ប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ចាប់ផ្តើមចុងសប្តាហ៍នេះពីថ្ងៃ១៧ដល់១៨ ខែវិច្ឆិកា នារដ្ឋធានី Port Moresby ប្រទេសប៉ាពូអាស៊ី នូវែលហ្គីណេ។ មេដឹកនាំនៃភាគីទាំង ២១ រួមជាមួយប្រតិភូជាន់ខ្ពស់ និងអ្នកជំនួញធំៗរាប់ម៉ឺននាក់នោះចូលរួមក្នុងកិច្ចប្រជុំនេះ។ ខាងក្រោមនេះជាចំណុចសំខាន់ៗមួយចំនួនដែលគួរដឹង៖
១.ម្ចាស់ផ្ទះប៉ាពូអាស៊ី នូវែលហ្គីណេ ជួបរឿងរញ៉េរញ៉ៃតាំងពីដើមទី
ប៉ាពូអាស៊ី នូវែលហ្គីណេ ស្ថិតក្នុងចំណោមរដ្ឋក្រីក្របំផុត និងមានប្រព័ន្ធសុខាភិបាលសាធារណៈអន់ខ្សោយបំផុតដែរ។ ឆ្នាំ ២០១៤ សមាជិកទាំងអស់ជ្រើសរើសប្រទេសនេះដោយដឹកនាំកិច្ចប្រជុំ APEC ឆ្នាំ ២០១៨នេះ។ ការរៀបចំកិច្ចប្រជុំធំៗបែបនេះជាលើកដំបូង កោះប៉ាស៊ីហ្វិកនេះជួបរឿងចម្រូងចម្រាសច្រើន ដ្បិតខ្លួនក្រីក្រ និងខ្វះខាតសព្វគ្រប់ទាំងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ មធ្យោបាយធ្វើដំណើរ ទីកន្លែងស្នាក់នៅសម្រាប់ប្រតិភូ និងលទ្ធភាពរក្សាសន្តិសុខថែមទៀត។
រឿងរញ៉េរញ៉ៃជាងគេគឺ ការបញ្ជាទិញរថយន្តទំនើបពីអ៊ីតាលីចំនួន ៤០គ្រឿងដែលមួយគ្រឿងៗមានតម្លៃប្រហែល ១៥ ម៉ឺនដុល្លារដើម្បីដឹកប្រតិភូបរទេសចូលរួមប្រជុំ។ រាស្ត្រក្រីក្រទិតៀនរដ្ឋាភិបាល ដ្បិតពួកគេប្រឈមភាពក្រីក្រ និងរួមរឹតដោយជំងឺតម្កាត់ តែរដ្ឋបែរជាត្រូវចំណាយលុយវាល់លាននាំឡានថ្លៃកប់ពពកពីអ៊ីតាលីមកដឹកប្រតិភូបរទេសទៅវិញ។
២. គ្មានលោក ត្រាំ ចូលរួម លោក ស៊ី ជិនភីង ឡើងចាង?
កិច្ចប្រជុំ APEC លើកនេះគ្មានវត្តមានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទេ។ ឯលោក វ្ល៉ាឌីមៀ ពូទីនដែលទើបបញ្ចប់ទស្សនកិច្ចនៅសិង្ហបុរីនោះត្រឡប់ទៅមូស្គូវិញ ដោយមិនខ្ចីចូលកិច្ចប្រជុំដែលជាវេទិកាអន្តររដ្ឋាភិបាល មានសមាជិកសរុប ២១ និងផ្តោតសំខាន់លើការលើកស្ទួយពាណិជ្ជម្មសេរីនៅតំបន់អាស៊ីប៉ាស៊ីហ្វិកឡើយ។
ផ្ទុយទៅវិញ ប្រធានាធិបតីនៃប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរចិន ស៊ី ជិនភីង ចំណាយពេលដល់ទៅពីរថ្ងៃមុនប្រជុំដើម្បីបំពេញទស្សកិច្ចផ្លូវរដ្ឋ និងសម្ពោធផ្លូវ និងសាលារៀនដែលកសាងក្រោមជំនួយរបស់រដ្ឋាភិបាលចិនទៀត។ ប៉ាពូអាស៊ី នូវែលហ្គីណេ បានក្រាលកម្រាលព្រំក្រហមឆ្អិនឆ្អៅស្វាគមន៍មេដឹកនាំចិន ហើយរូបភាពរបស់លោក ត្រូវគេព្យួរតាមផ្លូវពាសពេញក្រុង Port Moresbyដែរ។ វាបង្ហាញឲ្យឃើញច្បាស់ពីឥទ្ធិពលចិនដែលកំពុងរីកសាយភាយនៅតាមបណ្តាកោះប៉ាស៊ីហ្វិកដែរ។
អ្នកជំនាញខ្លះព្រមានថា អវត្តមានមេដឹកនាំអាមេរិកមិនខុសពីផ្តល់ឱកាសដ៏កម្រដល់មេដឹកនាំចិនក្នុងពង្រឹងឥទ្ធិពល និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងតំបន់ ចំពេលដែលភាពតានតឹងពាណិជ្ជកម្ម និងគោលនយោបាយគាំពារនិយម។
៣.កិច្ចប្រជុំពិសេសធ្វើលើនាវា?
ទីតាំងនៃកិច្ចប្រជុំកំពូលគឺ APEC Haus នៅរដ្ឋធានី Port Moresby ប៉ុន្តែកិច្ចប្រជុំ និងការចរចាមួយចំនួននឹងត្រូវធ្វើលើនាវាដោយសារ ប៉ាពូអាស៊ី នូវែលហ្គីណេ គ្មានលទ្ធភាពផ្តល់ទីកន្លែងគ្រប់គ្រាន់សម្រាប់ការប្រជុំ និងស្នាក់នៅសម្រាប់រាល់អ្នកចូលរួមទាំង ១៥០០០នាក់ឡើយ។ កាសែតអូស្ត្រាលី ABC ផ្សាយថា នាវាធំៗបីគ្រឿងត្រូវបានរដ្ឋាភិបាលអូស្ត្រាលីបញ្ជូនទៅសំចតនៅ Port Moresby ដើម្បីទទួលប្រតិភូទាំងនោះ។
មេដឹកនាំ និងប្រតិភូចំនួន រួមទាំងអ្នកកាសែតភាគច្រើនក៏ត្រូវស្នាក់នៅលើនាវានេះដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ប្រតិភូខ្លះសប្បាយចិត្តដែលត្រូវប្រជុំ និងសម្រាកលើនាវាបែបនេះ។ វាប្លែក ហើយសន្តិសុខមិនសូវតឹងរ៉ឹង។
៤.ម៉ៃ ផេន ចប់ប្រជុំសុខចិត្តជិះយន្តហោះទៅសម្រាកនៅអូស្ត្រាលី
ហោះចេញពីប្រជុំនៅសិង្ហបុរី លោក ម៉ៃ ផេន នឹងបន្តមកចូលរួមប្រជុំ APEC នៅប៉ាពូ អាស៊ី នូវែលហ្គីណេនេះទៀតក្នុងនាមជាបេសកកជនពិសេសរបស់លោក ដូណាល់ ត្រាំ។ ខុសពីលោក ស៊ី ជិនភីង ដែលសម្រាកនៅសណ្ឋាគារថ្មីមួយទើបសាងសង់នៅ Port Moresby លោក ផេន សុខចិត្តជិះហោះទៅក្រុង Cairns នៃរដ្ឋ Queensland អូស្ត្រាលីដើម្បីសម្រាកនៅទីនោះក្រោយចប់ប្រជុំ។ គេវាយតម្លៃថា កន្លែងស្នាក់នៅមិនសមរម្យ និងសន្តិសុខជាហេតុផលនៃការសម្រេចចិត្តបែបនេះ។
ពីប៉ាពូអាស៊ី នូវែលហ្គីណេ ទៅ Queensland ត្រូវចំណាយពេលប្រហែល បីម៉ោងប៉ុណ្ណោះ។ គេរំពឹងថា ក្រៅអនុប្រធានាធិបតីអាមេរិក មេដឹកនាំផ្សេងទៀតនឹងធ្វើទៅដំណើរទៅសម្រាកនៅអូស្ត្រាលីក្រោយប្រជុំចប់។
៥. ប៉ាពូអាស៊ី នូវែលហ្គីណេ ពឹងបរទេសទាំងស្រុងលើការពង្រឹងសន្តិសុខ
ប៉ាពូអាស៊ី នូវែលហ្គីណេ មិនប្រឈមបញ្ហាភេរវកម្មប៉ុន្មានទេ ប៉ុន្តែវាប្រឈមនឹងអសន្តិសុខ អំពើហិង្សា និងឧក្រិដ្ឋកម្ម។ តាមរបាយការណ៍ទីក្រុងដែលរស់នៅបានរបស់ Economist Intelligence Unit ឆ្នាំ ២០១៨ នេះ រដ្ឋធានី Port Moresby ជាប់ឈ្មោះជាក្រុងគ្រោះថ្នាក់ជាងគេស្ថិតបាតតារាងពោល គឺស្ថិតនៅលេខរៀងទី១៣០ ក្នុងចំណោមប្រទេស ១៤០។
ដូច្នេះ ការទទួលបដិសណ្ឋារកិច្ច និងការពារសន្តិសុខមេដឹកនាំពិភពលោកច្រើនបែបនេះ ប្រឈមភាពលំបាក និងស្មុគស្មាញខ្លាំង។ វត្តមានមេដឹកនាំប្រទេសមហាអំណាចដូចជាប្រធានាធិបតីចិន ស៊ី ជិនភីង នាយករដ្ឋមន្ត្រីរុស្ស៊ី ឌីមីទ្រី មេវេដេវ និងអនុប្រធានាធិបតីអាមេរិកលោក ម៉ៃ ផេន រឹតែជារឿងបារម្ភបំផុត។
ដើម្បីធានាសុវត្ថិភាព និងសន្តិសុខក្នុងពេលប្រជុំ រដ្ឋាភិបាលប៉ាពូអាស៊ី នូវែលហ្គីណេ បើកទ្វារចំហឲ្យរដ្ឋាភិបាលបរទេសជួយ។ អូស្ត្រាលី និងអាមេរិកចេញមុខជាងគេ ដោយធានាការពង្រឹងសន្តិសុខទាំងមូលដោយពង្រាយកងកម្លាំងយោធា, កងកម្លាំងពិសេស និងសព្វាវុធមួយចំនួនទៀតផង។
អូស្ត្រាលីបញ្ជូនកម្លាំង ១៥០០នាក់មកកាន់រដ្ឋធានី Port Moresby និងនាវាចម្បាំងជាច្រើនគ្រឿងទៅការពារនាវាដែលប្រតិភូស្នាក់នៅ ដោយមានវត្តមានយន្តហោះចម្បាំង F-18 ជាច្រើនគ្រឿង និងយន្តហោះឈ្លបយកការណ៍ចាំល្បាតពីលើទីតាំងនៃកិច្ចប្រជុំផងដែរ។
រដ្ឋបាលអាមេរិកវិញក៏ពង្រាយក្រុមកងឆ្មាំសមុទ្រ (US Coast Guard) ទៅធានាសន្តិសុខនៅរដ្ឋធានីនេះក្នុងអំឡុងពេលនៃកិច្ចប្រជុំដូចគ្នា។ ប៉ុន្តែចំនួនកងទ័ពដែលអាមេរិកបញ្ជូនទៅនោះមានប៉ុន្មាននាក់ឡើយ គ្មានការបញ្ជាក់ឲ្យបានដឹងច្បាស់ឡើយ។
៦.អូស្ត្រាលី និងចិនប្រជែងឥទ្ធិពលគ្នានៅប៉ាពូអាស៊ី នូវែលហ្គីណេ
តាំងពីត្រូវបានគេជ្រើសរើសឲ្យរៀបចំកិច្ចប្រជុំនេះនៅឆ្នាំ ២០១៤ ចិន និងអូស្ត្រាលីដែលជាអតីតម្ចាស់អាណានិគម បានដណ្តើមគ្នាចេញមុខផ្តល់ហិរញ្ញវត្ថុជួយគាំទ្រប៉ាពូអាស៊ី នូវែលហ្គីណេ។
ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ និងទីតាំងសំខាន់ៗភាគច្រើនគឺជាលុយកម្ចីនិងជំនួយរបស់ចិនក្រោម«គម្រោងខ្សែក្រវាត់មួយវិថីមួយ»។ ឆ្នាំមុនដែរ ចិនបានផ្តល់រថយន្តយោធា ៦២គ្រឿងមានតម្លៃប្រហែល ៥ លានដុល្លារ ដោយសម្ភារទាំងនេះត្រូវបានប្រើប្រាស់ធានាសន្តិសុខកិច្ចប្រជុំពេលនេះ។
ចំណែកឯ អូស្ត្រាលីឯណោះវិញ ក៏បានផ្តល់ហិរញ្ញវត្ថុ ១៤,៤ លានដុល្លារដើម្បីគាំទ្រការពង្រឹងសន្តិសុខអ៊ីនធឺណិត និងផ្តល់លុយ ៥,៤លានដុល្លារផ្សេងទៀតសម្រាប់ពង្រឹងសសន្តិសុខជាពិសេសប៉ូលិសនិងក្រុមពន្លត់អគ្គីភ័យក្នុងអំឡុងពេលប្រជុំ បន្ថែមលើការពង្រាយកម្លាំងសន្តិសុខ។
ឥទ្ធិពលចិនកើនឡើងឥតឈប់ឈរនៅតាមបណ្តាកោះប៉ាស៊ីហ្វិកមិនត្រឹមតែនៅប៉ាពូអាស៊ី នូវែលហ្គីណេក្នុងពេលចុងក្រោយ តាមរយៈការផ្តល់កម្ចី វិនិយោគ និងជំនួយ។ គ្រាន់តែនៅប៉ាពូអាស៊ី នូវែលហ្គីណេមួយ ឆ្នាំ ២០១៧ លុយវិនិយោគចិនមានទំហំ ២,៤៦ពាន់លានដុល្លារកើនឡើងពី ៨៦០លានដុល្លារក្នុងឆ្នាំ ២០១៦ (របាយការណ៍ China Global Investment Tracker)។ របាយការណ៍វិទ្យាស្ថាន Lowy បង្ហាញថា ជំនួយអភិវឌ្ឍន៍របស់ចិនផ្តល់ឲ្យ ប៉ាពូអាស៊ី នូវែលហ្គីណេ កើនឡើងបីដងធៀបនឹងឆ្នាំ ២០១៦ ដែលមានទំហំត្រឹម ២០,៨៣លានដុល្លារប៉ុណ្ណោះ។
ពេលនេះកោះប៉ាស៊ីហ្វិក ប៉ាពូអាស៊ី នូវែលហ្គីណេ ក្លាយជាទីកន្លែងដែលមហាអំណាចចិន និងអូស្ត្រាលីប្រជែងឥទ្ធិពលគ្នា។ ឥទ្ធិពលចិនសាយភាយក្បែររបងផ្ទះបែបនេះ មិនធ្វើឲ្យមហាអំណាចប៉ាស៊ីហ្វិកគីឡូមធ្យមដូចជាអូស្ត្រាលីនេះស្រួលចិត្តឡើយ។
ឆ្លើយតបនឹងបញ្ហានេះ អូស្ត្រាលីបានព្យាយាមពង្រឹងជំហរនយោបាយការបរទេសរបស់ខ្លួនឡើងវិញដោយហ៊ានប្រើប្រាស់ហិរញ្ញវត្ថុដែរដើម្បីផ្តល់ជម្រើសថ្មីដល់កោះតូចៗដែលងាយនឹងលង់ខ្លួននឹងលុយរបស់ចិន។ ប៉ុន្មានខែមុន ក្រសួងការបរទេសអូស្ត្រាលីប្រកាសបង្កើនជំនួយអភិវឌ្ឍន៍ដល់ទំហំ ៤១២លានដុល្លារដល់ប៉ាពូអាស៊ី នូវែលហ្គីណេសម្រាប់ឆ្នាំ ២០១៩-២០២០។