ជាតិ
សាលារាជធានី នឹងរៀបចំពិធីសូត្រមន្តដល់អ្នកស្លាប់ នៅលើស្ពានពេជ្រ កាលពី៨ឆ្នាំមុន
× ភ្នំពេញ៖ ដើម្បីរម្លឹកវិញ្ញណក្ខន្ធដល់អ្នកស្លាប់ កាលពី៨ឆ្នាំមុន ដោយសាររត់ជាន់គ្នានៅលើស្ពានពេជ្រ សាលារាជធានីភ្នំពេញ នឹងរៀបចំពិធីសូត្រមន្តឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានស្លាប់ទៅកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០។ នេះបើតាមសេចក្តីជូនដំណឹងរបស់ សាលារាជធានីភ្នំពេញ។
ពិធីរម្លឹកវិញ្ញណក្ខន្ធជនរងគ្រោះនេះ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា នៅស្តុបក្បាលស្ពាននាគ នៃមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ។ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ ដែលស្លាប់ទៅនៅលើស្ពានពេជ្រ សាលារាជធានីភ្នំពេញ បានអំពាវនាវឲ្យសាធារណជន ចូលរួមគោរពវិញ្ញណក្ខន្ធជនរងគ្រោះឲ្យបានទៅកាន់សុគតិភព។
សូមរម្លឹកថា កាលពីឆ្នាំ២០១០កន្លងទៅ មានប្រជាជនចំនួន៣៥៤នាក់ បានបាត់បង់អាយុជីវិត និង៣៩៥នាក់បានរងរបួស ដោយសារជួបឧបទ្ទវហេតុ រត់ជាន់គ្នានៅលើស្ពានពេជ្រកោះពេជ្រ នាពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ។ ម្យ៉ាងវិញទៀត ជារៀងរាល់ឆ្នាំ សាលារាជធានីភ្នំពេញ តែងតែងរៀបចំពិធីនេះ ដើម្បីឧទ្ទិសដល់វិញ្ញណក្ខន្ធដល់អ្នកស្លាប់ និងបង្ហាញពីភាពអាឡោះអាល័យចំពោះក្រុមគ្រូសារជនរងគ្រោះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com