងតាំង​បន្ថែម​លើសពី​ការកំណត់​ដូច​មានចែង​ក្នុង​ប្រការ​៥ និង​ប្រការ​៦ នៃ​ប្រការនេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ អគ្គនាយកដ្ឋាន​សាមី ឬ​ថ្នាក់​ប្រហាក់ប្រហែល ត្រូវ​លើកសំណើ​សុំ​ការសម្រេច​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដូច​មានចែង​ក្នុង​ប្រការ​៥ (​ប្រកា​សលេខ​៤៧៧៣​ប្រ​.​ក​) ចុះ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥ ស្តីពី​ការប្រគល់សិទ្ធិ​ការងារ​តែងតាំង​មុខតំណែង ដំឡើង​ឋានន្តរសក្តិ ផ្ទេរ​ភារកិច្ច​មន្ត្រីនគរបាល​ជាតិ និង​រៀបចំ​រចនាសម្ព័ន្ធ​»​។​
 
​ចំពោះ​តែងតាំង​មុខ​ត​ណែ​ង​ក្នុងករណី​ចាំបាច់​ខាងលើនេះ ត្រូវ​ផ្អែកលើ​លក្ខណសម្បត្តិ ដែល​កំណត់ដោយ​លក្ខខណ្ឌ​របស់​ក្រសួងមហាផ្ទៃ​។ នេះ​បើតាម​សេចក្តីប្រកាស​ខាងលើ​៕
 

Tag:
 ស ខេង​
  មហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com