ទើបតែអាយុត្រឹម ២១ ឆ្នាំ ប៉ុន្តែសុខ ធី ធ្លាប់បានប្រមូលផ្តុំបទពិសោធន៍លើសង្វៀនប្រដាល់សេរីជាង២០០ប្រកួត ក្នុងនោះឈ្នះ ២២១ដង ចាញ់៣៦ដង បើប្រៀបជាមួយកីឡាករដ៏ទៃ មិនទាន់មាននរណាមានប្រវត្តិវាយបានច្រើនដូចនេះទេ។
នៅថ្ងៃសោរ៍ទី ១៧ ខែវិច្ឆិកា អ្នកប្រដាល់វ័យក្មេងរូបនេះ នឹងបោះជំហ៊ានឆ្ពោះទៅរកភាពល្បីល្បាញបំផុតក្នុងអាជីពប្រដាល់របស់គេ ដោយត្រូវឡើងទៅសងសឹកអ្នកលេងក្បាច់គុនមួយថៃ ឡឹតសីលា ក្នុងព្រឹត្តិការណ៍ ONE: WARRIOR'S DREAM នៅឥណ្ឌូណេស៊ី។
ខាងក្រោមជាប្រវត្តិរបស់ សុខ ធី ដែលយើងមិនធ្លាប់ដឹង៖
១.ត្រូវគេធ្វើបាបកាលនៅក្មេង
កាលនៅក្មេងសុខ ធី ត្រូវបានក្មេងៗដទៃទៀតក្នុងភូមិសម្លុតគំរាម ដែលធ្វើឲ្យគេមិនសប្បាយចិត្តនឹងខ្លួនឯង។
សុខ ធី ប្រាប់ថា៖ «ខ្ញុំមាឌតូចជាងគេ ហើយគេបង្អាប់ថាក្បាលខ្ញុំធំជាងខ្លួន។ ឲ្យតែពេលគេបង្អាប់ ខ្ញុំយំរាល់ពេល ហើយដឹងតែរត់ទៅពួននៅក្នុងស្រែ»។
ឪពុករបស់សុខ ធី វិញជាអ្នកស្រឡាញ់វិស័យកីឡាគុនខ្មែរខ្លាំង ដូច្នេះគាត់ក៏ណែនាំឲ្យ សុខ ធី និងបងប្រុស ហាត់រៀនក្បាច់គុន ដែលក្បាច់គុននេះហើយដែលជួយឲ្យសុខ ធី មានទាំងកម្លាំង និងទំនុកចិត្តលើខ្លួនឯង រហូតដឹកនាំជិវិតរបស់គាត់ឲ្យដល់វិថីដ៏ជោគជ័យសព្វថ្ងៃ។
« ខ្ញុំត្រូវតស៊ូជាមួយក្មេងដ៏ទៃដែលមានមាឌធំៗខ្លាំងៗជាងខ្ញុំហើយចូលចិត្តធ្វើបាបខ្ញុំ មកពីខ្ញុំពូកែខ្លាចគេពេក ប៉ុន្តែក្បាច់គុនបានជួយខ្ញុំឲ្យមានទំនុកចិត្តលើខ្លួនឯងឡើង»។
២. ឡើងសង្វៀនដើម្បីចិញ្ចឹមគ្រួសារ
សុខ ធី កើតក្នុងគ្រួសារកសិករនៅភូមិតូចមួយក្នុងខេត្តបន្ទាយមានជ័យ។ ពេលដែលគាត់ធំឡើងឪពុកម្តាយ
របស់គាត់បានព្យាយាមគ្រប់យ៉ាងដើម្បីផ្គត់ផ្គង់គាត់និងបងប្រុស។
ធី ថា៖ «ដំបូងគ្រួសារខ្ញុំជាកសិករធម្មតាទេ តែក្រោយមកពួកខ្ញុំបានទៅធ្វើជាកម្មករសំណង់ចុះឡើងពីខ្មែរទៅថៃ។ ខ្ញុំត្រូវទៅជួយពួកគាត់ពេលណាគាត់ត្រូវការខ្ញុំ»។
ឥឡូវនេះគាត់បានប្រែជំនាញក្បាច់គុនរបស់គាត់ឲ្យទៅជាអាជីពមួយហើយដូច្នេះ សុខ ធី ចង់ជួយផ្គត់ផ្គង់គ្រួសាររបស់គាត់អោយអស់ពីសមត្ថភាព។
គាត់និយាយថា៖ «អ្វីដែលធ្វើឲ្យខ្ញុំតស៊ូរហូតមកដល់សព្វថ្ងៃ គឺខ្ញុំចង់ផ្គត់ផ្គង់គ្រួសារខ្ញុំឲ្យមានជីវភាពរស់នៅប្រសើជាងមុន។ នេះជាកាតព្វកិច្ចរបស់ខ្ញុំក្នុងនាមជាកូនប្រុសម្នាក់»។
«អ្វីដែលខ្ញុំចាំជាងគេ គឺពេលហាត់ជាមួយឪពុកខ្ញុំ និងបងប្រុស។ អ្នកបន្ទាយមានជ័យ ល្បីឈ្មោះខាងក្បាច់គុនខ្មែរតាំងដើមរហូតសព្វថ្ងៃ អញ្ចឹងវាជាប់ក្នុងឈាមខ្ញុំរួចមកហើយ»
៣.ជាអ្នកត្រួសត្រាយផ្លូវវ័យក្មេង
សុខ ធី មិនត្រឹមតែជាកីឡាករជើងឯកគុនខ្មែរប្រចាំប្រទេស តែក៏ជាកីឡាករកំរិតពិភពលោកផងដែរ។ គាត់បង្ហាញថាគាត់មានសមត្ថភាពខ្លាំង ពេលគាត់ហ៊ានចូលប្រកួតទប់ទល់នឹងជើងខ្លាំងក្បាច់គុនមួយថៃ នៅក្នុងកីឡដ្ឋានលុមភីនី ប្រទេសថៃ ដែលមិនធ្លាប់មានកីឡាករកម្ពុជាណាហ៊ានធ្វើឡើយ។
រូបគេក៏ធ្លាប់បានប្រកួតក្នុងប៉ុស្តិ៍ប្រដាល់លេខ៧ របស់ថៃ ហើយបានឈ្នះខ្សែក្រវាត់ពីប៉ុស្តិ៍ PNN និង ប៉ុស្តិ៍បាយ័ននៅកម្ពុជាថែមទៀត។
លើសពីនេះឱកាសបានវៃជាមួួយ ឡឹតសីលា ជើងឯករបស់ថៃក្នុងកម្មវិធី ONE Super Series កាន់តែបង្ហាញថែមទៀតថាសមត្ថភាពរបស់ សុខ ធី មិនធម្មតាទេ។ ដោយសារតែក្បាច់គុនរបស់គាត់កាន់តែរីកចម្រើនទៅៗ មានមនុស្សជាច្រើនជឿថា សុខ ធី នឹងជាខ្មែរដំបូងបំផុតដែលអាចក្លាយជាជើងឯកពិភពលោកបាន។
សុខ ធី បន្ថែមថា៖ «ពួកយើងសប្បាយចិត្តណាស់ដែល ONE រៀបចំការប្រកួតប្រដាល់សេរីឲ្យយើងបាន។ យើងអាចនិយាយថា ពេលនេះជាពេលដែលយើងអាចបង្ហាញពីអ្វីដែលយើង(កម្ពុជា) អាចធ្វើបាន»។
អត្ថបទ៖ Matias Andres