កីឡាអន្តរជាតិ
អន្តរជាតិ
AFC ព្រមានអ៊ីរ៉ង់ជុំវិញការជ្រៀតជ្រែកពីរដ្ឋាភិបាលមុនព្រឹត្តិការណ៍ Asian Cup
× សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ព្រមានអ៊ីរ៉ង់ ថាពួកគេអាចប្រឈមនឹងការដាក់ទណ្ឌកម្មនៅមុនការប្រកួត Asian Cup 2019 នាខែមករាខាងមុខជុំវិញការជ្រៀតជ្រែករបស់រដ្ឋាភិបាលទៅក្នុងសហព័ន្ធកីឡាបាល់ទាត់ជាតិរបស់ពួកគេ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP ការព្រមានខាងលើកើតឡើងបន្ទាប់ពីសភាអ៊ីរ៉ង់បានអនុម័តច្បាប់រារាំងមន្ត្រីដែលចូលនិវត្តន៍ទៅហើយមកធ្វើការវិញដែលមានដូចជានៅក្នុងរដ្ឋាភិបាល រដ្ឋ និងស្ថាប័នសាធារណៈដែលប្រើលុយ ឬបរិក្ខាររបស់រដ្ឋ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាច្បាប់នេះក៏ត្រូវបានអនុវត្តទៅលើប្រធានសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ (FFIRI) បច្ចុប្បន្ន លោក Mahdi Taj និងសមាជិកក្រុមប្រឹក្សាភិបាលមួយចំនួនទៀតផងដែរ។
AFC បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃទី១៣ ខែវិច្ឆកាថាពួកគេកំពុងឃ្លាំមើលយ៉ាងដិតដល់ពីបញ្ហាបច្ចុប្បន្ន ហើយថា FFIRI បានប្រកាសខ្លួនថាមិនស្ថិតក្រោមការគ្រាប់គ្រងរបស់រដ្ឋាភិបាលនោះទេ។
ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់តំបន់អាស៊ីព្រមានទៀតថា៖«សមាគមសមាជិកទាំងអស់ត្រូវបំពេញភារកិច្ចរបស់ខ្លួនដោយគ្មានការជ្រៀតជ្រែកពីភាគីទី ៣ ណាមួយពីរដ្ឋាភិបាល ឬសភាឡើយ។ AFC មានគោលនយោបាយមិនអត់ឱនចំពោះការជ្រៀតជ្រែករបស់ភាគីទីបីណាមួយនៅក្នុងសមាគមន៍ជាសមាជិករបស់ខ្លួន ហើយសង្ឃឹមថារយៈពេលក្រោម២ខែ ចំពោះការចូលរួមព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ ២០១៩ នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ខាងភាគី FFIRI អាចរក្សាឯករាជ្យរបស់ខ្លួន និងចៀសវាងការដាក់ទណ្ឌកម្មណាមួយ។
ជុំវិញករណីនេះដែរ FIFA ក៏ធ្លាប់បានដាក់ទណ្ឌកម្មអ៊ីរ៉ង់ម្តងរួចមកហើយកាលពីខែវិច្ឆិកា ឆ្នាំ២០០៦ ដោយសារតែការជ្រៀតជ្រែករបស់រដ្ឋាភិបាលនៅក្នុង FFIRI ។ ការហាមនោះត្រូវបានដកចេញវិញនៅរយៈពេលមួយខែក្រោយមក៕
Tag:
បាល់ទាត់
AFC Asian Cup
អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com