ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
អ្នកស្រី ម៉ិ វឿន តស៊ូលក់ក្រឡានជាង២០ឆ្នាំនៅមុខអង្គរវត្ត ដើម្បីឱ្យកូនបានរៀនបរិញ្ញាបត្រ
× សៀមរាប៖ អ្នកស្រី ម៉ិ វឿន បានប្រកបមុខរបរលក់នំក្រឡាននៅទីធ្លាមុខប្រាសាទអង្គរតូចអស់រយៈពេល២០ឆ្នាំមកហើយ។ ក្រោយកាត់ថ្លៃចំណាយផ្សេងៗ ក្នុងមួយថ្ងៃជាមធ្យមអ្នកស្រី ចំណេញបានប្រាក់៣ម៉ឺនរៀលពីមុខរបរប្រពៃណីមួយនេះ ផ្គួបផ្សំនឹងមុខរបរធ្វើស្រែផង ទើបអ្នកស្រីអាចមានលទ្ធភាពចិញ្ចឹមកូនទាំងពីនាក់ឱ្យបានរៀនដល់ថ្នាក់បរិញ្ញាបត្រដោយជោគជ័យនៅក្រុងសៀមរាប។
អ្នកស្រី ម៉ិ វឿន បានប្រកបមុខរបរលក់ក្រឡាននៅទីធ្លាមុខប្រាសាទអង្គរតូចអស់រយៈពេល២០ឆ្នាំមកហើយ។ ប្រសិនបើ នៅសល់បន្តិចបន្ទួច អ្នកស្រីនឹងយកទៅលក់នៅផ្លូវ៦០ម៉ែត្រនាពេលរាត្រីបន្តទៀត។ បើទោះជា នឿយហត់នឹងការប្រកបមុខរបរមួយនេះ ដើម្បីរកប្រាក់ផ្គត់ផ្គង់ការសិក្សរបស់កូនៗយ៉ាងណាក៏ដោយ អ្នកស្រីនៅតែសប្បាចិត្តដោយក្តីសុបិនចង់ឃើញកូនមានចំណេះដឹង និងមានការងារធ្វើ បានក្លាយជាការពិត។
ជីវិតស្រី្តតរស៊ូលក់ក្រឡានវ័យ៥៨ឆ្នាំរូបនេះ បានឱ្យដឹងថា ការប្រកបមុខរបរនេះចំណេញបានតិច តែអនុញ្ញាតឱ្យកូនប្រុស និងស្រីរបស់អ្នកស្រី បានរៀនចប់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាប។ ធ្វើនំក្រឡានតែអង្ករ៨គីឡូក្រាមក្នុងមួយថ្ងៃ ដែលបានផ្តល់ប្រាក់ចំណេញ ៣ម៉ឺនរៀល ផ្គួបផ្សំនឹងមុខរបរធ្វើស្រែផង ទើបអ្នកស្រី និងស្វាមីអាចមានលទ្ធភាពដោះស្រាយជីវភាពគ្រសារ និងផ្គង់ផ្គង់ការសិក្សារបស់កូនទាំងពីរនាក់បានទាំងផើតផើយ។ នាពេលបច្ចុប្បន្ន កូនៗរបស់អ្នកមានការងារ និងពួកគេមានគ្រួសារ រស់នៅបែកផ្ទះពីអ្នកស្រីអស់ហើយ។
មុខរបរដែរជាមធ្យមអ្នកស្រី វឿន លក់បានប្រាក់១២ម៉ឺនរៀលក្នុងមួយថ្ងៃ ដោយក្រឡានមួយមានតម្លៃចន្លោះពី១ពាន់រៀល ទៅ៣ពាន់រៀលតាមទំហំក្រឡាន ប៉ុន្តែ ក្រោយកាត់ថ្លៃចំណាយផ្សេងនៅសល់ត្រឹមតែ៣ម៉ឺនរៀលនេះ អ្នកស្រី ម៉ិ រឿន អះអាងថា ខ្លួន និងស្វាមី មិនបោះបង់មុខរបរធ្វើនំក្រឡានលក់នៅទីធ្លាមុខប្រាសាទអង្គរវត្តនេះចោលឡើយ។
© រក្សាសិទ្ធិដោយ thmeythmey.com