ជាតិ
លោក Heidt ស្នើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ដក​ទណ្ឌកម្ម​ទិដ្ឋាការ​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​
15, Nov 2018 , 11:50 am        
រូបភាព
រូបពីហ្វេសប៊ុក សម្ដេច ស ខេង​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
រូបពីហ្វេសប៊ុក សម្ដេច ស ខេង​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​លោក William A. Heidt ឯកអគ្គរដ្ឋទូត​ផុត​អាណត្តិ​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ស្នើ​ឲ្យ​រដ្ឋាភិបាល​ខ្លួន ដក​ទណ្ឌកម្ម​ទិដ្ឋាការ​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ពង្រឹង​កិច្ចសហការ​ប្រទេស​ទាំងពីរ​ឡើងវិញ​។ លោក Heidt ប្រាប់​ពី​បំណង​របស់ខ្លួន​នេះ នៅក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង​។​


 
​លោក Heidt បាន​និយាយថា លោក​កំពុង​រង់ចាំ​ចម្លើយ ពី​ខាង​អន្តោប្រវេសន៍​អាមេរិក​លើ​បញ្ហា​ទិដ្ឋាការ​មន្ត្រី​កម្ពុជា​នេះ​។ ហើយ​បើ​នៅតែ​គ្មាន​ចម្លើយ​នោះ លោក នឹង​បន្ត​លើក​ករណីនេះ ស្នើ​ទៅ​រដ្ឋាភិបាល​ខ្លួន​ម្ដងទៀត​។​
 
​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ផាត សុ​ផានិត បាន​ស្រង់​សម្ដី​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ប្រាប់​អ្នកកាសែត កាលពី​ថ្ងៃទី​១៤ វិច្ឆិកា ដូច្នេះ​ថា​៖«​ក្នុងនាម​ឯកឧត្តម​(Heidt) ផ្ទាល់ខ្លួន បានស្នើ​ជា​យោបល់​ថា គួរ​សហរដ្ឋអាមេរិក​អាច​ពិនិត្យ​លទ្ធភាព​សម្រួល ឬ​ដកចេញ​ទណ្ឌកម្ម​ទិដ្ឋាការ​ដែល​បានដាក់​មកលើ​មន្ត្រី​កម្ពុជា​មួយចំនួន​។ ទោះបី​មកដល់​ពេល​ឯកឧត្តម​មិនទាន់​ទទួលបាន​ការឆ្លើយតប​យ៉ាងណា​ពី​អន្តោប្រវេសន៍​សហរដ្ឋអាមេរិក ប៉ុន្តែ​ឯកឧត្តម ក៏​បន្ត​យក​បញ្ហា​នេះ​ទៅ​ជជែក​ជាមួយ​ខាង​សហរដ្ឋអាមេរិក​វិញ​បន្តទៀត នៅពេល​ឯកឧត្តម​ត្រឡប់​ទៅវិញ​»​។​
 
​បំណង​របស់លោក Heidt ដែល​ចង់​ឲ្យ​រដ្ឋាភិបាល​អាមេរិក ដក​ទណ្ឌកម្ម​ទិដ្ឋាការ​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា គឺ​ស្របតាម​គោល​គំនិត​របស់​កម្ពុជា​ដែរ​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បាន​និយាយថា បើ​អាមេរិក​ដក​ទណ្ឌកម្ម​ទិដ្ឋាការ​ពី​កម្ពុជា​មែន​នោះ វា​គឺជា​កាដូ​ដ៏​ល្អ​មួយ សម្រាប់​កម្ពុជា​។ ជាពិសេស​វា​នឹង​ជួយ​ដល់​ការពង្រឹង​កិច្ច​សហប្រតិបត្តិ​រវាង​ភាគី​ទាំងពីរ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។​
 
«​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា ជាគោលការណ៍​គឺ​គ្មានអ្វី​ប្រែប្រួល​ទេ គឺ​នឹង​បន្ត​អនុវត្ត​នូវ​អ្វីដែល​យើង​បាន​ព្រមព្រៀងគ្នា ហើយនឹង​សូម​អរគុណ​ចំពោះ​ឯកឧត្តម​អគ្គរដ្ឋទូត បើសិនជា​សហរដ្ឋអាមេរិក​លុបចោល​នូវ​បម្រាម​ទិដ្ឋាការ​នោះបាន វា​គឺជា​អំណោយ​កាដូ​មួយ សម្រាប់​កម្ពុជា​ខិតខំ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​នេះ ហើយក៏​ដូចជា​កាដូ​មួយ ក្នុងការ​លើកកម្ពស់​ទៅដល់​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ស ខេង ដែល​ត្រូវបាន​ស្រង់​សម្តី​ដោយ​លោក ផាត សុ​ផានិត​។​
 
​ជាមួយគ្នានេះ​ភាគី​ទាំងពីរ ក៏បាន​ប្ដេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ការជួញដូរ​មនុស្ស ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការពារ​សន្តិសុខ​ដល់​បុគ្គលិក​ស្ថានទូត​អាមេរិក តាមរយៈ​កម្លាំង​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំងពីរ​។ ក្រៅពីនេះ​កម្លាំង​អនុវត្ត​ច្បាប់​កម្ពុជា​-​អាមេរិក គ្រោង​ចុះហត្ថលេខា​រួមគ្នា ក្នុងការ​បង្កើត​ក្រុមការងារ​មួយ សម្រាប់​ការពង្រឹង​ទៅលើ​ការអនុវត្ត​ច្បាប់​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​៕ 
 

Tag:
 ​ស ខេង​
  Heidt
  ទិដ្ឋាការ​
© រក្សាសិទ្ធិដោយ thmeythmey.com