ខ្មែរក្រហម
ជាតិ
លោក ប៊ិន ឈិន៖ សោកស្តាយដែលជនរងគ្រោះផ្សេងទៀត មិនបានឃើញយុត្តិធម៌សម្រាប់ខ្លួននៅថ្ងៃនេះ
× លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ដែលទទួលបន្ទុកដឹកនាំសាលាក្តីខ្មែរក្រហម បានអបអរសាទរដំណើរការសវនាការសំណុំរឿង ០០២/០២ ដែលឈានដល់ការកាត់ទោសជនជាប់ចោទ នួន ជា និង ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត នាថ្ងៃទី១៦ ខែវិច្ឆិកា នេះ។
បើតាមលោក ប៊ិន ឈិន សំណុំរឿង ០០២/០២ ជាសំណុំរឿងដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រសាលាក្តីឧក្រិដ្ឋកម្មអន្តរជាតិ បើគិតចាប់តាំងពីការកាត់ក្តីនៅ Nuremberg ប្រទេសអាល្លឺម៉ង់ ជុំវិញឧក្រិដ្ឋក្នុងសម័យសង្គ្រាមលោកលើកទីពីរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក ប៊ិន ឈិន ក៏បានសំដែងការសោកស្តាយផងដែរ ដែលជនជាប់ចោទ អៀង សារី និង អៀង ធីរិទ្ធ មិនបានរស់នៅដើម្បីប្រឈមមុខនឹងតុលាការ ខណៈជនរងគ្រោះផ្សេងទៀត បានលាចាកលោក ដោយមិនបានឃើញយុត្តិធម៌សម្រាប់ខ្លួន។
លោក ប៊ិន ឈិន បានលើកឡើងពីដំណើរការប្រកបដោយជោគជ័យរបស់សាលាក្តីខ្មែរក្រហមក្នុងសំណុំរឿងកន្លងមក ដែលដើរតួនាទីជាតុលាការកូនកាត់គំរូសម្រាប់ប្រទេសជាច្រើន ដែលក្នុងនោះ បង់ក្លាដែស ស្រីលង្កា កេនយ៉ា សេណេហ្គាល់ និងអាហ្វ្រិកកណ្តាល កំពុងអនុវត្តតាម។
សម្រាប់សំណុំរឿង០០២/០២ នេះ លោក ប៊ិន ឈិន រំពឹងថា អាចរំលែកការឈឺចាប់របស់ជនរងគ្រោះ និងក្រុមគ្រួសារបានខ្លះ ហើយក៏ជាចំណែកនៃគំរូប្រព័ន្ធយុត្តិធម៌អន្តរជាតិផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com