ជាតិ
សង្គមជាតិ
សហភាព​អឺរ៉ុប​, អាមេរិក​, ស៊ុយអែត ឲ្យ​២៧​លាន​ដុល្លារ ដើម្បី​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា​
16, Nov 2018 , 8:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សហភាព​អឺរ៉ុប  ស៊ុយអែត សហរដ្ឋអាមេរិក អង្គការ​យូ​នី​សេ​ហ្វ រួមទាំង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត បានផ្តល់​ថវិកា​ចំនួន​២៧​លាន​ដុល្លារ តាមរយៈ​មូលនិធិ​ភាពជា​ដៃគូ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​អប់រំ​នៅ​កម្ពុជា (CDPF) ដើម្បី​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា​ឲ្យ​មាន​គុណភាព​។


 
​ថវិកា​ចំនួន​២៧​លាន​ដុល្លារ​នេះ នឹង​អនុវត្ត​រយៈពេល​៤​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៨ ដល់​២០២១ ក្នុង​គោលបំណង​គាំទ្រ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ធានា​ឲ្យ​បាន​នូវ​ប្រព័ន្ធ​អប់រំ​ប្រកបដោយ​គុណភាព​កាន់តែ​អំណោយផល​ជាង​មុន​។ 
 
​នៅក្នុង​ពិធី​ប្រកាស​ពី​ការ​ផ្តល់ជំនួយ​នៅក្នុង​កម្មវិធី «​ផ្សព្វផ្សាយ​គម្រោង​មូលនិធិ​ភាពជា​ដៃគូ​សម្រាប់​អភិវឌ្ឍន៍​សមត្ថភាព​» ជំនា​ន់ទី​៣​នេះ លោក George Edgar តំណាង​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​និយាយថា ការផ្តល់​ថវិកា​នេះ​បង្ហាញ​ឲ្យ​ឃើញថា មូ​និ​ធី CDPF នឹង​បង្កើន​ការគាំទ្រ​ដល់​ការគ្រប់គ្រង​កំណែទម្រង់​វិស័យ​អប់រំ និង​ពង្រឹងសមត្ថភាព​គ្រូបង្រៀន ដើម្បី​ឲ្យ​កុមារ​បាន​ចំណេះដឹង​កាន់តែ​ប្រសើរ​ជាង​មុន​។​
 
​លោក George edgar បញ្ជាក់ថា​៖«​សហភាព​អឺរ៉ុប និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត និង​ក្រសួង​អប់រំ គឺជា​ដៃគូ​សហការ​រយៈពេល​វែង សម្រាប់​បង្កើន​សមត្ថភាព​នៅ​ថា្នក់​ខេត្ត និង​ស្រុក និង​សាលារៀន ដើម្បី​ធានាបាន​ថា កុមារ​នៅ​កម្ពុជា អាច​ទទួលបាន​ការអប់រំ​ស្មើៗ​គ្នា និង​លើកកម្ពស់​ការសិក្សា​ប្រកបដោយ​ប្រសិទ្ធភាព​»​។ 


 
​ជាមួយគ្នា​ផងដែរ លោក ណាត ប៊ុន​រឿន រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ បាន​លើកឡើងថា ជំនួយ​ដែល​បានផ្តល់​ឲ្យ​នេះ នឹង​អនុវត្ត​លើ​ការពង្រឹង​សមត្ថ​ភា​ពបុ​គ្គល អង្គភាព និង​ស្ថាប័ន ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​វិស័យ​អប់រំ​សម្រេចបាន​នូវ​សេវា​អប់រំ​ល្អ​។ 
 
​លោក ប​ពា្ជ​ក់​បែបនេះ​ថា​៖«​ជំនួយ​ពី​ភាគី​ទាំងអស់នេះ យើង​នឹង​យកទៅ​ពង្រឹង និង​បណ្តុះបណ្តាល​សមត្ថភាព​គ្រូ​នៅតាម​សាលា​គរុ​កុសល​ទូទាំងប្រទេស​កម្ពុជា និង​ពង្រឹង​បន្ថែម​លើ​មុខវិជ្ជា​ព័ត៌មានវិទ្យា​។ ម្យ៉ាងវិញទៀត​សមត្ថភាព​គ្រូបង្រៀន​ក៏​នៅមានកម្រិត ដូច្នេះ​យើង​បង្កើន​សមត្ថភាព​គ្រូ​បន្ថែមទៀត ហើយ​យើង​នឹង​ផ្តល់​ជា​សម្ភារ​សិក្សា​នៅតាម​មូលដ្ឋាន​នានា ដូចជា​កុំព្យូទ័រ ម៉ាស៊ីនថតចម្លង និង​គ្រឿង​សម្ភារ​ផ្សេងទៀត​ផងដែរ  ដើម្បី​ឲ្យ​សិក្សា​នុ​សិស្ស​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​សិក្សា​»​។ 


 
​បើតាម​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ខាងលើ គម្រោង​មូលនិធិ​ភាពជា​ដៃគូ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​អប់រំ​នេះ បាន​អនុវត្ត​រយៈពេល​៧​ឆ្នាំ​រួចមកហើយ ពី​ឆ្នាំ​២០១១ ដល់​២០១៧ ហើយ​ក្រសួង​អប់រំ​នៅតែ​បន្ត​អនុវត្តន​គម្រោង​នេះ​រយៈពេល​៤​ឆ្នាំ​បន្តទៀត ចាប់ពី​ឆ្នាំ​២០១៨ ដល់​២០២១ ដែលមាន​ដៃគូ​គាំទ្រ​ដូចជា សហភាព​អឺរ៉ុប និង​ស៊ុយអែត យូ​នី​សេ​ហ្វ មូលនិធិ​ភាពជា​សកល​សម្រាប់​ការអប់រំ និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍ​អន្តរជាតិ​៕ 
 

Tag:
 ថវិកា​
 ​អប់រំ​
  សហភាព​អឺរ៉ុប​
  ស៊ុយអែត
© រក្សាសិទ្ធិដោយ thmeythmey.com