ជាតិ
សេដ្ឋកិច្ច
បារាំង​ផ្តល់ប្រាក់​ជិត​១០០​លាន​ដុល្លារ លើ​គម្រោង​អភិវឌ្ឍ​ចំនួន​៣​នៅ​កម្ពុជា​
17, Nov 2018 , 9:39 pm        
រូបភាព
លោក អូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងលោក Rémi GENEVEY ប្រធាននាយកដ្ឋានអឺរ៉ុបខាងកើត មជ្ឈឹមបូព៌ា និងអាស៊ី នៃទីស្នាក់ការកណ្តាល របស់ AFD បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាន ដល់កម្ពុជា
លោក អូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងលោក Rémi GENEVEY ប្រធាននាយកដ្ឋានអឺរ៉ុបខាងកើត មជ្ឈឹមបូព៌ា និងអាស៊ី នៃទីស្នាក់ការកណ្តាល របស់ AFD បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាន ដល់កម្ពុជា
​ភ្នំពេញ​៖ ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) បាន​ព្រមព្រៀង​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សម្រាប់​គម្រោង និង​កម្មវិធី​៣ នៅ​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​៨៤.៦៧​លាន​អឺរ៉ូ (​ប្រមាណ​៩៦.៤​លាន​ដុល្លារ​អាមេរិក​)​។ ការព្រមព្រៀង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី  លោក អូន ព័​ន្ឋ​មុនី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​លោក Rémi GENEVEY ប្រធាន​នាយកដ្ឋាន​អឺរ៉ុប​ខាងកើត ម​ជ្ឈឹ​ម​បូព៌ា និង​អាស៊ី នៃ​ទីស្នាក់ការ​កណ្តាល របស់ AFD បាន​ចុះហត្ថលេខា​រួមគ្នា  កាលពី​ថ្ងៃទី​១៦​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​។

 
​ចំនួន​ប្រមាណ​៩៦.៤​លាន​ដុល្លារ​នេះ ត្រូវបាន​រៀបចំ និង​បែងចែក ទៅតាម​គម្រោង និង​កម្មវិធី​នីមួយៗ នៃ​កិច្ច​ព្រម​ពៀង​ខាងលើ​៖


១.  កម្មវិធី​គ្រប់គ្រង​ធនធានទឹក និង​ការផ្លាស់ប្តូរ​វិស័យ​កសិក​ម្ម​សម្រាប់​កម្ពុជា ដំណាក់កាល​ទី​១ ជា​ឥណទាន​សម្បទាន​ប្រមាណ​៦៣​លាន​ដុ​លា្ល​រ​។ កម្មវិធី​នេះ​មាន​ទិសដៅ​អនុវត្ត​បន្ត ពី​គម្រោង​ដែល​ផ្តល់​ឥណទាន​លើកដំបូង​របស់​AFD ក្នុង​ការបន្ត​ពង្រីក​ការងារ​ស្តារ​ព្រែក និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ រំដោះ​ទឹក​។  គម្រោង​នេះ​នឹង​អនុវត្តន៍ ក្នុង​ខេត្ត​គោលដៅ​ចំនួន​៥ គឺ​ខេត្តកណ្តាល បាត់ដំបង ព្រះវិហារ សៀមរាប និង​កំពង់ធំ ដែលមាន​លទ្ធភាព​អាច​ស្រោចស្រព លើ​ផ្ទៃដី​កសិកម្ម​បាន​ប្រមាណ​ជាង ២០,០០០ ហិកតា ។​
 
​ជាមួយគ្នានេះ សហគមន៍​អឺរ៉ុប​តាមរយៈ​មូលនិធិ​វិនិយោគ​អាស៊ី​-​អឺរ៉ុប (EU/Asian Investment Facility “AIF”) ក៏​នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ប្រមាណ​១៣​លាន​ដុល្លារ សម្រាប់ធ្វើ​សហ​ហិរញ្ញប្បទាន​ដល់​កម្មវិធី​នេះ​ផងដែរ ។ កម្មវិធី​នេះ​នឹង​ជួយ​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​វិស័យ​ធនធានទឹក និង​ឧតុនិយម​ឆ្នាំ ២០១៨-២០២៣​។​
 
២. ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​២៨​លាន​ដុល្លារ ប្រើ​សម្រាប់​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន (​ផ្នែក​វារីវប្បកម្ម​)​។ ថវិកា​នេះ ជា​ហិរញ្ញប្បទាន​ឥត​សំណង របស់​EU ក្នុង​គោលដៅ​គាំទ្រ​កំណើន​ប្រកបដោយ​និរន្តរភាព ភាព​ធន់​ទ្រាំ​នឹង​បម្រែបម្រួល​អាកាសធាតុ និង​បរិ​យា​ប័ន្ន​នៃ​វិស័យ​ជលផល​នៅ​កម្ពុជា​។ គម្រោង​នេះ រួមចំណែក​យ៉ាងសំខាន់​ដល់​ការធានា​សន្តិសុខ​ស្បៀង និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វារីវប្បកម្ម​ជាតិ និង​ក្របខណ្ឌ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​វិស័យ​ជលផល​ឆ្នាំ​២០១០-២០១៩​។ 
 
៣. ថវិកា​ប្រមាណ​៥.៣១​លាន​ដុល្លារ ជា​ហិរញ្ញប្បទាន​ឥត​សំណង​ប្រើ​សម្រាប់​គម្រោង​គ្រប់គ្រង​ទឹកស្អាត និង​អនាម័យ​តាម​ខេត្ត​។ គម្រោង​នេះ គ្រោង​នឹង​ចំណាយ​ថវិកា​សរុប​ចំនួន​ប្រមាណ​១១០.៨​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​ហិរញ្ញប្បទាន​សម្បទាន​សហប្រតិបត្តិ​ការ​ពី​ADB ប្រមាណ​៥០​លាន​ដុល្លារ និង​ឥណទាន​សម្បទាន​ពី​AFD ប្រមាណ​៤៥.៥ លាន​ដុល្លារ​។ 
 
​ដោយឡែក​ថវិកា​ប្រមាណ ៥.៣១​លាន​ដុល្លារ​នេះ ហិរញ្ញប្បទាន​ឥត​សំណង​របស់​មូលនិធិ​ជប៉ុន សម្រាប់​យន្តការ​ផ្តល់​ឥណទាន​រួមគ្នា (JFJCM) ចំនួន​១០​លាន​ដុល្លារ​អាមេរិក​។ គម្រោង​នេះ​នឹងចូលរួម​ចំណែក ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ឆ្នាំ​២០១១-២០២៥ សំដៅ​បង្កើន​ការផ្តល់​សេវាកម្ម​ទឹកស្អាត និង​អនាម័យ ជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ទីប្រជុំជន និង​ក្រុង បាត់ដំបង កំពង់ចាម ព្រះសីហនុ និង​សៀមរាប ។​
 
​ចាប់ពី​ឆ្នាំ ១៩៩៣ រហូតមកដល់​បច្ចុប្បន្ន រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង​តាមរយៈ AFD បានផ្ដល់​ហិរញ្ញប្បទាន​សរុប​ដល់​កម្ពុ​ជា​ប្រមាណ​ជាង​៥៥៤​លាន​អឺរ៉ូ (​ប្រមាណ​៦៣២ លាន​ដុល្លារ​អាមេរិក​)៕
 
 

Tag:
 សេដ្ឋកិច្ច​
  ហិរញ្ញប្បទាន​
  គម្រោង​
  អូន ព័ន្ធមុនីរ័ត្ន​
  AFD
  ADB
  EU
© រក្សាសិទ្ធិដោយ thmeythmey.com