ជាតិ
ទេសចរកាន់តែច្រើនទៅទស្សនាប្រាសាទសំបូរព្រៃគុក មគ្គទេសក៍បារម្ភពីបញ្ហាបរិស្ថាន
× គណៈកម្មការអចិន្ត្រៃយ៍ដែលមាន១៩៣ប្រទេសជាសមាជិកនៃអង្គការយូណេស្កូបានអនុម័តបញ្ចូល«តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៧ នៅទីក្រុងក្រាកូវនៃប្រទេសប៉ូឡូញ។ ចាប់ពីព្រឹត្តិការណ៍នោះមក អ្នកទេសចរអន្តរជាតិ និងពលរដ្ឋខ្មែរកាន់តែច្រើនបានទៅទស្សនាប្រាសាទសំបូរព្រៃគុក នៃអាណាចក្រចេនឡាក្នុងសតវត្សរ៍ទី៧។
អ្នកទេសចរបរទេស ពី១៥០ ទៅ២០០នាក់ បានចូលទៅទស្សនាក្រុមប្រាសាទសំបូរព្រៃគុក ជារៀងរាល់ថ្ងៃ។ នេះបើតាមការអះអាងរបស់លោក ចេង ចិន្តា ដែលជាមគ្គទេសក៍ទេសចរណ៍ប្រចាំនៅតំបន់ប្រាសាទសំបូរព្រៃគុក ដោយបញ្ជាក់ផងដែរថា អ្នកទេសចរអន្តរជាតិម្នាក់ ត្រូវទិញសំបុត្រទស្សនាដែលមានតម្លៃ១០ដុល្លារ។ មិនត្រឹមតែបរទេសទេ ពលរដ្ឋខ្មែរកាន់តែច្រើន ជាពិសេសនៅរៀងរាល់ថ្ងៃបុណ្យជាតិ ដែលជាថ្ងៃឈប់សម្រាក ក៏បានទៅទស្សនា ក្រុមប្រសាទនៃរាជធានីឥសានបុរៈនោះដែរ។
ក្នុងនាមជាមគ្គទេសក៍ផង និងជាអ្នកភូមិផ្ទាល់ផង លោក ចិន្តា បានមានប្រសាសន៍ថា លោកពិតជារីករាយចំពោះកំណើនទេសចរ ដែលកំពុងមកស្គាល់តំបន់រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខ្មែរផង និងកំពុងចូលរួមចំណែកអភិវឌ្ឍជីវភាពរបស់អ្នកភូមិផង តាមរយៈការប្រើប្រាស់សេវានានារបស់អ្នកភូមិ។
ប៉ុន្តែមគ្គទេសក៍រូបនេះ មិនសប្បាយគ្រប់ពេលរហូតនោះឡើយ។ ការមកដល់នៃអ្នកទេសចរ ក៏បានធ្វើឲ្យលោកចិន្តាបារម្ភ អំពីផលប៉ះពាល់បរិស្ថាន ដែលបង្កដោយសំរាមគ្រប់ប្រភេទ។ មគ្គទេសក៍រូបនេះមិននិយាយអំពីទេសចរបរទេស ប៉ុន្តែពីអ្នកកទេសចរក្នុងស្រុក។ «ខ្ញុំបារម្ភមែន តែខ្ញុំក៏មិនខឹងនឹងពួកគាត់ដែរ ។ មកពីពួកគាត់មិនបានយល់ថា ដបទឹកប្លាស្ទិកដែលពួកគាត់ចោលនោះ មិនរលាយ និងបង្កផលប៉ះពាល់ដល់បរិស្ថានខ្លាំង»។
លោក ចេង ចិន្តា រំឮកអំពីការចោលសំរាមរបស់អ្នកទេសចរក្នុងស្រុក។ ទោះយ៉ាងណាក៏ដោយ ដើម្បីចូលរួមថែរក្សាបរិស្ថាននៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ពិភពលោកនេះ លោក ចេង ចិន្តា ក៏បានបង្ហាត់បង្រៀនកុមារក្នុងភូមិឲ្យចូលរួមរើសសំរាម និងថែរក្សាបរិស្ថានផងដែរ។
សូមបញ្ជាក់ថា មានមគ្គទេសក៍ទេសចរណ៍ចំនួន១១នាក់ ដែលកំពុងបំពេញការងារជាប្រចាំ នៅតំបន់ប្រាសាទសំបូរព្រៃគុក៕
Tag:
សំបូរព្រៃគុក
សំរាម
ប្រាសាទតោ
© រក្សាសិទ្ធិដោយ thmeythmey.com