ជាតិ
សម្តេច ស្វាគមន៍​ផែនការ​ជួបគ្នា​ជាថ្មី​រវាង​មេដឹកនាំ​កូរ៉េខាងជើង និង​អាមេរិក ដើម្បី​ឈានទៅ​លុបបំបាត់​នុយ​ក្លែ​អ៊ែរ​
15, Nov 2018 , 4:35 pm        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជួបលោក ម៉ូន ប្រធានាធិបតីកូរ៉េខាងត្បូង ពេលទៅប្រជុំនៅសិង្ហបុរី។ រូបពីទំព័រហ្វេសបុកសម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជួបលោក ម៉ូន ប្រធានាធិបតីកូរ៉េខាងត្បូង ពេលទៅប្រជុំនៅសិង្ហបុរី។ រូបពីទំព័រហ្វេសបុកសម្តេច ហ៊ុន សែន
​ភ្នំពេញ​៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ស្វាគមន៍​ជំនួប​កំពូល​អន្តរ​កូរ៉េ  និង​ជំនួប​កំពូល​រវាង​អាមេរិក និង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ដែលជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅរក​ការកសាង​សន្តិភាព​អចិ​ន្រៃ្ត​យ៍ កិច្ចសហប្រតិបត្តិការ ព្រមទាំង​ការលុបបំបាត់​អាវុធ​នុយ​ក្លែ​អ៊ែរ ដោយ​សន្តិវិធី និង​វិបុលភាព នៅ​ឧបទ្វីប​កូរ៉េ​។ នេះ​បើតាម​ការលើកឡើង​រប​ស់ស​ម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ខ្លួន​។​

 
​ស្ថិតក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​កូរ៉េខាងត្បូង​លើក​ទី​២០ ថ្ងៃទី​១៤ ខែវិច្ឆិកា​នៅ​សិង្ហ​បុរី ដោយមាន​វត្តមាន លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង និង​មេដឹកនាំ​អាស៊ាន  មិន​ត្រឹមតែ​ស្វាគមន៍​នូវ​ជំនួប​កំពូល​អន្តរ​កូរ៉េ និង​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង​ប៉ុណ្ណោះ​ទេ សម្តេច ហ៊ុន សែន ថែមទាំង​ប្រកាសថា កម្ពុជា នឹង​បន្តធ្វើ​កិច្ចការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ឲ្យ​កិច្ចប្រជុំ​កំពូល​សម្រេចបាន​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា និង​សំដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ថែមទៀត​។ 
 
​ខ្លឹមសារ​នៃ​អត្ថបទ​ព័ត៌មាន ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន បានបញ្ជាក់​បែបនេះ​ថា​៖«​កម្ពុជា ស្វាគមន៍​នូវ​គោលនយោបាយ​ទិស​ខាងត្បូង​ថ្មី​របស់​កូរ៉េខាងត្បូង ដែលមាន​បំណង​លើកកម្ពស់​ទំនាក់ទំនង​រវាង​អាស៊ាន​-​កូរ៉េខាងត្បូង និង​បង្កើត​សហគមន៍​មួយ ដែល​ឈរលើ​សសរស្តម្ភ​បី គឺ ប្រជាជន​, វិបុលភាព​, និង​សន្តិភាព​»​។ 
 
​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​កូរ៉េខាងត្បូង​លើក​ទី​២០​នេះ អង្គ​ប្រជុំបាន​ឯកភាពគ្នា​ក្នុង​ការចេញ​សេចក្តីថ្លែងការណ៍​រួម​រវាង​ប្រធាន​កិច្ចប្រជុំ​អាស៊ាន​- កូរ៉េខាងត្បូង​លើក​ទី​២០ និង​របាយការណ៍​វឌ្ឍនៈភាព​ស្តីពី​ការអនុវត្ត​ផែនការ​សកម្មភាព​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ ដើម្បី​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម ស្តីពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​សន្តិភាព និង​វិបុលភាព​ឆ្នាំ ២០១៦-២០២០៕
 

Tag:
 អាវុធ​
  នុយ​ក្លែ​អ៊ែរ​
  ឧបទ្វីប​កូរ៉េ​
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com