អន្តរជាតិ
ពូ​ទីន និង​មេដឹកនាំ​អាស៊ាន​ឯកភាព​លើ​កិច្ចព្រមព្រៀង​ថ្មី​ពង្រឹង​ចំណង​សេដ្ឋកិច្ច និង​មិត្តភាព​ទ្វេភាគី​
15, Nov 2018 , 9:19 pm        
រូបភាព
​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី (Eurasia Economic Union) និង​អាស៊ាន​ប្តេជ្ញា​ពង្រឹង​ចំណង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​សមាជិក​តាមរយៈ​ការចុះ​កិច្ចព្រមព្រៀង​ថ្មី​មួយ​នៅ​ថ្ងៃ​ពុធ​ទី ១៤ ខែវិច្ឆិកា​នា​កិច្ចប្រជុំ​អាស៊ាន​លើក​ទី ៣៣ នៅ​សិង្ហ​បុរី ។ កិច្ចព្រមព្រៀង​នេះ​ផ្តោត​សំខាន់​លើ​បញ្ហា​ពន្ធគយ​, ពាណិជ្ជកម្ម​អេឡិចត្រូនិក សេវាកម្ម និង​វិនិយោគ​ជាដើម​។​


 
​តំណាង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី និង​អាស៊ាន​បានសម្រេច​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ថ្មី​មួយ​ក្រោម​អធិបតី​មេដឹកនាំ​រុស្ស៊ី និង​អាស៊ាន ហើយ​លិខិតបទដ្ឋាន​ថ្មី​នេះ​នឹង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​វិនិយោគ​រវាង​សមាជិក​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ដែល​ដឹកនាំ​ដោយ​រុស្ស៊ី និង​សមាជិក​អាស៊ាន​នៅពេល​ខាងមុខ​។ 
 
​យោង​សារព័ត៌មាន​សិង្ហ​បុរី Straits Times កិច្ចព្រមព្រៀង​ថ្មី​រវាង​អង្គការ​តំបន់​ទាំងពីរ​នេះ ផ្តោត​សំខាន់​ការសម្រួល​នីតិវិធី​អនុវត្ត​ពន្ធគយ និង​ពាណិជ្ជកម្ម រួមមាន​វិធានការ​ភូតគាម​អនាម័យ​, បទបញ្ញត្តិ​គ្រប់គ្រង​បច្ចេកទេស​, សេដ្ឋកិច្ច​អេឡិចត្រូនិក​, សេវាកម្ម និង​វិនិយោគ និង​ការអភិវឌ្ឍ​ធុរកិច្ច​ផងដែរ​។​
 
​ការសម្រេច​ចុះ​កិច្ចព្រមព្រៀង​ថ្មី​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​នេះ​ធ្វើឡើង​ស្រប​ពេលដែល​ទំហំ​ពាណិជ្ជកម្ម​រវាង​អាស៊ាន​និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​កើនឡើង​ដល់ ៣៥,៧ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៧ ពោលគឺ​កើនឡើង​ដល់​ទៅ ៤០​ភាគរយ​ឯណោះ បើ​ធៀប​នឹង​ឆ្នាំ ២០១៦​។  
 
​រុស្ស៊ី​ស្ថិត​ក្នុងចំណោម​សមាជិក​ទាំង​ប្រាំ​នៃ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ហើយ​សមាជិក​បួន​ផ្សេងទៀត​នោះ​មានដូចជា​អា​មេ​នី​, បេឡា​រ៉ុ​ស​, កា​ហ្សា​ក់​ស្ថាន និង​គៀ​ហ្ស៊ី​ស្ថាន​។ 
​ប្រធាន​អាស៊ាន​សិង្ហ​បុរី​ដែលមាន​វត្តមាន​ក្នុង​ពិធី​ចុះហត្ថលេខា​ដែល​នោះបាន​កត់សម្គាល់​ពី​ការលូតលាស់​នៃ​ទំនាក់ទំនង​រវាង​អង្គការ​តំបន់​ទាំងពីរ​ជាពិសេស​សមាជិក​ដូចជា​រុស្ស៊ី និង​ប្រទេស​អាស៊ាន​។ 
 
​ជា​ប្រធាន​អាស៊ាន​ជិត​ផុត​អាណត្តិ លោក លី ក៏​គាំទ្រ​ចំពោះ​ការដំឡើង​កម្រិត​ទំនាក់ទំនង​រវាង​រុស្ស៊ី​ជាមួយ​អាស៊ាន​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ និង​ជំរុញ​ឲ្យ​អាស៊ាន និង​រុស្ស៊ី​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់ផ្នែក​ទាំង​សន្តិសុខ នយោបាយ សេដ្ឋកិច្ច និង​សង្គម​ផង​ថែមទៀត​ដើម្បី​ប្រយោជន៍​រួម​។​
 
​ដោយឡែក​លោក ពូ​ទីន ដែលមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់​ប្រចាំឆ្នាំ​ជា​លើកដំបូង​រាប់​ចាប់ពី​ឆ្នាំ ២០១១ ពេលដែល​រុស្ស៊ី​ក្លាយជា​សមាជិក​កិច្ចប្រជុំ​អាស៊ី​បូព៌ា​ជា​ផ្លូវការ​នោះបាន​លើកឡើង​ពី​សារសំខាន់​នៃ​ចំណងមិត្តភាព​រវាង​អាស៊ាន និង​រុស្ស៊ី​ផងដែរ ក្នុងពេល​ផ្តល់​សុន្ទរកថា​បើ​នៃ​កិច្ចប្រជុំ​អាស៊ាន​-​រុស្ស៊ី​។​
 
​លោក​បាន​ថ្លែង​ដូច្នេះ​៖«​យើង​ជឿជាក់ថា​វា​មាន​សារសំខាន់​ណាស់​ក្នុង​ការជំរុញ​កិច្ចសន្ទនា​ជា​ទៀងទាត់​រវាង​អាស៊ាន​និង​សហភាព​សេដ្ឋកិច្ច​អាស៊ី​-​អឺរ៉ុប ព្រោះ​ពាណិជ្ជកម្ម​ទ្វេភាគី​ជា​ពិ​សេរ​វាង​រុស្ស៊ី និង​អាស៊ាន​កើនឡើង​រៀងរាល់ឆ្នាំ​»​។  
 
​ក្រៅពី​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​រវាង​អង្គការ​តំបន់​ទាំងពីរ ប្រធានាធិបតី​រុស្ស៊ី​រូបនេះ ក៏បាន​ថ្លែងអំណរគុណ​ដល់​បណ្តារ​ដ្ឋ​អាស៊ាន​ដែល​បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​រុស្ស៊ី​ក្នុងការ​ពង្រឹង​ប្រសិទ្ធភាព​ការពារ​សន្តិសុខ​អ៊ីនធឺណិត​។ 
 
​លោក ពូ​ទីន ក៏បាន​ប្រកាស​ផងដែរ​ពី​គម្រោង​របស់​រុស្ស៊ី​ក្នុងការ​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ទីក្រុង​ឆ្លាត​របស់​អាស៊ាន​ដើម្បី​ចែករម្លែក​បទពិសោធន៍​ក្នុងការ​អភិវឌ្ឍ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​រួមគ្នា ដ្បិតថា​ទីក្រុង​ធំ​របស់​រុស្ស៊ី​ជាពិសេស​មូ​ស្គូ​ជាទី​ក្រុង​នាំមុខគេ​រឿង​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​លើកស្ទួយ​នគ​រូប​នី​កម្ម និង​ជីវភាព​ប្រជាជន​កន្លងមក​។  
 
​សូមបញ្ជាក់ថា រុស្ស៊ី​បានក្លាយ​ជា​ដៃគូ​សន្ទនា​ផ្លូវការ​របស់​អាស៊ាន​ក្នុង​ឆ្នាំ ១៩៩៦ ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​ពី ២៩ នៅ​ក្រុង​ហ្សា​ការ​តា​។ បន្ទាប់មក​នៅក្នុង​ឆ្នាំ ២០០៤ រុស្ស៊ី​បាន​ក្លាយជា​សមាជិក​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ ហើយ​ដល់​ឆ្នាំ ២០១១ រុស្ស៊ី​ក្លាយជា​សមាជិក​នៃ​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​ជា​ផ្លូវការ​។ អ្វីដែល​ពិសេស​នោះ​គឺ ឆ្នាំ ២០១៦ ខែឧសភា រុស្ស៊ី​បាន​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទាំង​ដប់​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស​អាស៊ាន​-​រុស្ស៊ី​នៅ​ទីក្រុង Sochi ដើម្បី​រម្លឹក​ខួប ២០​ឆ្នាំ​នៃ​ទំនាក់ទំនង​ផ្លូវការ​ផងដែរ​។​
 

Tag:
 អាស៊ាន​
  រុស្ស៊ី​
  សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com