កម្ពុជា រៀបចំ​សប្ដាហ៍​សហគ្រិនភាព​ចែករំលែក​ចំណេះដឹង​ផ្នែក​ធុរកិច្ច​ដល់​យុវជន​
ជាតិ
សេដ្ឋកិច្ច
កម្ពុជា រៀបចំ​សប្ដាហ៍​សហគ្រិនភាព​ចែករំលែក​ចំណេះដឹង​ផ្នែក​ធុរកិច្ច​ដល់​យុវជន​
17, Nov 2018 , 8:19 pm        
រូបភាព
​សៀមរាប​៖ សមាគម​សហគ្រិនភាព​វ័យក្មេង​កម្ពុជា បានរៀបចំ​សប្ដាហ៍​សហគ្រិនភាព​ពិភពលោក​-​កម្ពុជា ឆ្នាំ​២០១៨ ដែល​ប្រធានបទ​នៅ​ឆ្នាំនេះ គឺ «​ស្ដ្រី និង​យុវជន ក្នុង​សហគ្រិនភាព និង​សេដ្ឋកិច្ច​ឌីជីថល​»​។ កម្មវិធី​នេះ មានការ​ចូលរួម​ពី​វាគ្មិន​ដែលជា​សហគ្រិន​វ័យ និង​មានបទពិសោធន៍​ផ្នែក​ធុរកិច្ច ដែល​នឹង​ចែករំលែក​ចំណេះដឹង​ទាំងនោះ ដល់​យុវជន​ដែលមាន​បំណង​បង្កើត​អាជីវកម្ម​នានា​។

 
​ទិវា​សប្ដាហ៍​សហគ្រិនភាព​ពិភព តែង​ធ្វើជា​រៀងរាល់ឆ្នាំ​នៅក្នុង​សប្ដាហ៍​ទី​៣ នៃ​ខែវិច្ឆិកា ហើយ​មាន​ប្រទេស​ជាង ១០០​ផ្សេងទៀត កំពុង​ប្រារព្ធ​ទិវា​នេះ​។ ទិវា​នេះ ធ្វើឡើង​ក្នុង​បំណង​ដើម្បី​លើកទឹកចិត្ត ផ្តល់​ចំណេះដឹង​យុវជន​ជំនាន់​ក្រោយ​ដែលមាន​បំណង​បង្កើត​អាជីវកម្ម និង​អ្នក​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ទាំងឡាយណា ដើម្បីឱ្យ​ពួកគេ​បាន​យល់ដឹង​កាន់តែច្បាស់ ពី​សហគ្រិនភាព និង​មានឱកាស​បាន​ជួប​ជជែក និង​ពិភាក្សា ស្វែងយល់​បន្ថែម​ពី​សហគ្រិន​ជោគជ័យ​នានា​។​


 
​ក្នុង​ពិធី​បើក​ទិវា​សហគ្រិនភាព​ពិភពលោក​-​កម្ពុជា ដែល​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៦ វិច្ឆិកា នា​សណ្ឋាគារ អង្គរ អេ​រ៉ា  លោក គួច ផេង ប្រធាន​ថ្នាក់ជាតិ​សមាគម​សហគ្រិនភាព​វ័យក្មេង​កម្ពុជា បញ្ជាក់ថា កម្ពុជា​មានការ​កើនឡើង​នូវ​ចំនួន​យុវជន និង​ស្ដ្រី នៅក្នុង​វិស័យ​ធុរកិច្ច ពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម ទើប​សមាគម​របស់លោក លើកយក​ប្រធានបទ​ទាក់ទង​នឹង​ស្ដ្រី សម្រាប់​ទិវា​សហគ្រិនភាព​ពិភពលោក​នេះ​។ ប្រធានបទ​សម្រាប់​ជជែក​ក្នុង​ទិវា​នេះ ដូចជា​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ស្ដ្រី និង​យុវជន​ក្នុង​សហគ្រិនភាព អាជីវកម្ម​បែប​ឌីជីថល និង​សេដ្ឋកិច្ច​ឌីជីថល​។​ល​។​


 
​លោកស្រី ប៊ូ អមរា អ្នកវិភាគ​កម្មវិធី​នៃ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) បាន​លើកឡើងថា ទិវា​នេះ​ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​កម្ពុជា ព្រោះថា​កម្ពុ​ជាមាន​លក្ខខណ្ឌ​អំណោយ​មួយចំនួន​។ ចំណុច​ទាំងនោះ​រួមមាន ២​ភាគ​៣ នៃ​ចំនួន​ប្រជាជនមាន​អាយុ​តិចជាង ៣០​ឆ្នាំ ហើយ​៥០​ភាគរយ នៃ​ចំនួន​ប្រជាជន ស្ថិតក្នុង      វ័យ​សកម្ម​សេដ្ឋកិច្ច គឺ​ចន្លោះ​ពី ១៥​ទៅ ៤៩​ឆ្នាំ​។ ដូច្នេះ​ចំនួន​ប្រជាជន​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច និង​ចំនួន​ប្រជាជន​មិន​រកប្រាក់​ចំណូល នេះ​ជា​ឱកាស​កំណើនសេដ្ឋកិច្ច​ដ៏​ខ្ពស់បំផុត​ស្របតាម​អាត្រា​គ្មាន​ការធ្វើ​មាន​ចំនួន​តិចតួច​បំផុត​។ អត្រា​អ្នកគ្មានការងារ​នៅ​កម្ពុជា គឺមាន​ត្រឹម ១​ភាគរយ តែ​នៅក្នុង​វិស័យ​មិន​ផ្លូវការ​។ ដូច្នេះ​វា​នាំឱ្យមាន​កង្វះខាត​ការទទួលបាន​ប្រាក់បៀវត្សរ៍​សមរម្យ និង​សមស្រប​តាម​សន្ដិសុខ​ការងារ ឱកាស និង​ភាព​អំណោយផល ក្នុងការ​រីកចម្រើន​អាជីព​ការងារ​។​
 
​អ្នកវិភាគ​កម្មវិធី UNDP បាន​បន្ថែមថា ផ្នែក​លើ​ទស្សនៈ​នេះ វិស័យ​សហគ្រិនភាព​នេះ អង្គការសហប្រជាជាតិ​ដែលមាន​ស្ថាប័ន​ចំនួន​៥ រួមមាន ILO, UNDP, UNESCO និង UNV បាន​សហការគ្នា​ក្នុង​ភាពជា​ដៃគូ រវាង​រាជ     រដ្ឋាភិបាល​កម្ពុជា នៅក្នុង​ក្របខណ្ឌ​គម្រោង​រួបរួមគ្នា ដើម្បី​មុខរបរ​សមរម្យ​សម្រាប់​យុវជន ដោយ​អនុលោម​ទៅលើ​គោលនយោបាយ យុទ្ធសាស្ដ្រ និង​ផែនការ​សកម្មភាព​រប​ស់​ជាតិ​។​


 
​ថ្លែង​ក្នុង​ពិធី​នេះដែរ លោក ទៀ សីហា អភិបាលរង​ខេត្តសៀមរាប បាន​ប្រាប់​ដល់​យុវជន និង​ស្ដ្រី​ទាំងអស់ ត្រូវ​លើ​កម្ពស់​សមត្ថភាព​រប​ស់​ខ្លួន ហើយ​ទទួលយក​យុទ្ធសាស្ដ្រ​ជំនាញ និង​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​ទាញយក​ផលប្រយោជន៍​ឱ្យបាន​ច្រើន​បំផុត​បទ​បង្ហាញ​របស់​វាគ្មិន​ក្នុង​កម្មវិធី​នេះ​។ លោក​បន្ថែមថា សេដ្ឋកិច្ច​ឌីជីថល និង​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក កំពុង​បើកចំហ ហើយ​ប្រព័ន្ធ​អ៊ីនធឺណិត បាន​បង្កើត​អាជីវកម្ម​ថ្មីៗ​ជាច្រើន​។​
 
​នេះ​ជា​លើក​ទី​៣​ហើយ ដែល​កម្ពុជា​រៀបចំ​ទិវា​សប្ដាហ៍​សហគ្រិនភាព​ពិភពលោក​-​កម្ពុជា​ឡើង ដែល​លើក​នេះ ធ្វើ​នៅ​ខេត្តសៀមរាប និង​មាន​យុវជន និង​សិស្ស​និស្សិត​ប្រមាណ ៦០០​នាក់​ចូលរួម​៕




 

© រក្សាសិទ្ធិដោយ thmeythmey.com