អន្តរជាតិ
Brexit៖ លោកស្រី ម៉េ​យ៍ ប្រឈម​មុខការ​អស់តំណែង
16, Nov 2018 , 10:19 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ កំពុង​ប្រឈមមុខ​វិបត្តិ​ដ៏​ធំ​មួយ​ក្នុង​រយៈពេល​កាន់តំណែង​។ សេចក្ដីព្រាង​កិច្ចព្រមព្រៀង​លែងលះ​ជាមួយ​សហភាព​អឺរ៉ុប​របស់លោក​ស្រី ទទួលបាន​ការមិន​ពេញចិត្ត​ខ្លាំង​ពី​សមាជិក​រដ្ឋាភិបាលរ​បស់​លោកស្រី និង​ពី​ផ្ទៃក្នុង​បក្ស​អភិរក្ស​កំពុងកាន់​អំណាច​ផង​។ រដ្ឋមន្ត្រី​បួន​នាក់​បាន​សុំលាលែង​ពី​តំណែង ខណៈ​សមាជិកសភា​ខ្លះ​បានដាក់​សំណើ​ដក​លោកស្រី​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​។​

 
​ច្រើនជាង​ពីរ​ឆ្នាំក្រោយ​សម្រេចចិត្ត​ដើរ​ចេញពី​សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស​នៅតែ​មិនទាន់​ច្បាស់​ថា អាច​ចាក​ចេញពី​អង្គការ​តំបន់​មួយ​នេះ​ដោយ​ស្រួល​ដូច​ការគ្រោងទុក​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ ឬ​យ៉ាងណា​ឡើយ​។ លោកស្រី ថេ​រ៉េ​សា ម៉េ​យ៍ ដែល​ក្លាយជា​នាយករដ្ឋមន្ត្រី​ក្រោយ​ប្រជាមតិ​ឆ្នាំ​២០១៦ ក៏​ជួប​បញ្ហា​រាប់សិប​ជំពូក​ក្នុងការ​សម្រេច​ឲ្យ​បាន​លក្ខខណ្ឌ​ចែកផ្លូវ​ជាមួយ​អឺរ៉ុប ទោះជា​សន្យា​នាំ​អង់គ្លេស​ចេញពី​អឺរ៉ុប​តាមផ្លូវ​ដែល​ស្រួល​ក្ដី​។​
 
​មកដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា លោកស្រី ម៉េ​យ៍ ក៏​ជួប​វិបត្តិ​ដ៏​ខ្លាំងក្លា​ក្នុង​អាណត្តិ​នាយករដ្ឋមន្ត្រី​របស់ខ្លួន​។ សមាជិក​រដ្ឋាភិបាល​ជាន់ខ្ពស់​ជាច្រើន​រាប់ទាំង​រដ្ឋមន្ត្រី​ទទួលបន្ទុក​ការចរចា​ចាកចេញ Dominic Raab បានសម្រេច​ចិត្ត​លាលែង​ពី​តំណែង​ជុំវិញ​កិច្ចព្រមព្រៀង​របស់លោក​ស្រី​។ សមាជិកសភា​បក្ស​អភិរក្ស​ក៏​មិន​ពេញចិត្ត​ទៅទៀត ដោយ​ខ្លះ​បានស្នើ​ដកតំណែង​លោកស្រី ម៉េ​យ៍ ទាំងពី​តំណែង​ប្រធាន​បក្ស និង​តំណែង​នាយករដ្ឋមន្ត្រី​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​លើសពីនោះ សមាជិកសភា​អង់គ្លេស​មកពី​គ្រប់​និន្នាការ​ក៏បាន​ព្រមាន​ទុក​មុន​រួចហើយ​ថា គ្មាន​ផ្លូវ​ណា​ដែល​គម្រោង​របស់លោក​ស្រី ម៉េ​យ៍ អាច​ផុត​សភា​ឡើយ​។ នាយករដ្ឋមន្ត្រី​អង់គ្លេស​ហាក់​មិនមាន​ការបារម្ភ​ចំពោះ​ពាក្យ​ព្រមាន​ឡើយ ហើយ​ជឿជាក់ថា សេចក្ដីព្រាង​របស់លោក​ស្រី​នឹង​ឆ្លង​ផុត​មិន​ខាន​។ ទោះ​មាន​ការមិន​ពេញ​លើ​សេចក្ដីព្រាង​ក្ដី លោកស្រី និយាយ​ការពារ​ខ្លួន​ថា គ្រប់​សរសៃ​ក្នុង​ខ្លួន​ដឹងថា ដំណើរ​ចាក​ចេញពី​អឺរ៉ុប​ដែល​បានកំណត់ គឺ​ត្រឹមត្រូវ​។​
 
​តាមពិតទៅ សេចក្ដីព្រាង Brexit របស់លោក​ស្រី ម៉េ​យ៍ រង​ពាក្យរិះគន់​លើ​បញ្ហា​ជាច្រើន​។ បញ្ហា​ព្រំដែន​រវាង​អង់គ្លេស និង​អៀឡង់​ខាងជើង​នៅតែ​មិន​ដាច់ស្រេច​ក្នុង​សេចក្ដីព្រាង​នេះ​។ អ្នក​រិះគន់​ខ្លះទៀត​បារម្ភ​ថា ការ​លែងលះ​នេះ​នឹងមិន​ដាច់ស្រេច​ឡើយ​ព្រោះ​អង់គ្លេស​អាច​បន្ត​ជាប់ជំពាក់​ជាមួយ​សហភាព​ពន្ធគយ​របស់​អឺរ៉ុប ឯ​ខ្លះទៀត​ចោទ​លោកស្រី ម៉េ​យ៍ ថា ធ្វើ​សម្បទាន​ច្រើនពេក​ឲ្យ​អឺរ៉ុប​ដើម្បី​គោលដៅ​ចាកចេញ​នោះ​។ ក្រុម​អ្នកគាំទ្រ​ឲ្យ​អង់គ្លេស​បន្ដ​ស្ថិតនៅក្នុង​អឺរ៉ុប​វិញ ចង់​ឲ្យ​បោះឆ្នោត​ម្ដងទៀត​។ 
 
​សេចក្ដីព្រាង​ចម្រូងចម្រាស់​របស់លោក​ស្រី ម៉េ​យ៍ ដែល​កម្រាស់​៥៨៥​ទំព័រ​នោះ មាន​គោលដៅ​ធានា​ការ​លែងលះ​តាម​សម្រួល​ជាមួយ​អឺរ៉ុប​។ មេដឹកនាំ​អឺរ៉ុប​នឹង​ជជែក​ពី​សេចក្ដីព្រាង​លែងលះ​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ហើយ​ផ្ដល់​ភ្លើង​ខៀវ​ហើយ​នោះ សភា​អង់គ្លេស​នឹង​បោះឆ្នោត​លើ​សេចក្ដី​ដដែល​នេះ​នៅ​ដើមខែ​ធ្នូ​ខាងមុខ ដើម្បី​ធានាថា អង់គ្លេស​នឹង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ផ្លូវការ​តាម​កាលកំណត់​៕

Tag:
 Brexit
  អឺរ៉ុប​
  Theresa May
© រក្សាសិទ្ធិដោយ thmeythmey.com