អន្តរជាតិ
គណៈកម្មការ​សភា​អាមេរិក​ព្រមាន​ប្រឆាំងនឹង​រដ្ឋាភិបាល​ទិញ​ឧបករណ៍​អ៊ីនធឺណិត​ផលិត​នៅ​ចិន​
15, Nov 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​គណៈកម្មការ​ប្រឹក្សា​នៃ​រដ្ឋសភា​អាមេរិក​បានប្រកាសថា ការទិញ​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ភ្ជាប់​ទៅ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ផលិត​នៅ​ប្រទេស​ចិន​បានធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ក្លាយជា ប្រទេស​ងាយ​រងគ្រោះ​នៃ​ការរំលោភបំពាន​លើ​ផ្នែក​សន្តិសុខ ដែល​ការណ៍​នេះ​អាចធ្វើ​ឲ្យ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ស្ថិតក្នុង​ភាព​ប្រថុយប្រថាន​។​

 
​គណៈកម្មការ​ទទួលបន្ទុក​ត្រួតពិនិត្យ​សេដ្ឋកិច្ច និង​សន្តិសុខ​សហរដ្ឋអាមេរិក​និង​ចិន​កាលពី​ថ្ងៃ​ពុធ​បានចេញ​ផ្សាយ​ការព្រមាន​នៅក្នុង​របាយ​ការណ៍​មួយ​ដែល​ផ្តោតលើ​ការកើនឡើង​នៃ​ការប្រើប្រាស់​ឧបករណ៍​អ៊ីនធឺណិត​នៅតាម​ផ្ទះ​។ របាយការណ៍​នេះ​បាន​និយាយថា​ការ​រុញច្រាន​របស់​ចិន​ដើម្បី​គ្រប់គ្រង​ទៅលើ​សម្ភារៈ​ទូទៅ​ដែល ភ្ជាប់​អ៊ីនធឺណិត​ឬ​Internet of things​បាន​បង្ក​ជា​ហានិភ័យ​យ៉ាងខ្លាំង​ដល់​ផ្នែក​សន្តិសុខ​និង​ឯកជន​ភាព​នៅ​សហរដ្ឋអាមេរិក​។​
 
​ប្រទេស​ចិន ដែល​កំពុង​ព្យាយាម​ជំរុញ​ខ្លួន​ឲ្យ​ក្លាយជា​ប្រទេស​គ្រប់គ្រង​លើ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ត្រឹម​ឆ្នាំ​២០២៥​នោះ បាន​បង្ក​ជា​ក្តីបារម្ភ​យ៉ាងខ្លាំង​រួចទៅហើយ​សម្រាប់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​កំពុងមាន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​ទាំងពីរ​នៅក្នុង​ពិភពលោក ដែល​បាន​ដំឡើង​ពន្ធគយ​លើ​ទំនិញ​នាំចូល​ទៅវិញទៅមក​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំនេះ​។​
 
​សហរដ្ឋអាមេរិក​ក៏មាន​ក្តីបារម្ភ​អំពី​ការ​លួច​បច្ចេកវិទ្យា ដែល​គាំទ្រ​ដោយ​ដោយ​រដ្ឋ​ចិន ដែលជា​អ្វីដែល​ប្រទេស​ចិន​ធ្លាប់បាន​យល់ព្រម​ថា បញ្ឈប់​សកម្មភាព​កាលពី​ឆ្នាំ​២០១៥៕
 

© រក្សាសិទ្ធិដោយ thmeythmey.com