អន្តរជាតិ
ទ្រូ​ដូ មក​ប្រជុំ​អាស៊ាន​នៅ​សិង្ហ​បុរី​ដើម្បី​រក​ការគាំទ្រ​ឲ្យ​កាណាដា​ក្លាយជា​សមាជិក​កិច្ចប្រជុំ​អាស៊ី​បូព៌ា​
13, Nov 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នាយករដ្ឋមន្ត្រី​កាណាដា អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​សិង្ហ​បុរី​ថ្ងៃ​អង្គារ​ទី ១៣ ខែវិច្ឆិកា​នេះ​។ មេដឹកនាំ​រដ្ឋ​អាមេរិក​ខាងជើង​រូបនេះ​នឹង​លើកយក​ពី​បំណង​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាស៊ាន និង​ចូលរួម​ជា​សមាជិក​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ផងដែរ​។


 
​នាយករដ្ឋមន្ត្រី​កាណាដា​លោក ចា​ស្ទី​ន ទ្រូ​ដូ មានមុខ​ជាថ្មីទៀត​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​បុរី​រដ្ឋ​សិង្ហ​បុរី​។ គោលដៅ​សំខាន់​របស់​កាណាដា​ពេលនេះ គឺ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ជាពិសេស​ពាណិជ្ជកម្ម និង​រក​ការគាំទ្រ​ខ្លួន​ជា​សមាជិក​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា (EAS) ដែរ​។​
 
​កាលពី​ឆ្នាំ ២០១៧ មេដឹកនាំ​កាណាដា​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ជា​ភ្ញៀវ​របស់​ប្រធាន​អាស៊ាន​ជា​លើកដំបូង​ដែរ ដែល​ពេលនោះ​ហ្វីលីពីន​ធ្វើជា​ប្រធាន​ប្តូរ​វេន​។ 
​សម្រាប់​កាណាដា អាស៊ាន​ជា​តំបន់​យុទ្ធសាស្ត្រ និង​មាន​សារសំខាន់​សម្រាប់​សន្តិសុខ និង​សេដ្ឋកិច្ច​។  បច្ចុប្បន្ន​កាណាដា នៅត្រឹម​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​ប៉ុណ្ណោះ​។ ដូច្នេះហើយ​បានជា រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា ចង់បាន​ទំនាក់ទំនង​ជិតស្និទ្ធ និង​កម្រិត​ខ្ពស់ជាង​នេះ​។ 
 
​ស្ថិតក្នុង​កិច្ចប្រជុំ​អាស៊ាន​ពេលនេះ លោក ទ្រូ​ដូ នឹង​ស្វះស្វែង​បញ្ចុះបញ្ចូល​ភាគី​ពាក់ព័ន្ធ​ជា​ពិ​សេ​សមាជិក​អាស៊ាន និង​ដៃគូ​សន្ទនា​ឲ្យ​គាំទ្រ​សមាជិកភាព​ក្នុង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​។ វេទិកា​កិច្ចប្រជុំ​អាស៊ី​បូព៌ា​ក្លាយជា​វេទិកា​សំខាន់​សម្រាប់​កិច្ចពិភាក្សា​សេដ្ឋកិច្ច និង​សន្តិសុខ​តំបន់​។ កាណាដា​ចង់បាន​កៅអី​មួយ​នឹង​គេ​ដែរ​ក្នុង​វេទិកា​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំនេះ​ដើម្បី​មានឱកាស​ចូលរួម​កាន់​តែ​សកម្ម​ជាង​មុន​។ 
 
​កិច្ចប្រជុំ​អាស៊ី​បូព៌ា​មាន​សមាជិក​សរុប ១៨ មាន​សមាជិក​អាស៊ាន​ទាំង​ដប់ បូក​ជាមួយ​ដៃគូ​សន្ទនា​ប្រាំបី​ផ្សេងទៀត​ដូចជា អូស្ត្រាលី​, ចិន​, ឥណ្ឌា​, ជប៉ុន​, រុស្ស៊ី​, នូ​វែ​ល​សេ​ឡង់​, កូរ៉េខាងត្បូង និង​អាមេរិក​ផងដែរ​។​
 
​កន្លងមកនេះ កាណាដា​បានបង្ហាញ​ជំហរ​ស្ទាក់ស្ទើរ​ក្នុងការ​ស្រវា​ចាប់​អាស៊ាន ហើយ​ទំនាក់ទំនង​រវាង​កាណាដា និង​អាស៊ាន​ប្រឈម​បញ្ហា​ខ្លាំង​ដោយសារ​បញ្ហា​មួយចំនួន​ជាពិសេស​រឿងរ៉ាវ​នៅ​មី​យ៉ាន់​ម៉ា​។ កាណាដា​ជា​មហាអំណាច​អាមេរិក​ខាងជើង​ដែល​តែងតែ​ទិតៀន​របប​សឹក​មី​យ៉ាន់​ម៉ា​តាំងពីដើម​មក ហើយ​ការចូលរួម​របស់​មី​យ៉ាន់​ម៉ា​ជាមួយ​អាស៊ាន​ឆ្នាំ ១៩៩៧ ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​អាស៊ាន​និង​កាណាដា​កាន់តែ​ធ្លាក់ចុះ​ខ្លាំង​។​
 
​យ៉ាងណាមិញ​ទំនាក់ទំនង​នេះ​ចាប់ផ្តើម​ប្រសើរឡើង​បន្តិច​ម្តងៗ​នៅ​អំឡុង​ឆ្នាំ ២០១០ ដោយ​កាណាដា​ចាប់ផ្តើម​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ជាមួយ​អាស៊ាន និង​ពង្រឹង​ទំនាក់ទំនង​ការទូត​រួមគ្នា​ជាដើម​។ ឆ្នាំ ២០១២ ក្រុមប្រឹក្សា​ធុរៈកិច្ច​កាណាដា និង​អាស៊ាន​ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​សម្រួល​ដល់​អ្នកវិនិយោគ​កាណាដា​ក្នុងការ​មក​ដាក់ទុនរ​ក​ស៊ី​នៅ​តំបន់​អាស៊ាន​ផង​និង​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាដើម​។ កាល​ឆ្នាំ ២០០៩ កាណាដា​បានដាក់​ទូត​ប្រចាំ​អាស៊ាន​ជា​ផ្លូវការ ប៉ុន្តែ​ឯកអគ្គរាជទូត​កាណាដា​ប្រចាំ​ឥណ្ឌូណេស៊ី​ជា​អ្នក​កាន់​តួនាទី​ពីរ ជា​ទូត​ប្រចាំ​អាស៊ាន​ផង និង​ជា​ទូត​ប្រចាំ​ឥណ្ឌូណេស៊ី​ផង​។ កាណាដា​បន្ត​បង្កើត​ស្ថានទូត​នៅតាម​បណ្តា​ប្រទេស​អាស៊ាន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ការទូត ហើយ​ដូច​ស្រាប់​នៅ​ឆ្នាំ ២០១៥ កាណាដា​សម្រេច​បង្កើត​ស្ថានទូត​នៅ​កម្ពុជា​និង​ឡាវ​ជា​ផ្លូវការ​។​
 
​ដោយឡែក ក្រៅតែពី​ចង់បាន​សមាជិកភាព​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា លោក ទ្រូ​ដូ ក៏​នឹង​យក​ឱកាស​កិច្ចប្រជុំ​អាស៊ាន​នេះ​ដើម្បី​ពិភាក្សា​លើ​ការឈាន​នៅ​បង្កើត​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ជាមួយ​អាស៊ាន​ដែរ​។ គោលនយោបាយ​របស់​កា​ណា​ដា គឺ​ធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម និង​គាំទ្រ​គោលនយោបាយ​សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច​ប្រឆាំងនឹង​ជំហរ​ក្រុង​វ៉ាស៊ីនតោន​។ 

បច្ចុប្បន្ននេះ កា​ដា​ណា​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ និង​ជឿនលឿន​សម្រាប់​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) រួចទៅហើយ ហើយ​រដ្ឋ​អាមេរិក​ខាងជើង​នេះ​បន្ត​ស្វែងរក​ឱកាស​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បន្ថែមទៀត​ជាមួយ​បណ្តា​រដ្ឋ​អាស៊ាន​ដែរ​។ 
 
​កាលពី​ថ្ងៃ​ចន្ទ​ទី ១២ ខែវិច្ឆិកា មុន​បញ្ចប់​ទស្សនកិច្ច​នៅ​ប៉ារីស លោក ទ្រូ​ដូ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា កាណាដា​ពិតជា​មានបំណង​លើកឡើង​ពី​លទ្ធភាព​ក្នុង​ការចរចា​គ្នា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ដែរ ដ្បិត​អាស៊ាន​ស្ថិតក្នុង​ចំណោម​តំបន់​ដែលមាន​សេដ្ឋកិច្ច​រីកលូតលាស់រ​ហ័ស​បំផុត​មួយ​។​
 
​កាលពី​ខែសីហា​កន្លងទៅ ស្ថិតក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​រដ្ឋ​អាស៊ីអាគ្នេយ៍​ថៃ និង​សិង្ហ​បុរី​នា រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កាណាដា​លោក  Jim Carr បាន​បង្ហើប​ម្តង​ដែរ​ថា កាណាដា​កំពុង​ស្វែងរក​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​ជា​ក្រុម​ដែរ​។ ប៉ុន្តែ​វា​មិនមាន​ការបកស្រាយ​ច្បាស់លាស់​ពី​គម្រោង​នេះ​ទេ​។ 
 
​យ៉ាងណាក៏ដោយ អ្នកជំនាញ​មើលឃើញថា ទីតាំង​ភូមិសាស្ត្រ​ធ្វើ​ឲ្យ​កាណាដា​ពិបាក​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាក់​លាស់​ជាមួយ​អាស៊ាន​។ មិនមែន​ដូច​អូស្ត្រាលី ជប៉ុន ឬ​កូរ៉េខាងត្បូង​ដែលជា​មហាអំណាច​គីឡូ​មធ្យម​ដែលមាន​ទីតាំង​ភូមិសាស្ត្រ​នៅ​កៀក​អាស៊ីអាគ្នេយ៍ កាណាដា ស្ថិតនៅ​ឆ្ងាយ ហើយ​ឥទ្ធិពល​របស់​មហាអំណាច​មួយ​នេះ​ក៏​នៅ​ទាប​ទៀត​នៅពេល​បច្ចុប្បន្ន​។ 
 
 

Tag:
 ​កាណាដា​
  ចា​ស្ទី​ន ទ្រូ​ដូ​
  សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com