ជាតិ
សេដ្ឋកិច្ច
លោក ស៊ុន ចាន់ថុល ថា​នឹងធ្វើ​ឲ្យ​ប្រព័ន្ធ​ចរាចរ​ទំនិញ​នៅ​កម្ពុជា ធូរ​ថ្លៃ រហ័ស ដូច​ប្រទេស​គេ​ដែរ
17, Nov 2018 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកជំនាញ និង​មន្ត្រី​រដ្ឋាភិបាល យល់​ដូចគ្នា​ថា កម្ពុជា​ត្រូវ​កែលម្អ​ប្រព័ន្ធ​ភស្ដុភារ ដែល​ទាក់ទង​នឹង​ការសម្រួល​ចរាចរ​ផលិតផល ដើម្បី​ជំរុញ​វិសាលភាព​នៃ​ការធ្វើ​ពាណិជ្ជកម្ម​តាម​អន​ឡាញ (E-Commerce) ។ ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក្នុងនាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្ដេជ្ញា​នឹងធ្វើ​ឲ្យ​ប្រព័ន្ធ​ភស្ដុរ​ភា (Logistics) នេះ ដើរ​ទន្ទឹមគ្នា​នឹង​ប្រទេស​ដទៃទៀត​។​


​អ្នកជំនាញ​ពាក់ព័ន្ធ​នឹង​ការ​ពាណិជ្ជកម្ម​តាម​អន​ឡាញ មកពី​ផ្នែក​ឯកជន និង​រដ្ឋ បាន​ជជែក​គ្នា​ក្នុង​វេទិកា​ស្ដីពី​ភ្ជាប់​ទំនាក់ទំនង​កម្ពុជា ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) និង​ក្រុម​ប្រឹក្សាជាតិ​ភស្ដុភារ​កម្ពុជា នៅ​ថ្ងៃទី​១៦​ខែវិច្ឆិកា​។  តំណាង​ក្រុមហ៊ុន Shenzhen 4PX Express ដែល​ស្ថិតក្រោម​ចំណុះ​ក្រុមហ៊ុន Alibaba ក៏​ចូលរួម​ផងដែរ​។​
 
​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភស្ដុភារ​កម្ពុជា លើកឡើងថា រដ្ឋាភិបាល​នឹង​បន្ត​ខិតខំ​រៀបចំ​ប្រព័ន្ធ​ភស្ដុភា​ឲ្យ​បានល្អ ដើម្បី​ឆ្លើយតប​កំណើន​នៃ​ការលក់​ផលិតផល​តាម​អន​ឡាញ ស្របគ្នា​នឹង​ផែនការ​ពង្រឹង​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ។ 
 
«​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏ត្រូវ​ការប្រឹងប្រែង​ធ្វើយ៉ាងណា​ឲ្យ​ប្រព័ន្ធ​ភស្ដុភារ​របស់​កម្ពុជា អាច​ប្រកួតប្រជែង​នឹង​គេ​បាន គឺ​យើង​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព តម្លាភាព ឲ្យ​បាន​លឿន តម្លៃ​សមរម្យ ដែល​អាចជួយ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​»​។ លោក ស៊ុន ចាន់ថុល ថ្លែង​បែបនេះ​ក្នុង​វេទិកា​ស្ដីពី​ភ្ជាប់​កម្ពុជា​។​
 
​អនុប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភស្ដុភារ​កម្ពុជា​រូបនេះ បន្ថែមថា ការលើកកម្ពស់​ប្រព័ន្ធ​ភស្ដុភារ​នៅ​កម្ពុជា មិន​ត្រឹមតែ​ជាប់ទាក់ទង​នឹង​កិច្ចការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តែ​ជាប់​ពាក់ព័ន្ធ​នឹង​គយ កំពង់ផែ ការលើកដាក់​ទំនិញ ជាដើម​។ លោក ស៊ុន ចាន់ថុល បាន​បន្ថែមថា ក្រសួង​សាធារណការ បានរៀបចំ​ប្លង់​មេ​សម្រាប់​ប្រព័ន្ធ​ភស្ដុភារ​នេះ ដែល​នឹង​ជួយ​គាំទ្រ​ដល់​ការធ្វើ E-Trade ។​
 
UNDP បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា ខណៈពេលដែល​នៅមាន​ឧបសគ្គ​ជាច្រើន​ត្រូវ​ជំនះ ដូចជា ការលំបាក​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការធ្វើ​ចរាចរ​ផលិតផល​ឲ្យ​កាន់តែ​លឿន និង​បញ្ហា​សេវា​ភស្ដុភា​រកម្ម ជាដើម វេទិកា​ស្ដីពី​ភ្ជាប់​កម្ពុជា មាន​គោលដៅ​ស្វែងរក​ដំណោះស្រាយ ដើម្បី​ជំនះ​ចំណុច​រាំងស្ទះ​ទាំងនេះ និង​ធ្វើ​ឲ្យ​សេវា​នានា​កាន់តែ​ប្រសិទ្ធភាព​។​
 
​លោកស្រី Pauline Tamesis តំណាង​ប្រចាំ​ប្រទេស​របស់ UNDP អះអាងថា UNDP គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​កសាង​ប្រព័ន្ធ​សេដ្ឋកិច្ច​មួយ ដែល​អាច​ជំរុញ​ដល់​ការធ្វើ​ពាណិជ្ជកម្ម​តាម​អន​ឡាញ តាមរយៈ​ការបង្កើត​គោល​ច្បាប់ ការស្វែងរក​មូលនិធិ កិច្ចការ​បច្ចេកទេស​ផ្សេងៗ និង​ការរៀនសូត្រ​ពី​ប្រទេស​ដទៃ​។​
 
​លោកស្រី​បន្ថែម​ដូចនេះ​ទៀតថា​៖« ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​អាចជួយ​គាំទ្រ​ដល់​សកម្មភាព​ផលិតកម្ម ការបង្កើត​ការងារ​សមរម្យ ជំរុញ​សហគ្រិនភាព ការច្នៃ​ប្រឌិដ្ឋ ព្រមទាំង​លើកទឹកចិត្ត​ឲ្យ SME អភិវឌ្ឍន៍​បន្ថែម​»​។​
 
​គំនិត​ផ្ដួចផ្ដើម​វិថី​មួយ ក្រវាត់​មួយ​របស់​ចិន ក៏​ស្ថិតក្នុង​កិច្ចពិភាក្សា​នា​វេទិកា​ដែល​ជំរុញ​ការចាប់យក​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​នេះដែរ​។ លោក ស៊ុន ចាន់ថុល ឲ្យ​ដឹងថា One Belt One Road ជា​ច្រក​សម្រាប់​សម្រួល និង​ពង្រីក​វិសាលភាព ការធ្វើ​ពាណិជ្ជកម្ម​អន​ឡាញ​។ លោក​ថ្លែងថា​៖«​ឧទាហរណ៍​យើង​ដឹកទំនិញ​តាម​ពី​ចិន មក​កម្ពុជា ឬ​ពី​កម្ពុជា ទៅ​មី​យ៉ាន់​ម៉ា ត្រូវ​ដឹង​តាម​ណា​? ដូចនេះ​គំនិត​ផ្ដួចផ្ដើម​នេះ ជួយ​ការតភ្ជាប់​បាន​ច្រើន ហយ​វា​សំខាន់​ណាស់ សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម ហើយ​កម្ពុជា​ក៏​ចូលរួម​ក្នុង​គម្រោងការ​នេះដែរ​»៕ 

Tag:
 ស៊ុន ចាន់ថុល​
  ឡូ​ជី​ស្ទិ​ក​
  ភស្ដុភារ​
  E-Commerce
© រក្សាសិទ្ធិដោយ thmeythmey.com