ជាតិ
មនុស្ស៤នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួន លើករណីជួលស្ត្រីខ្មែរឲ្យពពោះជំនួស
× ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនជនចាប់ចោទ៤នាក់ ក្នុងពន្ធនាគារព្រៃស បន្ទាប់ពីបានបើកការស៊ើបសួរ ទៅលើជនសង្ស័យចំនួន១៥នាក់ លើករណីជួញដូរមនុស្សសម្រាប់ឆ្លងដែន និងបទធ្វើអន្តរការីរវាងអ្នកសុំកូននិងស្ត្រីពពោះ នាថ្ងៃទី១៥វិច្ឆិកានេះ។
តុលាការសម្រេចឃុំអ្នកទាំង៤នាក់នេះ គឺយោងតាមមាត្រា១៦ នៃច្បាប់ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស និងមាត្រា៣៣២ នៃក្រមព្រហ្មទណ្ឌ ពីបទ «សមគំនិតក្នុងអំពើលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងធ្វើអន្តរការីរវាងអ្នកសុំកូននិងស្ត្រីពពោះ»។ ជនជាប់ឃុំក្នុងពន្ធនាគារព្រៃសទាំង៤នាក់នោះ មានឈ្មោះ សុខ ឃឿន, ឈ្មោះ ខៀវ វណ្ណា, ឈ្មោះ ចេង សំអុល និងឈ្មោះ អៀង ម៉ាន់។
តុលាការ នឹងបញ្ជូនជនត្រូវចោទសរុប១៥នាក់ និងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។ ជនត្រូវចោទសរុប១៥នាក់នោះ មានប្រុស២នាក់ និងស្ត្រី១៣នាក់។
បច្ចុប្បន្ន សមត្ថកិច្ចបានឃុំខ្លួនស្ត្រី៣២នាក់ ពីបទល្មើសពពោះកូនជំនួសនេះ។ ក្នុងនោះស្រី្តរលូតកូន៣រូប, ស្ត្រីសម្រាលកូនហើយស្លាប់មាន១រូប និងអ្នកសម្រាលកូនហើយមាន៩រូប បាន និងកំពុងស្ថិត នៅក្រៅឃុំ ឬព្យួរទោស៕
Tag:
ពពោះ
តុលាការ
ស្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com