មរណភាពរបស់ក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ក្នុងអំឡុងពេលដួលសន្លប់ក្នុងការប្រកួតប្រដាល់សេរីថៃ បានធ្វើឲ្យមានការជជែកវែកញែកថាតើកុមារគួរត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងប្រភេទកីឡាដ៏គ្រោះថ្នាក់នេះឬទេ ស្របពេលដែលក្មេងៗភាគច្រើនមើលឃើញថានេះជាឱកាសតែមួយគត់ដើម្បីពួកគេគេចផុតពីភាពក្រីក្រ។
Anucha Kochana ជាកីឡាករប្រដាល់វ័យក្មេងថៃ ត្រូវបានប្រកាសថាស្លាប់ដោយសារដាច់សរសៃឈាមខួរក្បាល នៅថ្ងៃទី១២ ខែវិច្ឆិកា បន្ទាប់ពីរូបគេចាញ់ដោយសន្លប់ក្នុងការប្រកួតប្រដាល់សេរីនៅសង្វៀនឯជាយក្រុងបាងកក កាលពីល្ងាចថ្ងៃអាទិត្យទី១១ វិច្ឆិកា។
កីឡាប្រដាល់ថៃ ឬ Muay Thai ដូចដែលគេដឹងហើយវាជាប្រភេតកីឡាដ៏ពេញនិយមមួយក្នុងប្រទេសថៃ ដែលមានក្មេងៗប្រុសរាប់លាននាក់ស្រមៃចង់បានភាពរុងរឿងតាមរយៈការឡើងវាយលើសង្វៀន ដើម្បីទទួលបានប្រាក់កាសសម្រាប់ខ្លួន និងក្រុមគ្រួសាររបស់ពួកគេ។
កីឡានេះត្រូវបានគ្រប់គ្រងដោយច្បាប់មួយចំនួន ដោយកំណត់ថាក្មេងៗគ្រប់វ័យសុទ្ធតែអាចឡើងវាយបាន ដែលនេះនឹងធ្វើឲ្យពួកគេប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬកាន់តែអាក្រក់ដូចករណីរបស់ Anucha ដ៏គួរឲ្យសោកស្តាយ។
សាច់ញាតិរបស់ Anucha ដែលសោកសៅក្រោយមរណភាពនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាពួកគេមិនចោទប្រកាន់អំពីការស្លាប់របស់កូនខ្លួនឡើយ។ ប៉ុន្តែពួកគាត់គ្រាន់តែស្នើរឲ្យមានការកែប្រែច្បាប់មួយចំនួន ដើម្បីរឹតបន្តឹងបទបញ្ជាក្នុងការហាមកុមារដែលមានអាយុក្រោម១២ ឆ្នាំចូលរួមការប្រកួតជាលក្ខណៈអាជីពប៉ុណ្ណោះ។
យ៉ាងណាកិច្ចខិតខំប្រឹងប្រែងដើម្បីឲ្យមានការផ្លាស់ប្តូរនេះត្រូវបានសហគមន៍កីឡាប្រដាល់ថៃភាគច្រើនជំទាស់។
លោក Somchart Charoenwatcharawit ប្រធានសមាគមកីឡាប្រដាល់អាជីពប្រចាំប្រទេសថៃបាននិយាយថាការស្នើឲ្យប្តូច្បាប់នេះនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពអ្នកប្រដាល់ក្មេងៗដែលមានអាយុក្រោម ១៥ ឆ្នាំ ប្រមាណ ៣០០.០០០ នាក់។
ឧត្តមសេនីយ៍ Adulyadej Inthapong អនុប្រធានគណៈកម្មាធិការសភាទទួលបន្ទុកកីឡា បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាអ្នកដែលមានអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំនឹងត្រូវចុះបញ្ជីដោយមានការអនុញ្ញាតពីឪពុកម្តាយ និងពាក់ឧបករណ៍ការពារនៅពេលប្រកួត។
ខ្សែវីដេអូនៃការប្រកួតចុងក្រោយរបស់ Anucha ត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញថា ក្មេងប្រុសម្នាក់នេះវាយដោយគ្មានឧបករណ៍ការពារឡើយ និងទទួលរងកណ្តាប់ដៃទៅលើផ្ទៃមុខនិងក្បាលរបស់គេដដែលៗ រហូតដួលផ្កាប់មុខទៅលើក្តារតាពីតែម្តង៕