អន្តរជាតិ
ឌូ​ទើ​តេ មិន​ចូលរួម​កម្មវិធី​ប្រជុំ​សំខាន់​បី នា​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​សិង្ហ​បុរី​
14, Nov 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ មិនបាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​សំខាន់​ពីរ​មាន​កិច្ចប្រជុំ​អាស៊ាន​-​អូស្ត្រាលី និង កិច្ចប្រជុំ​អាស៊ាន​-​កូរ៉េខាងត្បូង​ដែល​រៀបចំឡើង​នៅ​ថ្ងៃ​ពុធ​ទី ១៤ ខែវិច្ឆិកា​នៅ​សិង្ហ​បុរី​ឡើយ​។ លោក​ក៏​មិន​ចូលរួម​ក្នុង​ពិធី​អាហារ​ថ្ងៃត្រង់​ការងារ​ដែល​រៀបចំ​ដោយ​ប្រធាន​អាស៊ាន​ដែរ​។ រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​ជា​តំណាង​ឲ្យ​ប្រធានាធិបតី ហើយ​វា​មិនមាន​ការបកស្រាយ​ឡើយ​ជុំវិញ​អវត្តមាន​ប្រធានាធិបតី​។


 
​ជាថ្មី​ម្តងទៀត​លោក ឌូ​ទើ​តេ មិនមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​-​អូស្ត្រាលី​ឡើយ​។ អវត្តមាន​លើកដំបូង​គឺ កាល​អូស្ត្រាលី​រៀបចំ​កិច្ចប្រជុំ​ពិសេស​អាស៊ាន​-​អូស្ត្រាលី​នៅ​ទីក្រុង​ស៊ីដនី​កាលពី​ខែមីនា ហើយ​អវត្តមាន​លើក​ទី​ពីរ​គឺ​នៅ​ថ្ងៃ​ពុធ​នេះ​ពេលដែល​កិច្ចប្រជុំ​ត្រូវ​រៀបចំឡើង​នៅ​សិង្ហ​បុរី​។​
 
​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Rappler ក្រៅពី​អវត្តមាន​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​-​អូស្ត្រាលី លោក​ឌូ​ទើ​តេ ក៏​មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​-​កូរ៉េខាងត្បូង​ដែរ​។ ចំណែក​រដ្ឋមន្ត្រីការបរទេស Teodoro Locsin Jr ជា​តំណាង​ពិសេស​របស់លោក ឌូ​ទើ​តេ ដើម្បី​ចូលរួម​ប្រជុំ​ទាំងនេះ​វិញ​។ 
 
​បន្ទាប់មកទៀត​នៅក្នុង​កម្ម​វី​ធី​អាហារ​ថ្ងៃត្រង់​ការងារ​ដែល​រៀប​ដោយ​ប្រធាន​អាស៊ាន​លោក លី សៀន​ឡុង លោក ឌូ​ទើ​តេ មិនមាន​វត្តមាន​ជាថ្មី​ម្តងទៀត​។​
​នៅ​ថ្ងៃ​ពុធ វា​មាន​កិច្ចប្រជុំ​ផ្លូវការ​សរុប ៩ ដែល​លោក​ត្រូវ​ចូលរួម​ប៉ុន្តែ​លោក​ខកខាន​មិនបាន​ចូលរួម​កិច្ចប្រជុំ​ចំនួន​បី​រួចទៅហើយ​។ ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ លោក​នៅតែ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​-​ចិន​ដដែល​។  
 
​មានការ​យល់ឃើញថា លោក ឌូ​ទើ​តេ មិនអាច​ខកខាន​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​-​ចិន​ឡើយ ដ្បិតថា បច្ចុប្បន្ននេះ ហ្វីលីពីន​កំពុង​ដើរតួនាទី​ជា​អ្នកសម្របសម្រួល​កិច្ចសន្ទនា​រវាង​អាស៊ាន​និង​ចិន​។ កិច្ចសន្ទនា​បច្ចុប្បន្ននេះ​កំពុង​ផ្តោតលើ​ការ​ចងក្រង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែលជា​ឯកសារ​គតិយុត្តិ​ដ៏​សំខាន់​មួយ​ដែលមាន​គោលដៅ​ទប់ស្កាត់​ជម្លោះ​ហិង្សា​រវាង​ចិន​និង​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ​។ 
 
​យ៉ាងណា​ក៏ដោយចុះ វា​មិនមាន​ការបកស្រាយ​ណាមួយ​ពី​ខាង​វិមាន​ប្រធានាធិបតី ឬ​មន្ត្រីជាន់ខ្ពស់​ឡើយ​ជុំវិញ​អវត្តមាន​របស់​ប្រធានាធិបតី​ក្នុង​កិច្ចប្រជុំ​សំខាន់ៗ​ខាងលើនេះ​។ 
​អវត្តមាន​ប្រធានាធិបតី ឌូ​ទើ​តេ នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់​មិនមែនជា​រឿង​ថ្មី​ឡើយ​គិត​ចាប់ពី​ពេលដែល​លោក​ឡើងកាន់តំណែង​ឆ្នាំ ២០១៦​មក​នោះ​។ ដូច​ឃើញស្រាប់ លោក​មិនមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​-​អាមេរិក និង​អាស៊ាន​-​ឥណ្ឌា​នៅក្នុង​ឆ្នាំ ២០១៦ ពេល​ឡាវ​ធ្វើជា​ប្រធាន និង​មិនបាន​ចូលរួម​ពិធី​លាង​សាយភោជន៍​កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​វៀតណាម​ឆ្នាំមុន​។  
 
​កាលពី​ឆ្នាំមុន​លោក​មិនបាន​ខកខាន​ចូលរួម​កិច្ចប្រជុំ​ណាមួយ​ក្នុង​ក្របខណ្ឌ​អាស៊ាន​ឡើយ ដ្បិតថា​កាលនោះ​គឺ លោក​ធ្វើជា​ប្រ​ធានា​អាស៊ាន​ប្តូរ​វេន​ដោយផ្ទាល់​៕
 

Tag:
 សិង្ហ​បុរី​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com