អន្តរជាតិ
ម៉ៃ ផេ​ន ប្រាប់ ស៊ូ​ជី ថា ការ​ធ្វើទុក្ខបុកម្នេញ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​គ្មានអ្វី​ត្រូវ​ដោះសារ​ឡើយ​
15, Nov 2018 , 10:39 pm        
រូបភាព
​អនុ​ប្រធានាធិបតី​អាមេរិក​លោក ម៉ៃ ផេ​ន បាន​ព្រមាន​ត្រង់ៗ​ក្នុងជំនួប​ទ្វេភាគី​ជាមួយ​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុង​សាន ស៊ូ​ជី ថា អាមេរិក​មិន​ពេញចិត្ត​នឹង​ចំណាត់ការ​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ក្នុងការ​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា និង​បំពារបំពាន​សិទ្ធិសេរីភាព​សារព័ត៌មាន​យ៉ាងធ្ងន់ធ្ងរ​តាមរយៈ​ការ​ចាប់ចង​អ្នកកាសែត​កន្លង​មកឡើ​យ​។


 
​នា​ជំនួប​ទ្វេភាគី​នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៣​នៅ​សិង្ហ​បុរី អនុ​ប្រធានាធិបតី​អាមេរិក​លោក ម៉ៃ ផេ​ន បានដាក់​សម្ពាធ​លើ​មេដឹកនាំ​នៃ​រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា​លោកស្រី ស៊ូ​ជី ឲ្យ​ព្យាយាម​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា និង​ឈានទៅ​ផ្តន្ទាទោស​អ្នកទទួលខុសត្រូវ​ផងដែរ​។ 
 
​យោងតាម​សេចក្តីថ្លែងការណ៍​ដែល​ចុះផ្សាយ​ដោយ​ការិយាល័យ​អនុ​ប្រធានាធិបតី លោក ផេ​ន បាន​និយាយ​ត្រង់​ប្រាប់​លោកស្រី ស៊ូ​ជី ថា ហិង្សា និង​ការ​ធ្វើទុក្ខបុកម្នេញ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ពី​សំណាក់​ក្រុម​យោធា និង​ក្រុម​ឧក្រិដ្ឋជន​ពាក់ព័ន្ធ​រហូតដល់​បណ្តា​ល​ឲ្យ​មាន​ជនភៀសខ្លួន​ជាង ៧០​ម៉ឺន​នាក់​ទៅ​បង់​ក្លា​ដែ​ស​នោះ​ជា​រឿង​មិនអាច​ដោះសារ​បានឡើយ​។​
 
«​ខ្ញុំ​បារម្ភ​ខ្លាំងណាស់​ដោយបាន​លឺ​ពី​ការវិវត្ត​ដែល​កើតឡើង​ជុំវិញ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​។ នេះ​ជា​សោកនាដកម្ម​ដែល​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​រាប់លាន​នាក់​សោកសង្រេង​។ ហិង្សា​និង​ការធ្វើ​ទុក​បុក​ម្នេញ​លើ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ពី​សំណាក់​យោធា​និង​ក្រុម​ឧក្រិដ្ឋជន​នោះ​គ្មានអ្វី​ត្រូវ​ដោះសារ​ឡើយ​»​។ លោក ផេ​ន និយាយ​ខ្លាំងៗ​បែបនេះ​។​
 
​តាងនាម​ឲ្យ​ប្រធានាធិបតី លោក ផេ​ន បន្តថា លោក​ក៏​ព្រួយបារម្ភ​ខ្លាំង​ពី​ការគ្រប់គ្រង​បញ្ហា និង​ការដាក់ទោសទណ្ឌ​អ្នក​ដែល​ប្រព្រឹត្ត​ហិង្សា​ដែល​ធ្វើ​ឲ្យ​មនុស្ស​រាប់សែន​នាក់​រង​ការឈឺចាប់ និង​ត្រូវ​បាត់បង់​ជីវិត​ថែមទៀត​។ បញ្ហា​មួយទៀត​ដែល​ធ្វើ​ឲ្យ​អាមេរិក​ខ្វល់ខ្វាយ​នោះ​គឺ​ផែនការ​បញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ពី​បង់​ក្លា​ដែ​ស​ត្រឡប់មក​ស្រុកកំណើត​វិញ​។​
 
​ក្រៅពី​រឿង​វិបត្តិ​ជនភៀសខ្លួន អនុ​ប្រធានាធិបតី​ក៏​លើកឡើង​ពី​ការ​សង្កត់សង្កិន​សារព័ត៌មាន​ដោយ​ចាប់​អ្នកកាសែត​ដាក់ពន្ធនាគារ​កន្លងមក​នេះ​។ លោក​សង្កត់ធ្ងន់ថា  ប្រជាជន​អាមេរិក​រាប់លាន​នាក់​ព្រួយបារម្ភ​ពី​ការចាប់ខ្លួន និង​ដាក់ពន្ធនាគារ​អ្នកកាសែត​ពីរ​នាក់​កន្លងមក​។  ប៉ុន្តែ​លោក​នៅតែ​សង្ឃឹមថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​នឹង​ឈានទៅ​ស្តារ​សេរីភាព និង​ឯករាជភាព​នៃ​ស្ថាប័ន​សារព័ត៌​មាននៅ​មី​យ៉ាន់​ម៉ា​ផងដែរ​។
 
​លោក ផេ​ន ក៏​ឆ្លៀត​អរគុណ​លោកស្រី ស៊ូ ជី ដែល​បាន​ស្នើសុំ​ឲ្យ​មាន​ជំនួប​ទ្វេភាគី​នេះ​ឡើង​ដែរ​។​
 
​ចំណែក​លោកស្រី ស៊ូ​ជី ឯណោះ​វិញ​ទំនងជា​មិន​ស្រួល​អារម្មណ៍​ប៉ុន្មាន​ឡើយ​ក្រោយ​បានលឺ​ពាក្យពិត​របស់​អនុ​ប្រធានាធិបតី​អាមេរិក​ក្នុងជំនួប​នេះ​។ លោកស្រី​បាន​ស្វាគមន៍​ការគាំទ្រ​មី​យ៉ាន់​ម៉ា​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ក្នុងការ​ដោះស្រាយ​បញ្ហា ប៉ុន្តែ​ឆ្លៀត​ឌឺដង​ទៅវិញ​ថា គ្មាន​អ្នកណា​ដឹង​ពី​ស្ថានការណ៍​មី​យ៉ាន់​ម៉ា​ច្បាស់​ជាង​មី​យ៉ាន់​ម៉ា​ខ្លួនឯង​ឡើយ​។ ដូច្នេះហើយ លោកស្រី​នៅតែ​ជឿជាក់ថា មានតែ​មី​យ៉ាន់​ម៉ា​ប៉ុណ្ណោះ​ដែល​សក្តិសម​នឹង​បន្ត​ពន្យល់​ពី​ស្ថានការណ៍​ជាក់ស្តែង​ដែល​កំពុង​កើតឡើង​ពិតប្រាកដ​ដល់​ភាគី​ដែល​ចង់ដឹង​។ 
 
«​យើង​អាច​និយាយបានថា យើង​យល់​ពី​ប្រទេស​យើង​ច្បាស់​ជាង​ប្រទេស​ណាៗ​ទាំងអស់​។ ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ថា អ្នកនឹង​និយាយ​ដូចគ្នា​ថា អ្នកដឹង​ពី​ប្រទេស​អ្នក​ច្បាស់​ជាង​អ្នកផ្សេង​។ ដូច្នេះហើយ យើង​ជា​អ្នក​ដែល​សក្តិសម​ជាងគេ​ក្នុងការ​ពន្យល់​ពីអ្វី​ដែល​កំពុង​កើតឡើង និង ថា​តើ​យើង​មើលឃើញ​អ្វីដែល​ត្រូវបាន​រៀបចំ​នោះ​ដូច្នេះ​ម្តេច​នោះ​»​។ ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន​ម៉ា អះអាង​ដូច្នេះ​។​
 
​យ៉ាងណា​ក៏ដោយចុះ មិនមែន​មានតែ​លោក ផេ​ន ម្នាក់​ប៉ុណ្ណោះ​ទេ​ដែល​ព្យាយាម​ដាក់​សម្ពាធ​អតីត​អ្នកទោសនយោបាយ និង​និមិត្តរូប​នៃ​សិទ្ធិសេរីភាព និង​ប្រជាធិបតេយ្យ​រូបនេះ​ឲ្យ​ដោះស្រាយ​វិបត្តិ​ក្នុងស្រុក​។ មេដឹកនាំ​ម៉ាឡេស៊ី​លោក មហា​ធៀ មហាម៉ាត់ ក៏បាន​ទិតៀន​លោកស្រី ស៊ូ​ជី មិន​សំចៃមាត់​ដែរ​ក្នុងករណី​ដែល​លោកស្រី ស៊ូ​ជី មិន​អើពើ​នឹង​បញ្ហា ហើយ​ព្យាយាម​ការពារ​ឧក្រិដ្ឋកម្ម​បង្កឡើង​ដោយ​ក្រុង​យោធា​ថែម​ទៀតផង​៕
 

Tag:
 ​ម៉ៃ ផេ​ន​
  អ៊ុង​សាន ស៊ូ​ជី​
  រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com