ជាតិ
សាលី​ក ដែល​ចេះ​និយាយ​ជាង​១០​ភាសា បន្ត​ល្បី​ពេញ​អ៊ី​ន​ធ័​រ​ណិ​ត ជាពិសេស​នៅ​ចិន​
17, Nov 2018 , 4:58 pm        
រូបភាព
ដោយ: រួបរួម
​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​, Twitter ឬ Google ដោយ​គ្រាន់តែ​សរសេរ​ពាក្យ «Cambodian Boy» យើង​នឹង​ឃើញ​ព័ត៌មាន​សម្បូរបែប​ទាក់ទង​នឹង​កុមារា ធុច សាលី​ក​។ ក្មេងប្រុស​វ័យ​១៤​ឆ្នាំ​ពី​ខេត្តសៀមរាប​រូបនេះ កំពុង​ល្បីល្បាញ​យ៉ាងខ្លាំង​នៅលើ​អ៊ី​ន​ធ័​រ​ណិ​ត ដោយសារ​សមត្ថភាព​ក្នុង​និយាយ​រហូតដល់​ទៅ​ជាង​១០​ភាសា​។​

 
​ភាពល្បីល្បាញ​របស់​កុមារ សាលី​ក កើតឡើង​បន្ទាប់ពី​ការ​បង្ហោះ​វីដេអូ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ភ្ញៀវទេសចរ​ម៉ាឡេស៊ី​ម្នាក់​។ ក្នុង​វីដេអូ អ្នកទេសចរ​ដែលមាន​គណនី​បណ្តាញ​សង្គម​ឈ្មោះ Venus GWC បាន​សាកល្បង​សមត្ថភាព​ភាសាបរទេស​របស់​កុមារ សាលី​ក ដែល​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​ប្រាសាទតាព្រហ្ម ខេត្តសៀមរាប​។​
 
 
​សាលី​ក ដែល អាច​និយាយ​ភាសា​ចិន Mandarin, Cantonese, អង់គ្លេស ថៃ ជប៉ុន កូរ៉េ បារាំង អេ​ស្ប៉ា​ញ អាល្លឺម៉ង់ ហ្វីលីពីន ម៉ា​ឡេ បាន​យ៉ាង​ល្អ ជាពិសេស​ទាក់ទង​នឹង​ការ​ពពាយនាយ​លក់​វត្ថុ​អនុស្សាវរីយ៍​របស់ខ្លួន​។ 
 
​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​ជាច្រើន ចាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​សមត្ថភាព​ដ៏​ពិសេស​របស់ សាលី​ក ដោយ​អ្នកខ្លះ​សរសេរថា «Thaksin» ។ សារព័ត៌មាន​ទាំងនោះ មានដូចជា South China Morning Post, Chanel NewsAsia, ChinaDaily, Newser, NextShark, MotherShip, InkStone ជាដើម​។​
 
 
​ក្រៅពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង Twitter បណ្តាញ​សង្គម​ដ៏​ល្បីៗ​នៅ​ប្រទេស​ចិន​ក៏​និយាយ​ពី​កុមារ​ដ៏​មាន​ទេពកោសល្យ​របស់​កម្ពុជា​ផងដែរ​។ បើតាម​ការផ្សាយ​របស់ South China Morning Post អត្ថបទ​មួយ​ដែល​បង្ហោះ​នៅលើ​បណ្តាញ Weibo មាន​ការចូល​ទស្សនា​ជិត​១០​លាន​ដង​។ 
 
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ សាលី​ក បាន​អះអាង​ក្នុង​បទ​សម្ភាស​មួយ​ថា គេ​ចាប់អារម្មណ៍​ភាសា​ចិន Mandarin ជាងគេ ហើយ​មាន​ក្តី​សុបិន​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ​ក្នុង​ក្រុង​ប៉េកាំង​។ អ្នកខ្លះ​វាយតម្លៃថា សាលី​ក ពិត​ជាមាន​សមត្ថភាព​រៀន​នៅ​សាកលវិទ្យាល័យ​ប្រកបដោយ​សក្តានុពល​នៅ​ចិន ហើយ​ស្របពេល​ជាមួយគ្នា​នោះ អ្នក​បញ្ចេញមតិ​មួយទៀត​លើកឡើងថា ជាធម្មតា នៅពេលដែល​អ្នក​និយាយ​ចិន​សួរ កុមារ​ច្បាស់​ជា​ថា​ចង់ទៅ​រៀន​នៅ​សាលា​ចិន តែបើ​ជប៉ុន​សម្ភាស គេ​ច្បាស់​ជា​ថា​ចង់ទៅ​រៀន​នៅ​តូ​ក្យូ ឬ​ឆ្លើយថា​ចង់ទៅ​រៀន​នៅ​សេ​អ៊ូ​ល បើ​អ្នកកាសែត​កូរ៉េ សួរ​។​
 
​សារព័ត៌មាន​ជាច្រើន​របស់​ចិន បាន​ផ្សាយ​ឲ្យ​ដឹងថា កុមារា សាលី​ក និង​គ្រួសារ ត្រូវបាន​ទូរទស្សន៍​មួយ​នៅ​ក្រុង​ប៉េកាំង អញ្ជើញ​ទៅ​សម្ភាស និង​ច្រៀង ពីព្រោះ​ក្នុង​ឃ្លី​ប​វីដេអូ​ដែល​ថត​ដោយ​ទេសចរ​ម៉ាឡេស៊ី គេ​ក៏​បានឃើញ​សមត្ថភាព សាលី​ក ច្រៀង​ភាសា​ចិន​ផងដែរ​។​
 
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅ កុមារា ធុច សាលី​ក និង​ប្អូនប្រុស ធុច ទិ​ត្យា អាយុ​១១​ឆ្នាំ ក៏បាន​ទទួល​អំណោយ​ពីស​ម្តេច ប៊ុន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង ឧកញ៉ា ឌួង ឆាយ ផងដែរ​៕
 
 

Tag:
 ធុច សាលី​ក​
© រក្សាសិទ្ធិដោយ thmeythmey.com