ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​ប្រតិបត្តិ​ករ​ទេសចរណ៍​៖ ទេសចរ​ចិន​ក៏​ចាយវាយ​ប្រហាក់ប្រហែល​អឺរ៉ុប​ផងដែរ
18, Nov 2018 , 7:19 pm        
រូបភាព
​សៀមរាប​៖ ទេសចរ​ជនជាតិ​ចិន បាន​ឈរ​នៅ​កំពូល​តារាង​ដែល​ធ្វើដំណើរ​មក​កម្សាន្ត​ខេត្តសៀមរាប​ច្រើនជាងគេ​។ តាម​ប្រាសាទ​នានា គេ​សង្កេតឃើញថា វត្តមាន​ទេសចរ​ជនជាតិ​ចិន មាន​ចំនួន​ច្រើនជាងគេ ហើយ​ពួកគេ​និយម​មកជា​ក្រុមៗ​។ ប្រតិបត្តិ​ករ​ទេសចរណ៍​ផ្នែក​សណ្ឋាគារ និង​ភោជនីយដ្ឋាន​យល់ថា ទេសចរ​ចិន​បានរួម​ចំណែក​ធ្វើឱ្យមាន​កំណើនសេដ្ឋកិច្ច​ជាតិ ហើយ​ការចាយវាយ​របស់​ជន​ជាតិ​អាស៊ី​មួយ​នេះ ក៏​ប្រហាក់ប្រហែល​ទេសចរ​អឺរ៉ុប​ផងដែរ​។ ពួកគេ​យល់ថា ទេសចរ​ជនជាតិ​ណាក៏ដោយ គឺ​សុទ្ធសឹង​មាន​ប្រយោជន៍​ដល់​កម្ពុជា​ជានិច្ច គ្រាន់​តែមាន​ចំនួន​តិច ឬ​ច្រើនតែ​ប៉ុណ្ណោះ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖




 
​នៅ​បណ្តា​ប្រទេស​មួយចំនួន មិន​ថា​កម្ពុជា បានដាក់​គោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ជា​ទ្រង់ទ្រាយ​ធំ​រៀងៗ​ខ្លួន​។ ក្នុង​ចំនួន​ប្រជាជន​ចិន​ប្រមាណ ១៣០០​លាន​នាក់ គឺមាន ៣០០​លាន​នាក់ ដែលមាន​លទ្ធភាព​ចេញ​កម្សាន្ត​ក្រៅប្រទេស​។ នៅក្នុង​ឆ្នាំ ២០១៧​កន្លងទៅ ប្រជាជន​ចិន​ដែល​ធ្វើដំណើរ​កម្សាន្ត​ក្រៅប្រទេស​មាន​ចំនួន ១២០​លាន​នាក់ និង​ចាយ​អស់​ប្រមាណ ២៦០​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងទេសចរណ៍​កម្ពុជា​។​
 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បានឱ្យដឹងថា គេ​ទស្សន៍ទាយ​ថា ជនជាតិ​ចិន​នឹងធ្វើ​ដំណើរ​ទេសចរណ៍​លើ​ពិភពលោក​ប្រហែល​ពី​២០០ ទៅ ២៥០​លាន​នាក់ នឹង​អាច​បង្ហូរ​ការចំណាយរ​បស់​ខ្លួន​ប្រហែល​ដល់​ទៅ ៤៦០​ពាន់​លាន​ដុល្លា ។  ហេតុ​ដូច្នេះហើយ ទើប​ប្រទេស​នៅលើ​ពិភពលោក​ព្យាយាម​ចាប់យក​ឱកាស​ដ៏​ល្អ​នេះ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស តាមរយៈ​វិស័យ​ទេសចរណ៍​។ 
 
​យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តសៀមរាប ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ ២០១៨​នេះ ទេសចរ​ចិន​ប្រមាណ ជាង​៨៣​ម៉ឺន​នាក់ ដែល​មក​កម្សាន្ត​ខេត្តសៀមរាប ចំនួន​នេះ​គឺ​កើនឡើង​ជាង ៤០​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៧​។ តើ​ចំនួន​ទេសចរ​ចិន​មាន​ផល​វិជ្ជមាន ឬ​អវិជ្ជមាន​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​? ចម្លើយ​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍ គឺ​ទេសចរ​ជនជាតិ​ណាក៏ដោយ ក៏​សុទ្ធសឹង​អាច​ទាញ​ប្រយោជន៍​បាន​តិច ឬ​ច្រើន​។ 
 
​លោក សា​ខន ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ សា​រ៉ៃ បានឱ្យដឹងថា កន្លងមក​អ្នករកស៊ី​ផ្នែក​ទេសចរណ៍​មិនបាន​ដាក់​គោលដៅ​ជាក់លាក់​ថា​នឹង​ចាប់យក​ភ្ញៀវ​ជនជាតិ​ណាមួយ​ទេ​។ អ្វីដែល​ជាក់ស្ដែង​ដូច​ភ្ញៀវ​ចិន គឺ​កើតឡើង​ដោយ​ឯកឯង ឬ​អាចមាន​កត្តា​មួយចំនួន​ដូចជា​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ជាដើម​។ ដូច្នេះ​ក្នុងនាម​ជា​អ្នករកស៊ី​ផ្នែក​នេះ គឺមាន​តួនាទី​ត្រឹម​ទទួល​ទេសចរ​ទាំងនោះ​តែប៉ុណ្ណោះ ហើយ​វត្តមាន​ជនជាតិ​ចិន មិន​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើយ គ្រាន់តែ​អាច​ប៉ះពាល់​អារម្មណ៍​តិចតួច​រវាង​ភ្ញៀវ​នឹង​ភ្ញៀវ​តែប៉ុណ្ណោះ​។ នេះ​ជាការ​លើកឡើង​របស់លោក សា​ខន​។​
 
​កន្លងមក​មានការ​លើក​ឡើង​ថា កំណើន​ទេសចរ​អាស៊ី​មិនសូវ​កើន​ដល់​សេដ្ឋកិច្ច​ឡើយ ដ្បិតថា អាស៊ី​មិនសូវ​ចាយ​ច្រើន​ដូច​ទេសចរ​អឺរ៉ុប​។ លោក សា​ខន យល់ថា ពីមុន​លោក​ក៏​ធ្លាប់​គិត​ដូច្នេះ​ដែរ តែ​បរិបទ​នេះ​បាន​ប្រែប្រួល គឺ​ភ្ញៀវ​ទាំងពីរ​នេះ​មាន​របៀប​ចាយ​ខុសគ្នា​។ លោក សា​ខន ពន្យល់​យ៉ាង​ដូច្នេះ​ថា សម្រាប់​អឺរ៉ុប ពួកគេ​ចូលចិត្ត​ចាយ​ដើម្បី​បាន​បទពិសោធន៍​ថ្មីៗ​អំឡុងពេល​កម្សាន្ត ដូចជា​ចាយ​លើ​អាហារ ស្ប៉ា ជាដើម​តែ​ត្បិតត្បៀត​លើ​តម្លៃ​បន្ទប់ ឯ​អាស៊ី​មិនសូវ​ទិញ​បទពិសោធន៍​ថ្មី​ទេ តែ​ពួកគេ​សូវ​ខ្វល់​រឿង​តម្លៃ​បន្ទប់​ស្នាក់នៅ​។​
 
​ចំណែក​លោក ស្រ៊ន ហ៊ា​ត ដែលមាន​អាជីវកម្ម​ផ្នែក​សណ្ឋាគារ​ច្រើន​កន្លែង​ផង​នោះ បាន​លើកឡើងថា អាជីវកម្ម​មួយចំនួន​ក្នុង​ក្រុង​សៀមរាប ពិតជា​បង្វែរ​គោលដៅ​ទៅ​ភ្ញៀវ​ចិន​ពិតប្រាកដ​មែន​។ លោក​ពន្យល់ថា ការរកស៊ី​មិនត្រូវ​ពឹង​លើ​ភ្ញៀវ​ណា​តែមួយ​នោះទេ គឺ​វា​អាស្រ័យទៅលើ​ទីផ្សារ​ជាក់ស្ដែង ដូច​ករណី​ទេសចរ​ចិន​ដែលមាន​ចំនួន​ច្រើន​នាពេល​បច្ចុប្បន្ននេះ គឺ​ចង់​មិន​ចង់ ត្រូវមាន​អ្វី​សម្រាប់​ទទួលភ្ញៀវ​មួយ​នេះ​។​
 
​អគ្គនាយក ស៊ី​ល ដឺ​អង្គរ​ក្រុប លោក ស្រ៊ន ហ៊ាន ដែលមាន​អាជីវកម្ម​ផ្នែក​សណ្ឋាគារ និង​ភោជនីយដ្ឋាន ក៏​យល់ឃើញ​ដូច​លោក សា​ខន ដែរ គឺ​ទេសចរ​ចិន​ក៏​អាច​ចាយ​ច្រើន​ដូច​អឺរ៉ុប​ដែរ ប្រសិនបើ​គេ​ចេះ​រៀបចំ​ត្រូវ​តាម​តម្រូវការ​ពួកគេ​។ 
 
​ទាក់ទង​នឹង​ភ្ញៀវទេសចរ​ចិន​នេះដែរ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ខេត្តសៀមរាប លោក ផាវ ព្រឿ​ន យល់ថា គ្រប់​ទេសចរ​ទាំងអស់​សុទ្ធតែ​ផ្តល់​អត្ថប្រយោជន៍ គ្រាន់តែ​តិច ឬ​ច្រើនតែ​ប៉ុណ្ណោះ តែ​លោក​បដិសេធ​ចំពោះ​ការ​លើកឡើងថា​បាន​មិន​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​។ ទេសចរ​កើន​ឡើងជា​រឿង​ល្អ​។ ពីមុន​ទេសចរ​ចិន​អាច​មិនទាន់​ស្គាល់​កម្ពុជា ដោយសារ​ការផ្សព្វផ្សាយ​នៅមានកម្រិត ឬ​ទើប​មាន​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ក្នុងការ​ជម្រុញឱ្យមាន​ទេសចរ​ទៅវិញទៅមក​។​ល​។ នេះ​ជាការ​យល់ឃើញ​របស់លោក ផាវ ព្រឿ​ន​។​
 
​ឯ​លោក ហ៊ុយ ភៀវ ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​-​ឧត្ដរមានជ័យ​វិញ យល់​គ្នា​ដូចគ្នានេះដែរ​។ លោក​ថា ឆ្មា​ស ឆ្មា​ខ្មៅ សុទ្ធតែ​ឆ្មា សំខាន់​ឱ្យតែ​ចេះ​ចាប់​កណ្ដុរ​បាន​។​
 
​បើទោះបី​របាយការណ៍​ទេសចរណ៍​បានបង្ហាញ​ពី​តួលេខ​ទេសចរ​កើន​ឡើងជា​លំដាប់​មកកាន់​ខេត្តសៀមរាប​យ៉ាងណាក្ដី ប៉ុន្តែ​អ្នករកស៊ី​លើ​វិស័យនេះ​យល់ឃើញថា បរិមាណ​បន្ទប់​ស្នាក់​នៅមាន​ចំនួន​សមល្មម​សម្រាប់​ការទទួល​ទេសចរ​ទាំងនោះ​។ ពួកគេ​យល់ថា សណ្ឋាគារ​មិនគួរ​សង់​បន្ថែមទៀត​ទេ​នៅពេលនេះ ប្រសិនបើ​មិន​ចង់​ជួប​ហានិភ័យ​គ្មាន​ភ្ញៀវ​ស្នាក់នៅ​។ លោក ហ៊ុយ ភៀវ យល់ថា គេ​គួរ​រង់ចាំ​ពេល​សមរម្យ​ណាមួយ ដើម្បី​បង្កើន​បន្ទប់​ស្នាក់នៅ​បន្ថែមទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com