អន្តរជាតិ
ខុសពី​អាមេរិក​ដែល​បន្ទោស ចិន​ប្រកាស​គាំទ្រ​ចំណាត់ការ​មី​យ៉ាន់​ម៉ា​ក្នុងការ​ដោះស្រាយ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​
17, Nov 2018 , 11:59 am        
រូបភាព
​បន្ទាប់ពី​ក្រុង​វ៉ា​ស៊ី​តោន​ដាក់​សម្ពាធ​មេដឹកនាំ​មី​យ៉ាន់​ម៉ា​ឲ្យ​ដោះស្រាយ​បញ្ហា​វិបត្តិ​ជនភៀសខ្លួន រ៉ូ​ហ៊ីង​យ៉ា នៅ​រដ្ឋ​រ៉ា​ក់​ខាន (Rakhine) និង​ផ្តន្ទាទោស​អ្នកទទួលខុសត្រូវ​រឿង​ធ្វើទុក្ខបុកម្នេញ​ជនជាតិ​ភាគតិច​នេះ ក្រុង​ប៉េកាំង​ស្រាប់​ចេញមុខ​គាំទ្រ​មី​យ៉ាន់​ម៉ា​។ មេដឹកនាំ​ចិន​អះអាងថា​ខ្លួន​គាំទ្រ​រាល់​ចំណាត់ការ​របស់​មី​យ៉ាន់​ម៉ា​ក្នុង​ការធានា​ស្ថិរភាព​ក្នុងស្រុក និង​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​។

 
​នាយករដ្ឋមន្ត្រី​ចិន​លោក លី ខឹ​ឈាំ​ង បាន​ប្រាប់​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុង​សាន ស៊ូ​ជី ក្នុងជំនួប​ទ្វេភាគី​នៅ​សិង្ហ​បុរី​ថ្ងៃ ១៥ ខែវិច្ឆិកា​ថា រដ្ឋាភិបាល​លោក​គាំទ្រ​រាល់​ការប្រឹងប្រែង​របស់​មី​យ៉ាន់​ម៉ា​ក្នុង​ការធានា​ស្ថិរភាព និង​ធានា​ឲ្យ​បាន​នូវ​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ពី​បង់​ក្លា​ដែ​ស​ដែរ​។​
 
​បើតាម​ការបញ្ជា​ក់រប​ស់​ក្រសួងការបរទេស​ចិន​ដកស្រង់​ដោយ​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោក លី បាន​និយាយ​ដូច្នេះ​៖« ភាគី​ចិន​គាំទ្រ​ការខិតខំ​របស់​មី​យ៉ាន់​ម៉ា​ក្នុង​ការធានា​ស្ថិរភាព​ក្នុងស្រុក ហើយ​យើង​ក៏​គាំទ្រ​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស​ក្នុងការ​ដោះស្រាយ​វិបត្តិ​នៅ​រដ្ឋ​រ៉ា​ក់​ខាន​តាម​ការសន្ទនា និង​ប្រឹក្សា​យោបល់​គ្នា​ដែរ​»​។​
 
​ប្រមុខ​រដ្ឋាភិបាល​ចិន​រូបនេះ​បន្តថា ចិន​មាន​ឆន្ទៈ​ពេញលេញ​ក្នុងការ​ផ្តល់​គាំទ្រ​ជា​ចាំបាច់​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​។ ប៉ុន្តែ​លោក​មិនបាន​បកស្រាយ​ឲ្យ​បានច្បាស់លាស់​ថា តើ​ការគាំទ្រ​នោះ​បែបណា​ឡើយ​។​
 
​ឆ្លើយតប​នឹង​ការគាំទ្រ​នេះ លោកស្រី ស៊ូ​ជី ដែល​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព ប៉ុន្តែ​រង​ការ​ថ្កោលទោស​ជា​បន្តបន្ទាប់​ដោយសារ​លោកស្រី​មិន​ចេញមុខ​ឈឺឆ្អាល​ជុំវិញ​ការ​ធ្វើទុក្ខបុកម្នេញ​ជន​ជាតិ​ភាគតិច​ម៉ូ​ស្លី​ម​នេះ បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ចិន​ដែល​បន្ត​គាំទ្រ​មី​យ៉ាន់​ម៉ា​។ លោកស្រី ស៊ូ​ជី សង្កត់ធ្ងន់ថា លោកស្រី​សប្បាយចិត្ត​ដែល​ចិន​យល់ច្បាស់​ពី​ស្ថានភាព​មី​យ៉ាន់​ម៉ា​និង​តែងតែ​ជួយ​ដល់​ការកសាង​សន្តិភាព និង​ដោះស្រាយ​បញ្ហា​នៅ​រដ្ឋ​រ៉ា​ក់​ខាន់​។ 
 
​តាមពិតទៅ ប្រកាស​ជំហរ​គាំទ្រ​មី​យ៉ាន់​ម៉ា​ពី​សំណាក់​តំណាង​ក្រុង​ប៉េកាំង​នេះ​កើតឡើង​បន្ទាប់ពី​តំណាង​ក្រុង​វ៉ាស៊ីនតោន​អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន ជួប​លោកស្រី ស៊ូ​ជី  និង​ប្រាប់​លោកស្រី​ត្រង់ៗ​ថា ហិង្សា និង​ការ​ធ្វើទុក្ខបុកម្នេញ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ពី​សំណាក់​ក្រុម​យោធា​រហូត​បណ្តាល​ឲ្យ​មាន​ជនភៀសខ្លួន​ជាង ៧០​ម៉ឺន​នាក់​ទៅ​បង់​ក្លា​ដែ​ស​នោះ​ជា​រឿង​ដែល​គ្មានអ្វី​ត្រូវ​ដោះសារ​ឡើយ​។​
 
​លោក ផេ​ន និយាយ​ខ្លាំងៗ​បែបនេះ​៖ «​ខ្ញុំ​បារម្ភ​ខ្លាំងណាស់​ដោយបាន​លឺ​ពី​ការវិវត្ត​ដែល​កើតឡើង​ជុំវិញ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​។ នេះ​ជា​សោកនាដកម្ម​ដែល​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​រាប់លាន​នាក់​សោកសង្រេង​។ ហិង្សា​និង​ការធ្វើ​ទុក​បុក​ម្នេញ​លើ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ពី​សំណាក់​យោធា​និង​ក្រុម​ឧក្រិដ្ឋជន​នោះ​គ្មានអ្វី​ត្រូវ​ដោះសារ​ឡើយ​»​។ 
 
​ក្រៅពីនេះ លោក ផេ​ន ក៏​ព្រួយបារម្ភ​ខ្លាំង​ពី​ការគ្រប់គ្រង​បញ្ហា និង​ការដាក់ទោសទណ្ឌ​អ្នក​ដែល​ប្រព្រឹត្ត​ហិង្សា​ដែល​ធ្វើ​ឲ្យ​មនុស្ស​រាប់សែន​នាក់​រង​ការឈឺចាប់ និង​ត្រូវ​បាត់បង់​ជីវិត​នេះ​។ ផែនការ​បញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ពី​បង់​ក្លា​ដែ​ស​ត្រឡប់មក​ស្រុកកំណើត​ក៏​ជា​រឿង​ដែល​លោក ព្រួយបារម្ភ​ដូចគ្នា​៕
 

Tag:
 មី​យ៉ាន់​ម៉ា​
  ចិន​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com