ខ្មែរក្រហម
ជាតិ
ជប៉ុន ស្វាគមន៍ការកាត់ទោស នួន ជា និង ខៀវ សំផន លោក Takeshi Osuga អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន។ រូបពី UN
× លោក Takeshi Osuga អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន បានសេចក្តីថ្លែងការណ៍ភ្លាម ដើម្បីស្វាគមន៍ចំពោះការទោសលោក នួន ជា អតីតអនុលេខាបក្ស និង លោក ខៀវ សំផន ប្រមុខរដ្ឋក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ឲ្យជាប់ពន្ធនាគារមួយជីវិត។ លោក បានចាត់ទុក ការសម្រេចនេះ ថាជាសមិទ្ធផលបន្ថែមរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (តុលាការខ្មែរក្រហម) ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៦។
តាមរយៈសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងក្រោយពីតុលាការខ្មែរក្រហម ប្រកាសសាលក្រម អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន បានលើកឡើងថា ការកាត់ទោសមេដឹកនាំខ្មែរក្រហម គឺជាជំហាន ឆ្ពោះទៅរកសន្តិភាពពេញលេញនៅកម្ពុជា ហើយក៏ជាការរួមចំណែកដ៏សំខាន់ក្នុងការផ្តល់យុត្តិធម៌ [ដល់ជនរងគ្រោះ] និង ការពង្រឹងនូវនីតិរដ្ឋ។
«ជប៉ុន សង្ឃឹមយ៉ាងមុតមាំថា ការបន្តដំណើរការលើសំណុំរឿង ដែលនៅសល់ នឹងត្រូវធ្វើឡើងយ៉ាងឆាប់រហ័ស ហើយបេសកកម្មនេះ នឹងត្រូវបានបញ្ចប់ដោយជោគជ័យ»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបទេសជប៉ុន ក្នុងសេចក្តីថ្លែងការណ៍។ ជប៉ុន គឺជាប្រទេសមួយ ដែលបានផ្តល់ជំនួយក្នុងដំណើរការនៃតុលាការខ្មែរក្រហម។
នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ តុលាការខ្មែរក្រហម បានបើកសវនាការប្រកាសក្រម ឲ្យលោក នួន ជា និង លោក ខៀវ សំផន ជាប់ពន្ធនាគារមួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ក្នុងសំណុំរឿង ០០២/០២។
នេះជាលើកទីពីរហើយ ដែលលោក នួន ជា និង លោក ខៀវ សំផន ត្រូវបានកាត់ទោស។ លើកទីមួយ តុលាការខ្មែរក្រហម ក៏បានកាត់ទោសពួកលោក ឲ្យជាប់ពន្ធនាគារមួយជីវិតដែរ កាលពីឆ្នាំ២០១៤ ក្នុងសំណុំរឿង០០២/០១ ក្រោមបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដោយសារការជម្លៀសប្រជាជន និង អំពើឃាតកម្ម៕
Tag:
ខ្មែរក្រហម
នួន ជា
ខៀវ សំផន
© រក្សាសិទ្ធិដោយ thmeythmey.com