ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ ក៏ដូចជាធ្លាប់ទទួលទានផ្លែស្ពឺរួចហើយ ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថា ផ្លែឈើមួយប្រភេទនេះអាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យចំពោះសុខភាពរាងកាយ។ ថាតើផ្លែស្ពឺល្អយ៉ាងណា ហើយមានផ្ទុកសារធាតុចិញ្ចឹមចាំបាច់អ្វីខ្លះទៅ?
ថ្ងៃនេះយើង នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរគួរឲ្យកត់សម្គាល់នៃការទទួលទានផ្លែស្ពឹចំពោះសុខភាពរាងកាយ ៖
១. ប្រឆាំងនឹងការរលាក
ផ្លែស្ពឹ គឺជាផ្លែឈើដែលមានផ្ទុកបរិមាណពិសេសនៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុប្រឆាំងការរលាក ដែលជួយទប់ស្កាត់បញ្ហាស្បែកផ្សេងៗដូចជា ជំងឺរលាកស្បែក dermatitis។ លើសពីនេះទៅទៀត ផ្លែស្ពឹ ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជួយរាងកាយបញ្ចេញជាតិពុល និងរក្សាឲ្យបាននូវសុខភាពរាងកាយល្អរឹងមាំ។
២. ទប់ស្កាត់ជំងឺមហារីក
ភ្នាក់ងារបង្កមហារីក និងរ៉ាឌីកាល់សេរី នៅក្នុងរាងកាយអាចបណ្ដាលឲ្យមានការខូចខាតគួរឲ្យព្រួយបារម្ភដល់កោសិកា ជាហេតុបង្កទៅជាជំងឺមហារីក។ ផ្លែស្ពឺ គឹមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលជួយក្នុងការសម្អាតរាងកាយ ដោយការកម្ចាត់ ឬបំបែករ៉ាឌីកាល់សេរី មុនពេលវាអាចបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរ។ ជាតិសសៃខ្ពស់ដែលមានវត្តមានក្នុងផ្លែស្ពឺ ក៏ជួយជម្រះជាតិពុលនៅក្នុងពោះវៀនធំ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរ។
៣. គ្រប់គ្រងជំងឺទឹកនោមផ្អែម
ការទទួលទានផ្លែឈើដែលមានផ្ទុកសម្បូរទៅដោយជាតិសសៃមិនរលាយដូចជា ផ្លែស្ពឺ គឺអាចជួយទប់ស្កាត់ការបញ្ចេញជាតិស្ករគ្លុយកូសលើសកម្រិត។ ហើយការបញ្ចេញជាតិគ្លុយកូសត្រឹមត្រូវជួយក្នុងការគ្រប់គ្រងកម្រិតអាំងស៊ុយលីនក្នុងរាងកាយ ដូច្នេះវាជាជម្រើសនៃផ្លែឈើល្អប្រសើរមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ហើយក៏ល្អសម្រាប់អ្នកដែលមិនចង់កើតជំងឺនេះផងដែរ។
៤. ធ្វើឲ្យការរំលាយអាហារកាន់តែប្រសើរឡើង
សារធាតុ Dietary fibre ដែលមានផ្ទុកនៅក្នុងផ្លែស្ពឺ ដើរតួនាទីយ៉ាងសំខាន់ចាំបាច់មួយជួយបង្កើនការរំលាយអាហារ។ វាអាចជម្រុញចលនានៃលាមកតាមរយៈបំពង់រំលាយអាហារដែលជួយកាត់បន្ថយអាការៈហើមពោះ, ទល់លាមក និងរមួលឆ្អល់ពោះ។
៥. ល្អសម្រាប់សុខភាពបេះដូង
បរិមាណខ្ពស់ជាតិប៉ូតាស្យូម និងសូដ្យូមដែលមានផ្ទុកនៅក្នុងផ្លែស្ពឺ ដើរតួជាសារធាតុអេឡិចត្រូលីត្រក្នុងរាងកាយដែលជួយក្នុងការគ្រប់គ្រង់រក្សាភាពប្រក្រតីនៃសម្ពាធឈាម។ ហើយក៏ធ្វើឲ្យអត្រាចង្វាក់បេះដូងលោតមានភាពប្រក្រតី និងលំហូរឈាមមានសុខភាពល្អផងដែរ។
៦. ប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម
ផ្លែស្ពឺ គឺមានផ្ទុកនូវវីតាមីន C ខ្ពស់ ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយទប់ស្កាត់វត្តមាននៃវីរុស និងបាក់តេរីផ្សេងៗឲ្យនៅឆ្ងាយពីរាងកាយ។ មិនត្រឹមតែប៉ុណ្ណឹងទេ ផ្លែឈើនេះក៏មានផ្ទុកសារធាតុ epicatechin, quercetin និងអាស៊ីត gallic ដែលមានប្រសិទ្ធិភាពអាចកាត់បន្ថយហានិភ័យនៃជំងឺកាចសាហាវមួយចំនួនបានផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh