ជាតិ
អគ្គនាយករង​ពន្ធនាគារ​៖ ភាព​តូចចង្អៀត​ក្នុង​ពន្ធនាគារ ធ្វើ​ឲ្យ​កើនឡើង​អ្នកជំងឺ​ឆ្លង និង​ជំងឺផ្លូវចិត្ត​
15, Nov 2018 , 8:19 pm        
រូបភាព
លោក លីម សុខា អគ្គនាយករងពន្ធនានៃក្រសួងមហាផ្ទៃ ផ្នែកសុខាភិបាល
លោក លីម សុខា អគ្គនាយករងពន្ធនានៃក្រសួងមហាផ្ទៃ ផ្នែកសុខាភិបាល
​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា​បានធ្វើ​ឲ្យ​អ្នក​ជាប់​ឃុំខ្លួន ប្រឈមមុខ​នឹង​ការឆ្លង​ជំងឺ និង​ជំងឺផ្លូវចិត្ត​។ នេះ​ជាការ​លើកឡើង​របស់លោក លីម សុខា អគ្គនាយករង​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ផ្នែក​សុខាភិបាល​។​


 
​លោក លឹម សុខា បាន​និយាយថា ជំងឺឆ្លង​ដែល​កើនឡើង​ក្នុង​ពន្ធនាគារ ដោយសារ​បញ្ហា​ចង្អៀត​ណែន​នោះ រួមមាន ជំងឺអេដស៍ ជំងឺរបេង និង​ជំងឺ​ផ្សេងៗ​ជាដើម​។ ចំណែក​ជំងឺផ្លូវចិត្ត​របស់​ជន​ជាប់ឃុំ​ភាគច្រើន កើតឡើង​ដោយសារ ការបាក់​ទឹកចិត្ត គិត​ច្រើន តូចចិត្ត និង​អ្នក​ខ្លះទៀត​មានការ​សោកស្តាយ​នូវ​រឿង​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ។​
 
​ថ្លែង​ក្នុង​សន្និសីទ​លើក​ទី​២ អាស៊ី និង​ប៉ាស៊ីហ្វិក ស្តីពី​សុខុមាលភាព​ក្នុង​ពន្ធនាគារ​(APCPH) នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា នា​ថ្ងៃទី​១៤​វិ​ច្ជិ​កា  លោក លឹម សុខា បានបញ្ជាក់​ដូច្នេះ​ថា ៖«​ចំពោះ​ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ដែល​យើង​បានកំណត់​ច្បាស់​ថា គាត់​មាន​បញ្ហា​រោគ​ចិត្ត យើង​ឲ្យ​ពួកគាត់​ទៅ​បើក​ថ្នាំ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ ក្រៅពីនេះ យើង​មាន​កម្មវិធី​ពង្រឹងស្មារតី​តាមរយៈ​អង្គការ​ផ្សេងៗ ដែល​បានមក​បង្រៀន ដើម្បី​ឲ្យ​ពួក​មាន​ស្មារតី​រឹងប៉ឹង​ឡើងវិញ​»​។ 


 
​បើតាម​លោក លឹម សុខា ភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ បាន​នាំ​ឲ្យ​មាន​កើនឡើង​ជំងឺឆ្លង​និង​បញ្ហា​ផ្លូវចិត្ត ដែលមាន​អត្រា​រហូតដល់​៧៥​ភាគរយ នៃ​អ្នក​ជាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា​។​
 
​ទ​ន្និ​ន័យ​របស់​អគ្គនាយករង​ពន្ធ​នា​នៃ​ក្រសួងមហាផ្ទៃ​ផ្នែក​សុខាភិបាល បានបង្ហាញ​ថា​ករណី​ជំងឺរបេង​ក្នុង​ពន្ធនាគារ នៅ ឆ្នាំ​២០១៦ មាន​ចំនួន​១៣៩​នាក់ ក្នុងចំណោម​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​សរុប​ជាង​៣​ម៉ឺន​នាក់​។ រីឯ​ឆ្នាំ​២០១៧ មាន​អ្នក​ជំងឺរបេង​២១៤​នាក់ ខណៈ​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ មាន​ជន​ជាប់ឃុំ​ខ្លួន​ដែល​ផ្ទុក​ជំងឺរបេង ចំនួន​១៩១​នាក់​។ 


សន្និសីទលើកទី២ អាស៊ី ប៉ាស៊ីហ្វិក លើសុខុមាលភាពកក្នុងពន្ធនាគារ(APCPH)ចាប់ពីថ្ងៃទី១៤-១៦វិច្ជិកា នៅរាជធានីភ្នំពេញ​
 
​ដោយឡែក ជន​ជាប់ឃុំ​មាន​ជំងឺអេដស៍​វិញ ក្នុង​ឆ្នាំ​២០១៦ មាន​៣៣០​នាក់ ហើយ​កើនឡើង​៣៩២​នាក់ នៅ​ឆ្នាំ​២០១៧ ។ រីឯ​រយៈពេល​៦​ខែ ឆ្នាំ​២០១៨ មាន​ចំនួន​១០៥​នាក់​។  គិត​ចាប់ពី​ឆ្នាំ​២០១៤ ដល់​ឆមាស​ទី​១​ឆ្នាំ​២០១៨ មាន​អ្នកជំងឺ​អេស​ដ៍ ស្លាប់​២៦​នាក់ ក្នុងចំណោម​អ្នក​កើត​ជំងឺ​អេស​ដ៍​សរុប ក្នុង​ពន្ធនាគារ ។ នេះ​បើតាម​ទ​ន្និ​ន័យ​របស់​អគ្គនាយករង​ពន្ធ​នា​។​


 
​យោងតាម​ទ​ន្និ​ន័យ​របស់​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម​ICRC ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក មាន​ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ប្រហែល​៤​លាន​នាក់ ក្នុង​មួយឆ្នាំៗ​។ ជន​ឃុំខ្លួន​ទាំងនោះ​ភាគច្រើន គឺ​មកពី​សហគមន៍​ដែល​ងាយ​រងគ្រោះ បាន​ជាប់ពន្ធនាគារ​។ 


 
​សូមបញ្ជាក់ថា គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម​ICRC បានរៀបចំ​សន្និសីទ​លើក​ទី​២ អាស៊ី ប៉ាស៊ីហ្វិក លើ​សុខុមាលភាព​ក​ក្នុង​ពន្ធនាគារ​(APCPH) ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៦​វិ​ច្ជិ​កា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ​។ សន្និសីទ​លើក​ទី​២ មានការ​ចូលរួម​ពី​សំណាក់ មន្ត្រី​រដ្ឋាភិបាល និង​អ្នកជំនាញ​ផ្នែក​សុខភាព​ពន្ធនាគារ ចំនួន​១៧​ប្រទេស ដើម្បី​ជួបជុំគ្នា​ពិភាក្សា​ពី​បញ្ហា​ខាងលើ និង​ចែករំលែក ក៍​ដូចជា​ការបង្កើន​ការសហការ​ដៃគូ​ជា​អន្តរជាតិ លើ​ការផ្តល់​សុខុមាលភាព​ក្នុង​ពន្ធនាគារ​នៅ​តំបន់ និង​លើសពីនេះ​ផងដែរ​នេះ​៕ 
 

Tag:
 ពន្ធនាគារ​
  ជំងឺ​
  របេង​
  អេដស៍​
  លឹម សុខា​
  ICRC
© រក្សាសិទ្ធិដោយ thmeythmey.com