នួន ជា និង​ខៀវ សំផន ត្រូវ​ជាប់ទោស​មួយជីវិត ក្នុង​សំណុំរឿង​០០២/០២
ខ្មែរ​ក្រហម
ជាតិ
នួន ជា និង​ខៀវ សំផន ត្រូវ​ជាប់ទោស​មួយជីវិត ក្នុង​សំណុំរឿង​០០២/០២
16, Nov 2018 , 11:36 am        
រូបភាព
ដោយ: ថ្មីៗ
នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង ខៀវ សំផន ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ក្នុង​សំណុំរឿង ០០២/០២ ដែល​ត្រូវបាន​ប្រកាស​ដោយ​អង្គជំនុំជម្រះ​សាលាដំបូង នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែវិច្ឆិកា នេះ​។​ ទោសនេះ ត្រូវ​បញ្ចូល​តែមួយជាមួយ​សំណុំរឿង ០០២/០១។

 
​សវនាការ​ដេញដោល​ពិនិត្យ​ភស្តុតាង​សំណុំរឿង ០០២/០២ បានចាប់ផ្តើម​ដោយ​ការធ្វើ​សេចក្តីសន្និដ្ឋាន​ចោទប្រកាន់​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៤ និង​បានបញ្ចប់​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧​។ ការជំនុំជម្រះ រួមទាំង​ការ​ស្តាប់​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​ផង មាន​រយៈពេល​សរុប​ចំនួន ២៨៣​ថ្ងៃ​។​
 
​ក្នុងអំឡុងពេល​សវនាកា​រ​នេះ អង្គជំនុំជម្រះ​សាលាដំបូង​បាន​ស្តាប់​សក្ខីកម្ម​ពី​បុគ្គល​សរុប​ចំនួន ១៨៥​នាក់ ក្នុងនោះ​មាន​សាក្សី​បញ្ជាក់​អង្គហេតុ​ចំនួន​១១៤​នាក់ ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន​៦៣​នាក់ និង​អ្នកជំនាញ​ចំនួន ៨ នាក់​។ 
 
​បទ​ចោទ​នៅក្នុង​សំណុំរឿង ០០២/០២ គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ អំពើ​ប្រល័យពូជសាសន៍ និង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ពាក់ព័ន្ធ​ទៅនឹង​ទីតាំង​ឧក្រិដ្ឋកម្ម និង​ការចោទប្រកាន់​លើ​អង្គហេតុ​ដូចតទៅ​៖ ការដ្ឋាន​ការងារ និង​សហ​- ករ​ណ៍ (​សហករណ៍​ត្រាំកក់ ការដ្ឋាន​ទំនប់​ត្រពាំងថ្ម ការដ្ឋាន​ទំនប់ ១ មករា និង​ការដ្ឋាន​សាងសង់​ព្រលានយន្តហោះ​កំពង់ឆ្នាំង​) មន្ទីរ​សន្តិសុខ និង​ទីតាំង​សម្លាប់​មនុស្ស (​មន្ទីរ​សន្តិសុខ ស​-២១ មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់ មន្ទីរ​សន្តិសុខ​អូរ​កន្សែង និង​មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល​) អំពើ​ប្រល័យពូជសាសន៍​ទៅលើ​ប្រជាជន​ចាម និង​វៀតណាម ការប្រព្រឹត្តិ​ចំពោះ​ពុទ្ធសាសនិកជន និង​អតីតមន្ត្រី​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ និង​ការរៀប​អាពាហ៍ពិពាហ៍​នៅ​ទូទាំងប្រទេស​។​
 
​អង្គជំនុំជម្រះ​ក៏បាន​បើកសវនាការ​ដេញដោល​ពិនិត្យ​ភស្តុតាង​លើ​ការចោទប្រកាន់​អំពី​លក្ខណៈ នៃ​ជម្លោះ​ប្រដាប់អាវុធ​រវាង​កម្ពុជា​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម តួនាទី​របស់​ជនជាប់ចោទ​នៅក្នុង​រដ្ឋាភិបាល រួមទាំង​ភស្តុតាង​ស្តីពី​រចនាសម្ព័ន្ធ​រដ្ឋបាល និង​ប្រព័ន្ធ​ទំនាក់ទំនង​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ 

សូមរម្លឹកថា កាលលើកទីមួយ តុលាការខ្មែរក្រហម ក៏បានកាត់ទោសលោក នួន ជា និង លោក ខៀវ សំផន ឲ្យជាប់ពន្ធនាគារមួយជីវិតដែរ នៅក្នុងសំណុំរឿង០០២/០១ កាលពីឆ្នាំ២០១៤ ក្រោមបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដោយសារការជម្លៀសប្រជាជន និងអំពើឃាតកម្ម៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com