ជាតិ
សង្គមជាតិ
កម្ពុជា-កូរ៉េ រៀបចំតាំងពិព័រណ៍បង្ហាញពីផលិតផលកសិកម្មដែលមានគុណភាព
× ភ្នំពេញ៖ ពិព័រណ៍ផលិតផលកសិកម្ម ដែលស្តីពីពាណិជ្ជកម្មអាហារ K-2018 ត្រូវបានរៀបចំដោយប្រទេសកម្ពុជា-កូរ៉េ ដែលមានការចូលរួមពីម្ចាស់ក្រុមហ៊ុនកូរ៉េចំនួន២០០នាក់ ដែលមកពីប្រទេសកូរ៉េ។ ពិព័រណ៍នេះ បានតាំងបង្ហាញផលិតផលកសិកម្ម និងអាហារកៃច្នៃរៀងៗគ្នា។ ក្រុមហ៊ុនទាំងនោះ មានដូចជា សមាគមឧស្សាហកម្ម និងម្ហូបអាហារកូរ៉េនៅកម្ពុជា។
ព្រឹត្តិការណ៍តាំងពិព័រណ៍ខាងលើ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយផលិតផលកសិកម្មរបស់ប្រទេសកូរ៉េ និងកម្ពុជា រួមទាំងលើកកម្ពស់ផលិតផលកសិកម្ម ឲ្យកាន់តែល្អប្រសើរឡើង។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និយាយនៅក្នុងពិធីជួបជុំម្ចាស់ក្រុមហ៊ុនកូរ៉េទាំង២០០នាក់ ដែលបានមកទស្សនកិច្ចនៅកម្ពុជាថា ការតាំងពិព័រណ៍នេះ អាចផ្សព្វផ្សាយផលិតផលខ្មែរទៅឲ្យប្រទេសកូរ៉េ ដើម្បីបង្កើនការនាំចេញផលិតផលនៅប្រទេសកូរ៉េបន្ថែមទៀត។
លោក វេង សាខុន បញ្ជាក់បែបនេះថា៖«ប្រទេសកូរ៉េ និងកម្ពុជា ពិតជាដៃគូដ៏សំខាន់សម្រាប់ការនាំចេញផលិតផលទៅក្រៅស្រុក។ មួយវិញទៀត យើងសង្ឃឹមថា ការតាំងពិព័រណ៍ អាចពាំនាំឲ្យកូរ៉េ មកវិនិយោគ និងកែច្នៃម្ហូបអាហារនៅប្រទេសកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងការនាំចេញប្រកបដោយភាពរស់រវើក»។
រដ្ឋមន្ត្រីក្រសួងកសិកម្ម បន្ថែមយ៉ាងដូច្នេះថា៖«យើង ទទួលស្គាល់ថា ការនាំចេញផលិតផល នៅទន់ខ្សោយនៅឡើយ ដូចជាផលិតភាពនៅមានកម្រិតទាប ការស្រាវជ្រាវអភិវឌ្ឍន៍ពូជដំណាំ និងការផ្តល់សេវាបច្ចេកទេសកសិកម្ម និងការផ្តត់ផ្គង់ផលិតផលក្នុងស្រុកនៅតែមិនទាន់តម្រូវការទីផ្សារនៅឡើយទេ។ ដើម្បីឆ្លើយតបតម្រូវការផ្គត់ផ្គត់ផលិតផលក្នុងស្រុក និងក្រៅស្រុក យើងនៅតែបន្តកិច្ចសហប្រតិបត្តិជាមួយប្រទេសដែលវិនិយោគ និងបន្តអនុវត្តសកម្មភាព និងយុទ្ធសាស្ត្រ ដូចជា បង្កើនការវិនិយោគ ការស្រាវជ្រាវពូជដំណាំ និងការជំរុញផលិតភាពឲ្យមានគុណភាព»។
លោក Oh Nak-Young ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំប្រទេសកម្ពុជា យល់ថា ប្រទេសកម្ពុជា មានលក្ខខណ្ឌដ៏ល្អប្រសើរក្នុងការផលិតនូវផលិតផលកសិកម្មដែលមានគុណភាព រួមផ្សំគ្នានឹងប្រទេសកូរ៉េដែលមានបច្ចេកទេសក្នុងការកែច្នៃអាហារ។ ទាំងនេះ ដែលជាហេតុផលឲ្យប្រទេសទាំងពីរសហការគ្នា និងជួយបំពេញនូវចំណុចខ្វះខាតគ្នាទៅវិញទៅមក។
ឯកអគ្គរដ្ឋទូតកូរ៉េ ថ្លែងបែនេះថា៖«ពីមួយឆ្នាំទៅមួយឆ្នាំ មានពលករខ្មែរ បានទៅធ្វើការផ្នែកកសិកម្មនៅប្រទេសកូរ៉េជាច្រើន។ យើង សង្ឃឹមថា នៅពេលពួកគេវិលត្រឡប់មកទឹកដីកំណើតវិញ ពួកគេនឹងអាចយកជំនាញ និងបច្ចេកទេសដាំដំណាំ ដើម្បីមកអភិវឌ្ឍផ្នែកកសិកម្មផងដែរ»។
តាមរយៈការតាំងបង្ហាញផលិតផលកសិកម្មនេះ លោក Oh Nak-Young ក៏សង្ឃឹមថា កម្ពុជានៅតែបន្តបង្កើនការផលិតឲ្យមានគុណភាពល្អជាងនេះ ទាំងអនាម័យ និងការរៀបចំតម្លៃសមរម្យ សម្រាប់បំពេញតម្រូវការទីផ្សារគ្នាទៅវិញទៅមកផងដែរ៕
Tag:
កូរ៉េ
ខ្មែរ
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com