អន្តរជាតិ
រឿង​សំខាន់ៗ​មួយចំនួន​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៣ នៅ​សិង្ហ​បុរី​
13, Nov 2018 , 9:19 pm        
រូបភាព
​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ចាប់ផ្តើម​នៅ​សប្តាហ៍​នេះ ហើយ​ថ្ងៃ​ចុងក្រោយ​ថ្ងៃ​ព្រហស្បតិ៍​ជា​ពេល​មមាញឹក​ជាងគេ​។ មានរឿង​មួយចំនួន​ដែល​គួរ​ដឹង​និង​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​កិច្ចប្រជុំ​លើក​នេះ​។ ខាងក្រោម​នេះ​ជា​ចំណុច​សំខាន់ៗ​៖


-​មុខ​ថ្មី​

​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នេះ នឹងមាន​វត្តមាន​មេដឹកនាំ​ថ្មី​មួយចំនួន​។ ទីមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក ស្កុ​ត ម៉ូ​រី​សុន ដែល​ទើប​ឡើង​ជំនួស​លោក ម៉ា​ល់​ខុម ធើ​ន​ប៊ូល ក្រោយ​រដ្ឋប្រហារ​ក្នុង​បក្ស​ខែសីហា​។ លោក ម៉ូ​រី​សុន ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​-​អូស្ត្រាលី និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​។ 
​ទី​ពីរ​គឺ លោក មហា​ធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​វ័យ ៩៣​ឆ្នាំ​របស់​ម៉ាឡេស៊ី ដែល​ទើប​ឡើងកាន់តំណែង​កាលពី​ខែឧសភា​ក្រោយ​ផ្តល់​បក្ស​កាន់អំណាច​ដឹកនាំ​ដោយ​លោក ណា​ជីប រ៉ា​ហ្សា​ក់​។ មហា​ធៀ មិនមែនជា​មនុស្ស​ថ្មីចែស​សម្រាប់​អាស៊ាន​ទេ ប៉ុន្តែ​លោក​លេចមុខ​ជាថ្មី​ក្រោយ​បាត់​មុខ​អស់​ជាង ១៥​ឆ្នាំ​។ 
 
២០១៦ ក្នុងពេល​ប្រជុំ​អាស៊ាន​នៅ​ឡាវ មេដឹកនាំ​មាត់ដាច​របស់​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ក្លាយជា​តារា​រ៉ុ​ក​ប្រចាំ​វេទិកា ហើយ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ ២០១៧ នៅ Clark ហ្វីលីពីន ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ជា​មនុស្ស​ពិសេស​ដែល​គ្រប់គ្នា​ចង់​ជួប​។ ប៉ុន្តែ​ឆ្នាំនេះ​គ្រប់​ភ្នែក​ទាំងអស់​គឺ​សំឡឹងមើល​មេដឹកនាំ​ចាស់វស្សា ឬ​គេ​ហៅថា រដ្ឋបុរស មហា​ធៀ ដែល​អ្នកនយោបាយ​ដឹង​កិច្ចការ​រាក់​ជ្រៅ​អាស៊ាន​វិញ​ម្តង ព្រោះ​គេ​ដឹងថា លោក​មាន​ពាំនាំ​រឿង​សំខាន់ៗ​ច្រើន​មកជា​មួយ​ដើម្បី​ដាក់​លើ​តុ​អាស៊ាន​។ បញ្ហា​ពាណិជ្ជកម្ម​, ឯកភាព​អាស៊ាន​, ជម្លោះ​ដែនទឹក និង​វិបត្តិ​ជនភៀសខ្លួន​ជា​រៀង​ក្នុង​ចិត្ត​របស់​មេដឹកនាំ​រូបនេះ​។ មហា​ធៀ ទំនង​មិន​ទុក​មុខ​ឲ្យ​ទីប្រឹក្សា​រដ្ឋ និង​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព អ៊ុង​សាន ស៊ូ​ជី ដែល​ស្ថិតក្នុង​កិច្ចប្រជុំ​ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដែរ​។​
 
​អ្នក​ទី​បី​គឺ ប្រធានាធិបតី​ស៊ី​លី​លោក Sebastián Piñera ដែល​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំ​សហប្រតិបត្តិការ​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ឆ្នាំក្រោយ​។ លោក Sebastián Piñera ជាប់ឆ្នោត​កាល់ពី​ខែធ្នូ​កន្លង​ទៅដោយ​ជំនួស​តំណែង​លោកស្រី Michelle Bachelet ដែល​បច្ចុប្បន្នកំពុង​ធ្វើជា​ឧ​ត្ត​ម​ស្នងការ​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​។  
 
-​កិច្ចប្រជុំ​ដោយ​គ្មាន​វត្តមាន​លោក ត្រាំ 

​កិច្ចប្រជុំ​អាស៊ាន​លើក​ទី ៣៣ គ្មាន​វត្តមាន​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​ឡើយ​។ ប៉ុន្តែ​អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន ជា​តំណាង​ឲ្យ​ប្រធានាធិបតី និង​ទីប្រឹក្សា​សន្តិសុខ ច​ន បុល​តុ​ន នឹង​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​អា​ស៊ា និង​ដៃគូ​។​
 
​ឆ្នាំមុន បន្ទាប់ពី​ឡើងកាន់តំណែង លោក ត្រាំ មក​ប្រជុំ​អាស៊ាន​-​អាមេរិក និង​បង្ខំចិត្ត​ពន្យារពេល​មួយថ្ងៃ​ទៀត​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​នៅ​ហ្វីលីពីន ទាំង​ទើសទាល់​។ ដើមឡើយ​លោក​ត្រូវ​ត្រឡប់​ទៅ​អាមេរិក​វិញ​ដោយ​មិន​ចូលប្រជុំ​អាស៊ី​បូព៌ា ដ្បិត​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​អាស៊ី​ពេលនោះ​មាន​រយៈពេល​យូរ​រហូតដល់​ដល់ ១១ ថ្ងៃ​ទៅហើយ​។
 
​ប៉ុន្តែ​អវត្តមាន​លោក ត្រាំ ចុង​ឆ្នាំនេះ​មិនមែនជា​រឿង​ចម្លែក​ទេ ប៉ុន្តែ​វា​នៅតែ​ធ្វើ​ឲ្យ​មាន​ការជជែក​វែកញែក​គ្នាច្រើន​។ ហេតុផល​ទីមួយ វត្តមាន​លោក​នៅ​ហ្វីលីពីន​នៅ​ឆ្នាំ​ដំបូង​នោះ​ធ្វើ​ឲ្យ​ប្រទេស​អាស៊ាន​ខ្លះ​កក់ក្តៅ និង​អស់​កង្វល់​រឿង​អាមេរិក​បែកចិត្ត​រួចទៅហើយ​។ ទី​ពីរ កិច្ចប្រជុំ​រៀប​ត្រូវចំ​ឡើង​ត្រឹម​មួយ​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​។  ហេតុផល​បន្ទាប់បន្សំ លោក​មិន​ចង់​មក​សិង្ហ​បុរី​ជាថ្មីទៀត ដ្បិត​លោក​ទើប​ជួប​ជាមួយ​បុរស​រ៉ុក្កែត​កូរ៉េខាងជើង​កាលពី​ប៉ុន្មាន​ខែ​មុន​ប៉ុណ្ណោះ​។​
 
​យ៉ាងណាមិញ លោក ត្រាំ បាត់​មុខ​នៅពេលនេះ​មិនសូវ​សក្តិសម​ឡើយ​។ លោក​បាត់​មុខ​ពេល​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​កំពុង​បន្ត​ឆេះ​សន្ធោសន្ធៅ ហើយ​ការបន្ត​វាតទី​របស់​ចិន​នៅ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅតែ​បន្ត​។ អាស៊ាន​កំពុង​ត្រូវការ​អាមេរិក ហើយ​លោក ត្រាំ ត្រូវ​យល់ថា អាស៊ាន​ក៏​មិនដែល​រិះគន់ ឬ​ទិតៀន​គោលនយោបាយ​តម្កល់​ប្រយោជន៍​អាមេរិក​ជាធំ ឬ​គាំពារ​និយម​របស់លោក ត្រាំ ខ្លាំងៗ​ឡើយ​។ ក្រៅពីនេះ អាស៊ាន​ក៏​ជា​តំបន់​ដែល​តែង​គាំទ្រ​«​គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​»​សេរី និង​បើកចំហ ដែល​រដ្ឋបាល​អាមេរិក​ក្រោម​អាណត្តិ​លោក ត្រាំ បន្ត​ពពាយនាយ​តាំងពី​ឆ្នាំមុន​នោះមក​ដែរ​។ 
 
-QUAD-1?  

​ខែវិច្ឆិកា​ឆ្នាំ ២០១៧ នា​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ហ្វីលីពីន សម្ព័ន្ធ​សន្តិសុខ​ចតុ​ភាគី (QUAD) ចាប់កំណើត​ជា​ផ្លូវការ ដោយមាន​ការឯកភាព​គ្នា​រវាង​មេដឹកនាំ​អាមេរិក​លោក ត្រាំ​, មេដឹកនាំ​ឥណ្ឌា​លោក ន​រិ​ន្ទ្រា ម៉ូ​ឌី មេដឹកនាំ​អូស្ត្រាលី​លោក ម៉ា​ល់​ខុម ធើ​ន​ប៊ូល និង​មេដឹកនាំ​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ​។  
 
​មួយឆ្នាំ​ក្រោយមក ដោយ​អវត្តមាន​លោក ត្រាំ នៅសល់តែ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ម៉ូ​ឌី​, នាយករដ្ឋមន្ត្រី​អូស្ត្រាលី ម៉ូ​រី​សុន​និង​នាយករដ្ឋមន្ត្រី​ជប៉ុន អា​បេ ប៉ុណ្ណោះ​ដែល​នឹង​បន្ត​ភារកិច្ច​បញ្ចុះបញ្ចូល​ឲ្យ​រដ្ឋ​អាស៊ាន​ដែលមាន​គំនិត​ប្រហាក់ប្រហែលគ្នា​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ​។  
 
​គ្មាន​ការពន្យល់​ច្បាស់​ឡើយ​ថា QUAD មាន​គោលដៅ​អ្វី​ពិតប្រាកដ ប៉ុន្តែ​គេ​អាច​វាយតម្លៃ​បាន​ថា ការកើនឡើង​នៃ​ឥទ្ធិពល​ចិន​ជា​មូលហេតុ​នៃ​ការអន្ទង​ត្រឡប់មកវិញ​នូវ «​គោល​គំនិត​សន្តិសុខ​ចតុ​ភាគី​» ដែល​ត្រូវបាន​លោក អា​បេ លើកឡើង​តាំងពី​ដប់ឆ្នាំ​មុន​នោះ​។ រដ្ឋ​អាស៊ាន​នៅ​បារម្ភ​ថា គោល​គំនិត​ថ្មី​នេះ​នឹង​បង្ក​ផលប៉ះពាល់​ដល់​តួនាទី​ស្នូល​របស់​អាស៊ាន (ASEAN Centrality) ដែល​បន្ត​ជួយ​រក្សា​តុល្យភាព​អំណាច​និង​ទប់ស្កាត់​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​ការប្រកួតប្រជែង​អំណាច​គ្នា​រវាង​មហាអំណាច​ពិភពលោក​ដែលមាន​ចិន និង​អាមេរិក​ជាអាទិ៍​។ 
 
- វ្ល៉ា​ឌី​មៀ ពូ​ទីន ក្លាយជា​តួឯក​? 

​គ្មាន​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ឬ​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​សិង្ហ​បុរី​ឡើយ​។ ដូច្នេះ ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​សិង្ហ​បុរី ក្លាយជា​ភ្ញៀវ​ពិសេស​ផុត​លេខ​។ លោក ពូ​ទី​ម​នឹងចូលរួម​ប្រជុំ​អាស៊ាន​-​រុស្ស៊ី​លើក​ទី​បី និង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​លើក​ទី ១៣​ដែរ​។​
 
​តាមពិតទៅ វា​ជា​ឆ្នាំ​ដំបូង​ដែល​ប្រមុខរដ្ឋ​រុស្ស៊ី​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ រាប់​ចាប់ពី​ឆ្នាំ ២០១១ ពេលដែល​រុស្ស៊ី​ក្លាយជា​សមាជិក​នៃ​កិច្ចប្រជុំ​អាស៊ី​បូព៌ា​។ តាម​ធម្មតា​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី​តែងតែ​ចូលរួម​ប្រជុំ​ថ្នាក់​តំបន់​នេះ​។ 
 
​វត្តមាន​របស់លោក ពូ​ទីន ជា​រឿង​គួរ​ឲ្យ​កត់សម្គាល់ និង​បង្ហាញ​ឲ្យ​ឃើញ​ពី​ការកំណត់​គោលនយោបាយ​ការបរទេស ពង្រឹង​ទំនាក់ទំនង​ជាមួយ​តំបន់​អាស៊ាន និង​ដៃគូ​សន្ទនា​ផ្សេងទៀត​ជាពិសេស​ឥណ្ឌា និង​ជប៉ុន​។ 
 
-​នាយករដ្ឋមន្ត្រី​កាណាដា​ត្រឡប់​មករក​ការគាំទ្រ​ជាថ្មី​ដើម្បី​ក្លាយជា​សមាជិក​កិច្ចប្រជុំ​អាស៊ី​បូព៌ា​

​កាលពី​ឆ្នាំ ២០១៧ នាយករដ្ឋមន្ត្រី​កាណាដា​លោក ចា​ស្ទី​ន ទ្រូ​ដូ ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ជា​ភ្ញៀវ​របស់​ប្រធាន​អាស៊ាន​ជា​លើកដំបូង​ដែរ​ដោយ​លោក​ប្រធានាធិបតី ឌូ​ទើ​តេ​។ 
 
​នាយករដ្ឋមន្ត្រី​រូបនេះ​នឹង​មានមុខ​ជាថ្មីទៀត​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​បុរី​រដ្ឋ​សិង្ហ​បុរី​។ គោលដៅ​សំខាន់​របស់លោក​នៅពេល​នេះ គឺ ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ជាពិសេស​ពាណិជ្ជកម្ម និង​រក​ការគាំទ្រ​ពី​អាស៊ាន និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ក្លាយជា​សមាជិក​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា (EAS) ផ្លូវការ​។ វេទិកា​កិច្ចប្រជុំ​អាស៊ី​បូព៌ា​ក្លាយជា​វេទិកា​សំខាន់​សម្រាប់​កិច្ចពិភាក្សា​សេដ្ឋកិច្ច និង​សន្តិសុខ​តំបន់​។ កាណាដា​ចង់បាន​កៅអី​មួយ​នឹង​គេ​ដែរ​ដើម្បី​ពង្រឹង​តួនាទី​និង​ឥទ្ធិពល​របស់ខ្លួន​ក្នុង​តំបន់​។ 
​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ថា កិច្ចប្រជុំ​អាស៊ី​បូព៌ា​មាន​សមាជិក​សរុប ១៨ មាន​សមាជិក​អាស៊ាន​ទាំង​ដប់ បូក​ជាមួយ​ដៃគូ​សន្ទនា​ប្រាំបី​ផ្សេងទៀត​ដូចជា អូស្ត្រាលី​, ចិន​, ឥណ្ឌា​, ជប៉ុន​, រុស្ស៊ី​, នូ​វែ​ល​សេ​ឡង់​, កូរ៉េខាងត្បូង និង​អាមេរិក​ផងដែរ​។​
 
​កាណាដា​បច្ចុប្បន្ន​ស្ថិតនៅ​កម្រិត​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​ប៉ុណ្ណោះ​។ តាំងពី​យូរ​មកហើយ ទំនាក់ទំនង​រវាង​អាស៊ាន និង​កាណាដា​កន្លងមក​នៅមាន​កម្រិត​នៅឡើយ ព្រោះ​គោលនយោបាយ​ការបរទេស​របស់​អតីត​នាយករដ្ឋមន្ត្រី Stephen Harper ដែល​ទើប​ចប់​អាណត្តិ​ឆ្នាំ ២០១៥ នោះ មិនសូវ​យកចិត្តទុកដាក់​ខ្លាំង​លើ​តំបន់​អាស៊ីអាគ្នេយ៍​ឡើយ​។ 
 
-​សង្គ្រាម​ពាណិជ្ជកម្ម​គ្របដណ្តប់​កិច្ចប្រជុំ​

​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទីមួយ និង​ទី​ពីរ​ធ្វើ​ឲ្យ​ពិភពលោក​ភ័យ​បារម្ភ​។ អាស៊ាន​ដែល​ស្ថិតក្នុង​ចំណោម​តំបន់​មាន​សេដ្ឋកិច្ច​លូតលាស់​រហ័ស​ជាងគេ​នោះ គេច​មិន​ផុតពី​ផល​អវិជ្ជមាន​ដែល​បង្កឡើង​ដោយ​សង្គ្រាម​ពន្ធ​នេះដែរ​។ 
 
​វា​ប្រាកដ​ណាស់​ថា ប្រធានបទ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​, សមាហរណកម្ម​សេដ្ឋកិច្ច​, ការប្រឆាំង​ភេរវកម្ម​, វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ស្ថិតក្នុង​របៀបវារៈ​ជា​លក្ខណៈ​ប្រពៃណី​។ ប៉ុន្តែ​បញ្ហា​សង្គ្រាម​ពន្ធ​នេះ​នឹង​គ្របដណ្តប់​កិច្ចប្រជុំ​ទាំងមូល​។ អាស៊ាន​និង​ដៃគូ​រក​វិធានការ​ដោះស្រាយ​ផលប៉ះពាល់ និង​ធ្វើយ៉ាងណា​បញ្ចប់​ការអូសបន្លាយ​នៃ​សង្គ្រាម​នេះដែរ​។ 
​មេដឹកនាំ​អាស៊ាន និង​ដៃគូ​ក៏​នឹង​បន្ត​ប្តេជ្ញាចិត្ត​គាំទ្រ​ពាណិជ្ជកម្ម​សេរី និង ច្រានចោល​គោលការណ៍​គាំពារ​និយម និង​ឯកតោភាគី​និយម​ដែរ​។​
 
​លោក លី សៀន​ឡុង ដឹកនាំ​អាស៊ាន​សម្រេច​ជោគជ័យ​បាន​ច្រើន​តាម​រំពឹងទុក​? 
 
​ពេល​ទទួល​ញញួរ​ប្រធាន​អាស៊ាន​ពី​លោក ឌូ​ទើ​តេ ឆ្នាំមុន លោក លី សៀន​ឡុង បានកំណត់​យក​មូលបទ​ថ្មី​មួយ​គឺ «​អាស៊ាន​ដែលមាន​ភាព​អត់ធន់ និង​ការច្នៃប្រឌិត​ថ្មី​»​។ សិង្ហ​បុរី​ជា​ប្រធាន​អាស៊ាន​កំណត់​យក​បច្ចេកវិទ្យា​ឌីជីថល​ជា​រឿង​អទិភាព​សម្រាប់​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ស្រប​ពេលដែល​មានការ​ប្រែប្រួល​រហ័ស និង​ការកើនឡើង​នៃ​ភាពមិនប្រាកដប្រជា​នៃ​ភូមិសាស្ត្រ​នយោបាយ​តំបន់​។​
 
​រឿង​ដែល​មិនអាច​បដិសេធ​បាន​គឺ ក្តី​រំពឹង​តែងតែមាន​ខ្ពស់ ឲ្យ​តែ​ដល់ពេល​សិង្ហ​បុរី​កាន់​កៅអី​ប្រធាន​អាស៊ាន​ម្តង​។ គេ​រំពឹង​ដ្បិត​បុរី​រដ្ឋ​សិង្ហ​បុរី​មាន​អ្នកការទូត​ខ្លាំង និង​ជំហរ​នយោបាយ​ការបរទេស​បត់បែន​ខ្ពស់ និង​មាន​ប្រសិទ្ធភាព​។ សិង្ហ​បុរី​អាច​សម្របសម្រួល​ស្ថានការណ៍​ក្រោម​សម្ពាធ​បង្កឡើង​ដោយ​ការប្រកួតប្រជែង​ឥទ្ធិពល​នៃ​ប្រទេស​មហាអំណាច និង​បង្រួបបង្រួម​សមាជិក​អាស៊ាន​ដើម្បី​សម្រេច​ផ្លែផ្កា​ដុំកំភួន​បាន​ច្រើន​ក្នុងពេល​មួយឆ្នាំ​។ 
 
​ជុំវិញ​សមិទ្ធផល​អាស៊ាន​ក្រោម​ការដឹកនាំ​របស់​សិង្ហ​បុរី គំនិត​ផ្តួចផ្តើម​ថ្មី​ពីរ​ធំៗ​ដែល​សំខាន់ និង​ជា​របស់​សិង្ហ​បុរី​ផ្ទាល់​ត្រូវបាន​ដាក់ចេញ​។ នោះ​គឺ​ជំរុញ​ការតភ្ជាប់​ផ្នែក​ឌីជីថល​តាមរយៈ​ការបង្កើត​ទីក្រុង​ឆ្លាត​អាស៊ាន និង​ពង្រឹង​សន្តិសុខ​អ៊ីនធឺណិត​ក្នុង​តំបន់​អាស៊ាន​។​
 
​ងាក​ទៅ​មើល​វិស័យសេដ្ឋកិច្ច សិង្ហ​បុរី​ប្រឹងប្រែង​កៀងគរ​រក​ការគាំទ្រ​គោលការណ៍​ពហុភាគី​និយម និង​សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ច្បាប់​ជាដើម​។ សមិទ្ធផល​ដែល​គួរ​ឲ្យ​កត់សម្គាល់​គឺ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​សប្តាហ៍​នេះ​បាន​ឯកភាពគ្នា​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក (E-Commerce) លើកដំបូង​បំផុត​ដែល​វា​មាន​គោលដៅ​សម្រួល​ដល់​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លងដែន​ជាដើម​។  រឿង​ពាណិជ្ជកម្ម​ដដែល សិង្ហ​បុរី​ប្រឹងប្រែង​ជួយ​ជំរុញ​កា​រព​ន្លឿ​ន​ការចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ (RCEP) ត្រឹម​ឆ្នាំនេះ ហើយ​គេ​ឃើញ​មានការ​ការវិវត្ត​ជា​វិជ្ជមាន​ច្រើន​។ ការបញ្ចប់​ការចរចា RCEP ពន្យារពេល​ម្តង​ជា​ពីរដង​មកហើយ រាប់​ចាប់ពី​មានការ​ស្នើឡើង​ក្នុង​ឆ្នាំ ២០១២ ពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​។  
 
​ងាក​ទៅ​មើល​ផ្នែក​សន្តិសុខ​តំបន់​វិញ អាស៊ាន និង​ចិន សម្រេចបាន​នូវ​សេចក្តីព្រាង​តែមួយ​សម្រាប់​ការចរចា​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (single draft negotiating text of COC ) កាលពី​ខែសីហា​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​។ ក្រោម​ការជួយជ្រោមជ្រែង​ពី​សិង្ហ​បុរី​នេះដែរ រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​កាលពី​ខែតុលា បាន​ចុះ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ប្រឈមមុខគ្នា​យន្តហោះ​ចម្បាំង​ដោយ​ចៃដន្យ​លើ​អាកាស​។​
 
-​សិង្ហ​បុរី​ត្រៀម​ផ្ទេរ​ញញួរ​ឲ្យ​ប្រធាន​អាស៊ាន​ថ្មី «​ថៃ​»​ទាំង​ទើសទាល់​?

​ឆ្នាំ ២០០៨ និង ២០០៩ ពេល​ថៃ​ធ្វើជា​ប្រធាន​អាស៊ាន បាតុកម្ម​អាវ​លឿង អាវ​ក្រហម​ធ្វើ​ឲ្យ​ដាច់​សង្វាក់​កិច្ចប្រជុំ​នៅ​ប៉ា​តា​យ៉ា និង​បង្ខំ​ឲ្យ​ប្រតិភូ និង​មេដឹកនាំ​តំបន់​វេច​បង្វេច​ចាកចេញ​ទៅផ្ទះ​វិញ​ទាំង​កិច្ចប្រជុំ​មិនទាន់​ចប់​ចុង​ចប់​ដើម​។ ថៃ​បាក់មុខ​មិន​ស្ទើរ​ក្នុង​ក្របខណ្ឌ​តំបន់​។ 
 
​ដប់ឆ្នាំ​ក្រោយមក​ពោលគឺ ឆ្នាំ ២០១៩ ថៃ​នឹង​កាន់កាប់​កៅអី​ប្រធាន​អាស៊ាន​ជាថ្មី​មុន​រុញ​ឲ្យ​ទៅ​វៀតណាម​។ នា​កិច្ចប្រជុំ​អាស៊ាន​លើក​ទី ៣៣ ថ្ងៃ​ព្រហស្បតិ៍​ប្រធាន​អាស៊ាន​ឆ្នាំនេះ​នាយករដ្ឋមន្ត្រី លី សៀន​ឡុង នឹង​ផ្ទេរ​ញញួរ​ដល់​អនាគត​ប្រធាន​អាស៊ាន​នាយករដ្ឋមន្ត្រី​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា​។ 
 
​បច្ចុប្បន្ន​ស្ថានការណ៍​សន្តិសុខ​ហាក់ដូច​ស្ងប់ស្ងាត់ ប៉ុន្តែ​ស្ថានភាព​នយោបាយ​នៅ​ផុយ​ស្រួល​។ គ្មាន​ឡើយ​បាតុកម្ម គ្មាន​ហិង្សា​ប្រដាប់អាវុធ ឬ​កុប្បកម្ម ប៉ុន្តែ​នយោបាយ និង​សិទ្ធិសេរីភាព​នៅតែ​ត្រូវ​រឹតត្បិត​ព្រោះ​យោធា​នៅ​កាន់​ក្បាលម៉ាស៊ីន​ដឹកនាំ​។ 
 
​ប៉ុន្តែ ការផ្ទេរអំណាច​អាច​នឹង​កើតឡើង​នៅ​ដើមឆ្នាំ​ក្រោយ នៅពេលដែល​ការបោះឆ្នោត​សភា​ត្រូវ​រៀបចំឡើង​តាម​ការគ្រោងទុក​នៅ​ខែកុម្ភៈ​។ បើ​គ្មានអ្វី​ប្រែប្រួល រដ្ឋាភិបាល​ថ្មី​នឹង​កើតឡើង​នៅត្រឹម​ខែឧសភា ហើយ​តាម​កាលវិភាគ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៤​នឹងត្រូវ​ធ្វើឡើង​នៅ​ខែមិថុនា​។ ប៉ុន្តែ​សំណួរ​លេចចេញ​ជាថ្មី ថា​តើ​វា​អាច​នឹង​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​ដ៏​រ៉ាំរ៉ៃ ឬក៏​ដាស់​បាតុកម្ម​តាម​ចិញ្ចើមផ្លូវ​ឲ្យ​លេច​រូបរាង​ឡើងវិញ​ដែល​អាច​នាំ​ឲ្យ​ថៃ​បរាជ័យ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​អាស៊ាន​ជាថ្មីទៀត​?
 

Tag:
 អាស៊ាន​
  អាស៊ី​បូព៌ា​
  សិង្ហ​បុរី
© រក្សាសិទ្ធិដោយ thmeythmey.com