កីឡាអន្តរជាតិ
អន្តរជាតិ
World Boxing៖ បរិយាកាសកខ្វក់នៅឥណ្ឌា បង្ខំកីឡាការិនីយកក្រម៉ារុំមុខពេលហ្វឹកហាត់ កីឡាការិនីប្រដាល់កូឡំប៊ីយកក្រម៉ារុំមុខការពារសុខភាពពេលហ្វឹកហាត់នៅឥណ្ឌា
× កីឡាការិនីប្រដាល់ជាច្រើននាក់បានយកកន្សែងធ្វើជាម៉ាស់រុំច្រមុះនិងមាត់ ដើម្បីការពារពីការបំផុលបរិយាកាសដែលកំពុងកើនឡើងខ្លាំងនៅឥណ្ឌា អំឡុងពួកគេហ្វឹកហាត់សម្រាប់ចូលរួមប្រកួតប្រដាល់ដណ្តើមជើងឯកពិភពលោកដែលធ្វើឡើងនៅរដ្ឋធានីញូវដែលីសប្ដាហ៍នេះ។
ព្រឹត្តិការណ៍ប្រកួតប្រដាល់នារីពិភពលោក AIBA Women's World Championship កំពុងប្រព្រឹត្តទៅនៅពហុកីឡាដ្ឋានមួយក្នុងប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ ក្រុមកីឡាការិនីដែលចូលរួមទាំងនោះបានត្អូញត្អែរអំពីផ្សែងអ័ព្ទពុលក្នុងទីក្រុង ដែលបណ្តាលមកពីការដុតកំទេចដំណាំ គល់ជញ្ជ្រាំងស្រូវ និងការបំភាយឧស្ម័នចេញពីយានយន្ត និងឧស្សាហកម្មជាដើម។
ក្នុងបរិយាកាសដែលគ្មានខ្យល់ដើម្បីបក់ភាពកខ្វក់ឲ្យទៅឆ្ងាយ បានធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរ និងកំពុងបំពុលបរិស្ថានក្នុងទីក្រុងធំជាងគេរបស់ឥណ្ឌា។
កីឡាការិនី Bulgarian Stanimira Petrova អាយុ ២៧ ឆ្នាំដែលជាម្ចាស់មេដាយមាស ប្រភេទទម្ងន់ស្រាលក្នុងការប្រកួតជើងឯកឆ្នាំ ២០១៤ រៀបរាប់ថា៖«គ្រួសាររបស់ខ្ញុំមានការព្រួយបារម្ភអំពីខ្ញុំ។ យើងដឹងថាវាមិនល្អសម្រាប់រាងកាយរបស់យើងទេ។ វាលំបាកណាស់ខ្ញុំត្រូវពាក់ក្រម៉ាធ្វើជាម៉ាសរហូតក្លាយជាទម្លាប់របស់ខ្ញុំទៅហើយ»។
បច្ចុប្បន្ននេះ អាជ្ញាធរឥណ្ឌាក៏បានហាមឃាត់ឲ្យរថយន្តធុនធ្ងន់ចូលទៅក្នុងទីក្រុង និងបានបញ្ជាឲ្យបញ្ឈប់ការងារសាងសង់មួយចំនួន ដើម្បីរារាំងមិនឲ្យមានធូលី។ ប៉ុន្តែទោះយ៉ាងនេះក្តី គុណភាពខ្យល់នៅតែមានបញ្ហាធ្ងន់ធ្ងរនៅតំបន់នោះដដែល។
ទីភ្នាក់ងារពត៌មាន Reuters បានស្រង់សម្តីអ្នកប្រដាល់ពីទ្វីអ៊ឺរ៉ុប ៧ រូប ថាពួកគេបានត្អូញត្អែរពីបញ្ហាបរិយាកាសនៅទីនោះដែលមានក្លិនមិនល្អ ហើយថែមទាំងធ្វើឲ្យភ្នែកពួកគេរលាកទៀតផង។
សូម្បីតែក្រុមគ្រូបង្វឹករបស់ពួកគេក៏បង្ហាញការមិនពេញចិត្តទៅខាងភាគីអាជ្ញាធរប្រទេសនេះ ដែលមិនបានណែនាំពីស្ថានភាពខ្យល់អាកាសទៅកាន់កីឡាករខ្លួន ហើយមិនរៀបចំឧបករណ៍ការពារមួយចំនួនដល់កីឡាករដែលទៅចួលរួមនៅទីនោះ៕
Tag:
ប្រដាល់
World Boxing
ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com