កីឡាជាតិ
ជាតិ
នៅ​ភ្នំពេញ Keisuke ហាត់​ខ្លួនឯង​ផង និង​ដឹកនាំ​បង្វឹក​ជម្រើសជាតិ​កម្ពុជា​ផង
16, Nov 2018 , 11:15 am        
រូបភាព
លោក ហុង ដា ហ្វឹកហាត់ខ្លួនឯងផង និង​បង្វឹក​ក្រុមកម្ពុជាផង។ រូបថត FFC និង Keisuke Honda FB
លោក ហុង ដា ហ្វឹកហាត់ខ្លួនឯងផង និង​បង្វឹក​ក្រុមកម្ពុជាផង។ រូបថត FFC និង Keisuke Honda FB
ដោយ:
​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Keisuke Honda ទោះបី​មមាញឹក​ដឹកនាំ​ការ​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើម្បី​ត្រៀម​ការប្រកួត​វគ្គ​ជម្រុះ​ពូ​ល A នៃ​ពានរង្វាន់ AFF Suzuki Cup តែ​លោក​មិន​ភ្លេច​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ខ្លួនឯង​ឡើយ​។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការលះបង់ និង​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុងនាម​ជា​កីឡាករ​ឆ្នើម​លំដាប់​អន្តរជាតិ​។

 
​ខ្សែបម្រើ​ឆ្នើម​ជប៉ុន Keisuke Honda នៅ​ថ្ងៃ​សុក្រ ទី​១៦ វិច្ឆិកា​នេះ បាន​បង្ហោះ​រូបថត​ពីរ​សន្លឹក​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខ្លួន ដែល បង្ហាញ​ពី​សកម្មភាព​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ខ្លួនឯង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រោយ​ទំនេរ​ពី​ការ​បង្វឹក​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​។ ការងារ​ចំពោះមុខ​សមាជិក​ក្លិប Melbourne Victory រូបនេះ ត្រូវ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​តទល់​ជាមួយ​ក្រុម​ឡាវ សម្រាប់​វគ្គ​ជម្រុះ​ពូ​ល A នៃ​ពានរង្វាន់ AFF Suzuki Cup នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា នា​ពហុ​កីឡដ្ឋាន​ជាតិ​។​
 
​សម្រាប់​ពីរ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup កន្លងមក ក្រុម​ជម្រើសជាតិ​កម្ពុជា​មិនទាន់​ស្គាល់​ជ័យជម្នះ​នៅឡើយ​ទេ​។ ក្នុង​នោះបាន​ប្រកួត​ចាញ់​ក្រុម​ម៉ាឡេស៊ី ១-០ ក្នុងជំនួប​បើកឆាក​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក គឺ​លោក Felix Dalmas មុន​បន្ត​ចាញ់​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា ៤-១ ក្នុងជំនួប​ទី​២​ក្រោម​ការដឹកនាំ​ផ្ទា​ល់ពី​លោក Keisuke Honda​។      
 
​បន្ទាប់ពី​ដឹកនាំ​ក្រុម​កម្ពុជា​ក្នុងជំនួប​ជាមួយ​ឡាវ ខ្សែបម្រើ Keisuke Hoda ត្រូវ​ជួយ​ក្រុម Melbourne Victory តទល់​ជាមួយ Sydney FC នា​ជំនួប​ក្របខណ្ឌ​លី​គ​កំពូល​អូស្ត្រាលី សប្តាហ៍​ទី​៥ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ បច្ចុប្បន្ន Melbourne Victory ឈរ​លេខ​រៀង​ទី​៤​មាន​៦​ពិន្ទុ ក្រោយ​៤​ប្រកួត​ឈ្នះ​២​និង​ចាញ់​២​។ ក្នុងចំណោម​ការប្រកួត​ទាំង​៤​កីឡាករ Keisuke Honda បានបង្ហាញ​ខ្លួន​ទាំង​៤​លើក ដោយ​រកបាន​២​គ្រាប់​និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​រក​គ្រាប់​បាល់​បាន​ចំនួន​៣​គ្រាប់​៕  
 

Tag:
 បាល់ទាត់​
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com