កីឡាជាតិ
ជាតិ
មុន្នី​ឧ​ត្ត​ម​, វិសាល​, សុធា​រ័ត្ន​, គ្រី​យ៉ា​, តុលា​, សំណាង​, សុវណ្ណារ៉ា​ត់ បន្ត​កិច្ចសន្យា​ជាមួយ​ស្វាយរៀង​
17, Nov 2018 , 2:19 pm        
រូបភាព
ដោយ:
​កីឡាករ​ឆ្នើមៗ​ចំនួន​៧​រូប បាន​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង សម្រាប់​ត្រៀម​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​, ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ការប្រកួត​នានា សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៩-២០២០​។ កីឡាករ​៣​រូប​ក្នុងចំណោម​ពួកគេ មាន​សុពលភាព​កិច្ចសន្យា​រហូតដល់​ឆ្នាំ​២០២១​។​

 
​កីឡាករ​៧​រូប​រួមមាន ប្រាក់ មុន្នី​ឧ​ត្ត​ម​, សឿ​យ វិសាល​, នេន សុធា​រ័ត្ន​, នុប តុលា​, សារ៉េត គ្រី​យ៉ា​, ជា សំណាង និង អាំ សុវណ្ណារ៉ា​ត់ បាន​បន្ត​ចុះកិច្ចសន្យា​ថ្មី​លេង​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៩-២០២០​។ ក្នុងចំណោម​ពួកគេ​មាន​កីឡាករ នុប តុលា​, ជា សំណាង និង អាំ សុវណ្ណារ៉ា​ត់ បាន​បន្ត​កិច្ចសន្យា​រហូតដល់​ឆ្នាំ​២០២១​។ ក្រៅពីនេះ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​មិនបាន​បញ្ជាក់​ពី​រយៈពេល​នៃ​កិច្ចសន្យា​នោះទេ​។ 
 
​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ជា​យុវជន​ថ្នាល​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​តាំងពី​ឆ្នាំ​២០០៤ ហើយ​បាន​វិ​វត្ត​ខ្លួន​ក្លាយជា​សមាជិក​ឈុត​ធំ​នៅ​ឆ្នាំ​២០១០​។ នៅ​ឆ្នាំ​២០១៨ រូបគេ​បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប Negeri Sembilan នៃ​ក្របខណ្ឌ​លី​គ​កំពូល​ម៉ាឡេស៊ី​។ ប៉ុន្តែ​ត្រូវបាន​ចែកផ្លូវ​គ្នា ក្រោយ​រួមរស់​បាន​ពាក់កណ្តាល​រដូវ​កាល បន្ទាប់មក​រូបគេ ក៏​ត្រឡប់មក​ចូលរួម​ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​វិញ​នៅ​ពាក់កណ្តាល​រដូវ​នោះ​តែម្តង​។​
 
​ខ្សែការពារ សឿ​យ វិសាល បាន​ចូល​ឡូ​ក​ក្នុង​វិស័យ​កីឡាបាល់ទាត់​ដំបូង​ដោយ​ធ្វើជា​យុវជន​ថ្នាល​របស់​ព្រះខ័ន​រាជ​ស្វាយរៀង​។​បន្ទាប់មក​រូបគេ​បាន​ចុះកិច្ចសន្យា​លេង​ក្លិប​អាស៊ី​អឺរ៉ុប​បាន​មួយ​រដូវ​កាលពី​ឆ្នាំ​២០១៣-២០១៤ ហើយ​បាន​ផ្ទេរ​មក​ក្លិប​ដើម​វិញ​នៅ​ឆ្នាំ​២០១៤ រដូវ​មកដល់​បច្ចុប្បន្ន​។ រូបគេ​បានក្លាយ​សមាជិក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ និង​ជម្រើសជាតិ​នៅ​ឆ្នាំ​២០១៥​។ 
 
​ប្រធាន​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​កីឡាករ ជា សំណាង បាន​វិ​វត្ត​ខ្លួន​ពី​យុវជន​ក្លាយជា​សមាជិក​ក្រុម​ឈុត​ធំ​នៅ​ឆ្នាំ​២០១០​រហូតមក​បច្ចុប្បន្ន​។ កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ បាន​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ U19 នៅ​ឆ្នាំ​២០១១ និង​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​នៅ​ឆ្នាំ​២០១៥​។​
 
​ចំណែក​កីឡាករ នុប តុលា ជា​យុវជន​ឆ្នើម​មួយរូប​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​រូបគេ​ត្រូវ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ជ្រើសរើស​ឲ្យ​ចូលរួម​ជា​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​ពី​ឆ្នាំ​២០១១-២០១២​។ រូបគេ​ត្រូវបាន​ក្លិប​ផ្តល់ឱកាស​ឲ្យ​ចូលរួម​ជាមួយ​ឈុត​ធំ​នៅ​ឆ្នាំ​២០១៣ រហូតមកដល់​បច្ចុប្បន្ន​។ កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ បាន​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ U19 នៅ​ឆ្នាំ​២០១៣​។ ចាប់តាំងពី​ពេលនោះ​មក រូបគេ​ទទួលបាន​ឱកាស​បង្ហាញខ្លួន​ជា​បន្តបន្ទាប់​ក្នុង​ក្រុម​ជម្រើសជាតិ U22, U23 និង​ក្រុម​ជម្រើសជាតិ​។ 
 
​កីឡាករ នេន សុធា​រ័ត្ន ជា​យុវជន​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង និង​បាន​ក្លាយជា​សមាជិក​ឈុត​ធំ​នៅ​ឆ្នាំ​២០១១ រហូតមកដល់​បច្ចុប្បន្ន​។ រូបគេ​បាន​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២១​ឆ្នាំ​នៅ​ឆ្នាំ​២០១២ និង​ទទួលបាន​ឱកាស​ជា​បន្តបន្ទាប់​ក្នុង​ក្រុម​ជម្រើសជាតិ U23 និង​ជម្រើសជាតិ​ឈុត​មកដល់​សព្វថ្ងៃ​។ រីឯ​ខ្សែការពារ សារ៉េត គ្រី​យ៉ា បាន​ចូលរួម​ជាមួយ​ក្លិប​នេះ​នៅ​ឆ្នាំ​២០១៣ បច្ចុប្បន្ន​រូបគេ​ជា​សមាជិក​ក្រុម​ជម្រើសជាតិ​។ ដោយឡែក​អ្នកចាំទី​ដៃ​ទី​២ អាំ សុវណ្ណារ៉ា​ត់ ជា​កីឡាករ​ដែល​វិ​វត្ត​ខ្លួន​ពី​យុវជន​ថ្នាល​ផងដែរ​។ 
 
​ទន្ទឹមនឹង​បន្ត​កិច្ចសន្យា​ដល់​កីឡាករ​ទាំងនេះ កាលពីពេល​កន្លងទៅ​ក្លិប​នេះ បានបញ្ចប់​កិច្ចសន្យា​ជាមួយ​កីឡាករ​ប្រមាណ​១០​រូប​ផងដែរ​។ ក្នុងចំណោម​ពួកគេ មាន​កីឡាករ​មួយចំនួន​វិ​វត្ត​ខ្លួន​យុវជន​ថ្នាល​របស់​ក្លិប​នេះ​ទៀតផង​។ បច្ចុប្បន្ននេះ ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​កំពុង​ត្រូវការ​កីឡាករ​មួយចំនួន ដើម្បី​ត្រៀម​រដូវ​កាល​ឆ្នាំ​២០១៩៕    
 

Tag:
 បាល់ទាត់​
  ព្រះខ័ន​រាជ​ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com